លោក​ត្រាំ​ត្រូវតែមាន​ទំនួល​ខុសត្រូវ​លើ​ករណី​បាញ់សម្លាប់​មនុស្ស​២៩​នាក់ និង​រាប់សិប​នាក់​ផ្សេងទៀត​រងរបួស នៅ​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
279
​ករណី​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​២​លើក​នៅ​សហរដ្ឋអាមេរិក កាលពី​ចុង​សប្តាហ៍​កន្លងទៅ បានសម្លាប់​មនុស្ស​២៩​នាក់ ហើយ​ក្រុម​អ្នក​រិះគន់​មួយចំនួន បាន​លើកឡើងថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ ត្រូវតែមាន​ចំណែក​រួម​ទទួលខុសត្រូវ​ខ្លះ ជុំវិញ​ករណី​សោកនាដកម្ម​មួយ​នេះ​។​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​ការ​ស្អប់ខ្ពើម​គ្មាន​កន្លែង​ដាក់​នោះទេ​”​នៅ​សហរដ្ឋអាមេរិក ក្រោយ​ពេលដែល​មនុស្ស​២៩​នាក់ ត្រូវបាន​សម្លាប់​ក្នុងករណី​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​២​លើក​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​ ​ការបាញ់ប្រហារ​នេះ បាន​កើតឡើង​នៅក្នុង​ហាង Walmart ស្ថិតនៅក្នុង​ទីក្រុង​អែល ប៉ា​សូ រដ្ឋ​តិច​ហ្សា​ស់ បណ្តាល​ឲ្យ​មនុស្ស​២០​នាក់​បាត់​បង់ជីវិត ខណៈដែល​មនុស្ស​៩​នាក់​ផ្សេងទៀត បាន​ស្លាប់​អំឡុង​ការបាញ់ប្រហារ​នៅ​ទីក្រុង​ដេ​តុ​ន រដ្ឋ​អូ​ហា​យ៉ូ​។​ ​លោក​ត្រាំ បាន​និយាយថា ប្រហែលជា​ត្រូវការ​ធ្វើ​អ្វី​បន្ថែមទៀត ដើម្បី​បញ្ឈប់​ការបាញ់ប្រហារ​បែបនេះ​។​ ​ក្រុម​អ្នក​រិះគន់ បាន​និយាយថា គាត់​មាន​ចំណែក​មួយ​នៅក្នុង​រឿង​មួយ​នេះ ដោយ​ពួកគេ​បានលើកឡើង​ពី​គោលនយោបាយ​ប្រឆាំង​អន្តោប្រវេសន៍​របស់លោក និង​ការជំទាស់​ទៅនឹង​ការគ្រប់គ្រង​អាវុធ​។​ ​គួរ​ឲ្យ​ដឹងថា បុរស​ស្បែក​សវ័យ​២១​ឆ្នាំ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ករណី​បាញ់ប្រហារ​នៅ​រដ្ឋ​តិច​ហ្សា​ស់ កាលពី​ថ្ងៃ​សៅរ៍ ត្រូវបាន​គេ​ជឿថា បាន​បង្ហោះ​ឯកសារ​តាម​អន​ឡាញ អំពាវនាវ​ឲ្យ​មានការ​វាយប្រហារ​បែបនេះ ដើម្បី​ឆ្លើយតប​នឹង​ការឈ្លានពាន​របស់​អេ​ស្ប៉ា​ញ​មកលើ​រដ្ឋ​មួយ​នេះ​។​ ​ដោយឡែក មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មាន់កាំភ្លើង​នៅ​រដ្ឋ​អូ​ហា​យ៉ូ ដែល​បាន​បា​ញ៉​សម្លាប់​ប្អូនស្រី​របស់ខ្លួន និង​មនុស្ស​៨​នាក់​ផ្សេងទៀត កាលពី​ថ្ងៃអាទិត្យ មុនពេល​ត្រូវបាន​បាញ់សម្លាប់​ដោយ​ក្រុមនគរបាល មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះទេ​។​ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោក​ត្រាំ បាន​និយាយថា ករណី​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ ត្រូវតែ​បញ្ឈប់​។​ ​លោក​និយាយថា ករណីបែបនេះ​បាន​កើតមានឡើង​ច្រើន​ឆ្នាំ​មកហើយ គឺ​ច្រើន​ឆ្នាំ​ហើយ ច្រើន​ឆ្នាំ​ទៀត​នៅក្នុង​ប្រទេស​របស់​ពួកយើង ហេតុ​ដូច្នេះហើយ យើង​ត្រូវតែ​បញ្ឈប់​វា​ឲ្យ​បាន​។​ ​លោក​បាន​និយាយថា ករណី​បាញ់ប្រហារ​នេះ គឺ​កើតឡើង​ដោយសារតែ​បញ្ហា​ផ្លូវចិត្ត ខ្មាន់កាំភ្លើង​ទាំងអស់នេះ បាន​កើតរោគ​ចិត្ត​ក្នុង​កម្រិត​ដ៏​ធ្ងន់ធ្ងរ​បំផុត​។​ ​នៅ​រដ្ឋ​តិច​ហ្សា​ស់ មនុស្ស​២៦​នាក់ បាន​រងរបួស ហើយ​មនុស្ស​២៧​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​រដ្ឋ​អូ​ហា​យ៉ូ ជា​កន្លែង​ដែល​ខ្មាន់កាំភ្លើង ត្រូវបាន​បាញ់សម្លាប់​ដោយ​នគរបាល​ដែល​កំពុង​ល្បាត​នៅ​តំបន់​នោះ នៅ​ប្រហែល​៣០​វិនាទី​ក្រោយមក ៕​