អឺរ៉ុប​ជំរុញ​ឲ្យ​រឹតបន្តឹង​ទណ្ឌកម្ម​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ជា​លើក​ទី​៣​ក្នុង​រយៈពេល​១​សប្តាហ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
254
​ពេលនេះ កូរ៉េខាងជើង​កាន់តែ​បានចិត្ត​ខ្លាំង​ឡើង​ហើយ​ក្រោយ​ពួកគេ បាញ់​មី​ស៊ី​ល​២​គ្រាប់​បន្ថែមទៀត​ចូលទៅក្នុង​សមុទ្រ​ខាងកើត ហើយ​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​បន្ត​អនុវត្តន៍​ទណ្ឌកម្ម​ដ៏​តឹងរឹង​បំផុត​លើ​ទីក្រុង​ព្យុងយ៉ាង រហូតដល់​ពួកគេ​បោះបង់ចោល​ម​ហិ​ច្ឆិ​តា​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ​។​ ​ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​បន្ថែមទៀត ដែល​ក្រុមមន្ត្រី​កូរ៉េខាងត្បូង បាន​និយាយថា វា​ទំនងជា​ប្រភេទ​ថ្មី​សន្លាង​នៃ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​។​ ​ការបាញ់​មី​ស៊ី​ល​ដែល​បានកើត​ឡើងជា​លើក​ទី​៣​ក្នុង​រយៈពេល​១​សប្តាហ៍​នេះ ត្រូវបាន​គេ​បាញ់​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត​កូរ៉េខាងជើង កាលពី​ព្រឹក​ថ្ងៃ​សុក្រ ចូលទៅក្នុង​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​។​ ​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នេះដែរ ត្រូវបាន​គេ​មើលឃើញថា​ជា​ប្រតិកម្ម​មួយ​ចំពោះ​សមយុទ្ធ​យោធា​តាម​ការគ្រោងទុក​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។​ ​ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​អត្ថន័យ​ជាមួយនឹង​សហរដ្ឋអាមេរិក​។​ ​ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រទេស​ទាំងនេះ បាន​និយាយថា ទណ្ឌកម្ម​អន្តរជាតិ​ត្រូវការ​ពង្រឹង​ឲ្យ​បាន​ពេញលេញ​រហូតដល់​ទីក្រុង​ព្យុងយ៉ាង បំផ្លាញចោល​នូវ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ​របស់ខ្លួន​។​ ​យោងតាម​ការអះអាង​ពី​នាយអគ្គសេនាធិការ​កង​ទ័ព​ចម្រុះ​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា ការបាញ់​មី​ស៊ី​ល​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៥៩​នាទី យប់​រំលង​អា​ធ្រា​ត្រ និង​ម៉ោង​៣ និង​២៣​នាទី​ព្រឹក​ទាបភ្លឺ ម៉ោង​ក្នុងស្រុក ចេញពី​តំបន់ Yonghung ស្ថិតនៅក្នុង​ខេត្ត South Hamgyong ហោះចូល​ទៅក្នុង​សមុទ្រ​ជប៉ុន​។​ ​ពួកគេ​បាន​អះអាងថា មី​ស៊ី​ល​ទាំងនេះ ហោះ​ទាប​ប្រហែល​កម្ពស់​២៥​គ​.​ម​ប៉ុណ្ណោះ ហើយ​និង​ធ្វើដំណើរ​បាន​២២០​គ​.​ម​។ ក្រុមអ្នកវិភាគ បាន​និយាយថា វា​ទំនងជា​ហោះ​លឿន​ខុសពី​ធម្មតា​។​ ​ខណៈពេល​នោះដែរ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​និយាយថា មាននូវ​លទ្ធភាព​ខ្ពស់​ដែល​វា​អាចជា​ប្រភេទ​ថ្មី​នៃ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​ខ្លី ស្រដៀង​នឹង​មី​ស៊ី​ល​ដែល​បាន​បាញ់​កាលពី​សប្តាហ៍​មុន​៕ ​