ចិន​មិន​ច្រានចោល​ការប្រើ​កម្លាំង​ទ័ព និង​ព្រមាន​បរទេស​ពាក់ព័ន្ធ​នឹង​មហា​បាតុកម្ម​នៅ​ហុងកុង​

ព្រឹត្តិការណ៍ថ្មីៗ
0
271
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ទីក្រុង​ប៉េកាំង បានបញ្ជាក់​យ៉ាងច្បាស់​ដល់​ហុងកុង ថា ការវិល​ត្រឡប់មក​គោរព​ច្បាប់ និង​សណ្តាប់ធ្នាប់​វិញ គឺជា​អាទិភាព​បំផុត ហើយ​និង​បាន​ស្ងើចសរសើរ​យ៉ាងខ្លាំង ដល់​ក្រុមនគរបាល​ទីក្រុង​មួយ​នេះ ក្នុងការ​បង្ហាញ​ការគាំទ្រ​ពុំ​ធ្លាប់​ដែលមាន​ពីមុនមក​របស់​ពួកគេ ថ្វីត្បិតតែ​មានការ​រិះគន់​ជា​សាធារណៈ​ចំពោះ​ការចោទប្រកាន់ថា​បាន​ប្រើប្រាស់​កម្លាំង​ហួសហេតុ​មកលើ​ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋបាល​ហុងកុង​ក៏ដោយ​។ ​ចិន​បានធ្វើ​ការព្រមាន​ផងដែរ​ថា ពី​គោលជំហរ​មិន​អត់ឱន​ចំពោះ​ការជ្រៀតជ្រែក​ណាមួយ​ពី​បរទេស​។​ ​ការិយាល័យ​ទទួល​កិច្ចការ​នៅ​ហុងកុង និង​ម៉ា​កាវ ក្រោម​ក្រុមប្រឹក្សារដ្ឋ​នៃ​គណៈរដ្ឋមន្ត្រី​ចិន បាន​ប្រើពាក្យ​ធ្ងន់ៗ​ដើម្បី​ឆ្លើយតប​ជា​លើកដំបូង​ចំពោះ​ភាព​រំជើបរំជួល​កើនឡើង​នៅក្នុង​ទីក្រុង​ហុងកុង ចាប់តាំងពី​ខែមិថុនា​រហូតមក ដែល​បង្កឡើង​ដោយសារតែ​ពង្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិនដីគោក​នោះ​។ ​បំណង​របស់​ចិន​ចង់​បញ្ឈប់​ភាព​តានតឹង និង​មើលឃើញ​ទីក្រុង​មួយ​នេះ វិលត្រឡប់​មករក​ប្រក្រតីភាព​វិញ ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​សន្និសីទកាសែទ​ជា​លើកដំបូង​របស់​ចិន​ស្តីពី​ហុងកុង ចាប់តាំងពី​វា​បាន​វិលត្រឡប់​មកកាន់​អធិបតេយ្យភាព​ទឹកដី​ចិន​វិញ កាលពី​ឆ្នាំ​១៩៩៧​។​ ​លោក​យ៉ាង ក្វាង គឺជា​អ្នកនាំពាក្យ​របស់​ការិយាល័យ​ទទួល​កិច្ចការ​នៅ​ហុងកុង និង​ម៉ា​កាវ បានបញ្ជាក់​ឡើងវិញ​ពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​ចិន​មកលើ​ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី ខា​រី ឡា​ម ហើយ​និង​ជំរុញ​ឲ្យ​សាធារណជន​ហុងកុង ប្រឆាំងនឹង​ការប្រើប្រាស់​អំពើហិង្សា​។​ ​ប៉ុន្តែ​ចំណុច​ដ៏​រសើប​បំផុត​នៅក្នុង​សន្និសីទកាសែត​រយៈពេល​៤០​នាទី​នេះ គឺ​ការកោតសរសើរ​របស់​ចិន​ចំពោះ​ក្រុមនគរបាល​ហុងកុង ដែល​ជំនះ​រាល់​ការរិះគន់​ពី​គ្រប់ភាគី​ទាំងអស់ សម្រាប់​ដំណោះស្រាយ​របស់​ពួកគេ​មកលើ​មហា​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋបាល​ហុងកុង​។​ ​លោក​យ៉ាង បាន​និយាយថា យើង​បានដឹង​ពី​សំពាធ​ដ៏​ធំ​ដែល​នគរបាល​ហុងកុង និង​ក្រុមគ្រួសារ​របស់​ពួកគេ កំពុង​ប្រឈម ហើយ​ពួកយើង​មានការ​ដឹងគុណ​ខ្លាំងណាស់​ចំពោះ​ក្រុមនគរបាល​ហុងកុង ដែល​គ្មាន​ការខ្លាច​រអារ​ក្នុងការ​បំពេញ​តួនាទី​របស់​ពួកគេ ប្រឆាំងនឹង​បាតុករ​ទាំងអស់នេះ​។​ ​លោក​យ៉ាង បាន​កត់សំគាល់ថា ហុងកុង​បាន​ឆ្លងកាត់​បាតុកម្ម និង​ការ​ដង្ហែរ​ក្បួន ដែល​មិន​ស្ងប់ស្ងាត់ ហើយ​វា​បានធ្វើ​ឲ្យ​អន្តរាយ​យ៉ាងខ្លាំង​ដល់​បូរណភាព និង​ស្ថិរភាព​របស់​ហុងកុង​។​ ​នៅពេល​សួរ​ដល់​លទ្ធភាព​នៃ​ការប្រើប្រាស់​កងទ័ព​រំដោះ​ប្រជាមានិត​ចិន លោក​យ៉ាង បាន​និយាយថា មូលដ្ឋាន​នៃ​ការដាក់​ពង្រាយ​កងទ័ព គឺមាន​នៅក្នុង​ច្បាប់​ស្រាប់​។​ ​លោក​យ៉ាង បាន​បញ្ចេញ​ប្រតិកម្ម​ផងដែរ​ចំពោះ​ក្រុម​អ្នក​រិះគន់​បរទេស សម្រាប់​អនុសាសន៍​គ្មាន​ទំនួល​ខុសត្រូវ និង​គួរ​ឲ្យ​អស់សំណើច​របស់​ពួកគេ​។ លោក​បានធ្វើ​ការព្រមាន​ថា ចិន​នឹង​អត់ធ្មត់​នោះទេ​ចំពោះ​ការធ្វើអន្តរាគមន៍​បរ​ទេស​ណាមួយ​នោះ​៕​