ក្តីមន្ទិលសង្ស័យ ជុំវិញ​ការបរិភោគ​សាច់ជ្រូក ស្របពេល​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង !

ព្រឹត្តិការណ៍ថ្មីៗ
0
243
​ករណី​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​នៅ​ខេត្ត​ចំនួន​៥ ក្នុងប្រទេស​កម្ពុជា គិត​ចាប់​តាំងពីដើម​ខែមេសា​ម​ក ក្នុងនោះ មាន​ខេត្តរតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ និង​ខេត្តកណ្តាល ដែល​នាំ​ឲ្យ​សត្វ​ជ្រូក​ប្រមាណ ៣​ពាន់​ក្បាល ត្រូវបាន​ងាប់​និង​សម្លាប់ចោល​។​ ​ក្រោយពី​មានការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក តាម​ខេត្ត​ចំនួន​៥ ក្នុងប្រទេស​កម្ពុជា​រួចមក ប្រជាពលរដ្ឋ​ទូទាំងប្រទេស បានបង្ហាញ​ពី​ភាព​ខ្លាចរអា​ក្នុង​ការបរិភោគ​សាច់ជ្រូក បើ​ទោះណាជា​ក្រសួងកសិកម្ម បានប្រកាស​ហើយ​ថា មេរោគ​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ មិន​ឆ្លង​មក​មនុស្ស​ទេ​។ ​ការឈប់ ឬ កាត់បន្ថយ​បរិភោគ​សាច់ជ្រូក បានកើត​មាន​ជាច្រើន​សប្តាហ៍​មកហើយ ជាហេតុ​ធ្វើ​ឲ្យ​ការលក់​សាច់ជ្រូក នៅតាម​ទីផ្សារ​មានការ​ថយចុះ​យ៉ាងខ្លាំង​។ ប្រឈម​ទៅនឹង​បញ្ហា​នេះ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មាន​ទំនុកចិត្ត លើ​សេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្ម ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​បាន​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​គឺ​មិនអាច​ឆ្លង​ទៅកាន់​មនុស្ស​នោះទេ​។​ ​កន្លងមក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ស្នើ​សុំឱ្យ​ក្រសួង​ពាក់ព័ន្ធ ចូលរួម​សហការ​ក្នុងការ​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​នេះ ចូលមកក្នុង​កម្ពុជា​។​ ​ដូច្នេះ​ដើម្បី​បង្ការ​និង​ទប់ស្កាត់ ការឆ្លង​រាលដាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​នៅពេលដែល​មានការ​ផ្ទុះ​ជំងឺ​នេះ នៅ​ប្រទេស​វៀតណាម​នាពេល​ថ្មីៗ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល រាជធានី​-​ខេត្ត ជាពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ត្រូវ​អនុវត្តន៍​នូវ​វិធានការ​ជាក់លាក់ ចំនួន​៧​ដូចខាងក្រោម​៖ ១៖ ត្រូវ​បន្ត​ជំរុញ​ការអនុវត្តន៍​វិធានការ​ចាំបាច់ និង​បន្ទាន់​នានា ដើម្បី​បង្ការ​និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំ​ង ប៉េស្ត​ជ្រក​អាហ្វ្រិក ដោយ​ត្រូវធ្វើ​ការតាមដាន​ស្រាវជ្រាវ យ៉ាង​ហ្មត់ចត់​និង​ជាប្រចាំ លើ​សុខភាព​សត្វ​ជ្រូក នៅ​ទូទាំងប្រទេស និង​ត្រូវ​អនុវត្តន៍​វិធានការ​ជីវ​សុវត្ថិភាព អនាម័យ​នៅ​គ្រប់​ទីកន្លែង​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្ដុំ​ជ្រូក និង​ទីផ្សារ​ជ្រូក​។ ជាមួយនេះ ក៏ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ អនាម័យ​ជ្រូក និង​ផលិតផល​សាច់ជ្រូក ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការយល់ដឹង​អំពី ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ចូលរួម​អនុវត្តន៍​វិធាន​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។​ ២៖ ត្រូវ​ទប់ស្កាត់​ការនាំ​ចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​គ្រប់​ប្រភេទ ដែល​ខុសច្បាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់​ថ្នាក់ ជាពិសេស​សមត្ថកិច្ច​ច្រកចេញចូល​តាម​ព្រំដែន​។​ ៣៖ រាល់​ការ​ចរាចរ​សត្វ​ជ្រូក និង​ផលិតផល​សាច់ជ្រូក ត្រូវមាន​វិញ្ញាបនបត្រ​អនាម័យ ពី​ប្រទេស​នាំចេញ និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សាច់​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ ដោយ​កាត់​សន្និដ្ឋាន លើ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី​ឱ្យបាន​ត្រឹមត្រូវ​។​ ៤៖ បង្កើន​ការអង្កេត​តាមដាន ឃ្លាំមើល​ស្ថានភាព​សុខភាព​សត្វ​ជ្រូក នៅតាម​មូលដ្ឋាន កន្លែង​ចិញ្ចឹម និង​តាម​កសិដ្ឋាន​ជាប្រចាំ ព្រមទាំង​ប្រមូល​សំណាក់ រួច​បញ្ជូនមក​មន្ទីរ​ពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​វិភាគ​រក​មេរោគ ដើម្បី​អនុវត្តន៍​វិធាន​បសុពេទ្យ​ឱ្យបាន​ទាន់ពេលវេលា​។​ ៥៖ សហការ​ឱ្យបាន​ល្អជា​មួយ​ភាគី​ប្រទេស​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង ជំងឺ​ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​ ៦៖ អប់រំ​ណែនាំ​ដល់​ប្រជាជន ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក​គ្រប់​កម្រិត ពី​ការរៀបចំ​ទ្រូង ការថែទាំ ផ្តល់​ទឹក​ចំ​ជា តាមដាន​សុខភាព និង​ការអនុវត្ត​វិធាន​ជីវ​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ តាម​បច្ចេកទេស​។​ ៧៖ បន្ត​ការផ្សព្វផ្សាយ​ដល់​ប្រជាជន និង​អ្នក​ចិញ្ចឹម​ជ្រូក ឱ្យបាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់ និង​ការខូចខាត​ធ្ងន់ធ្ងរ បើ​ផលិតកម្ម​ជ្រូក​ផ្នែក​សេដ្ឋកិច្ច បណ្តាលមកពី ជំងឺប៉េស្ត​ជ្រក​អាហ្វ្រិក​នេះ​។​