បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយលួចចងចាំព័ត៌មាន credit card របស់អតិថិជនចំនួន ១,៣០០​នាក់

សង្គមប្លែកៗ
0
309
ជប៉ុន៖ លោក Yusuke Taniguchi ដែលមានអាយុ ៣៤​ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ពីបទលួចព័ត៌មានកាតឥណទាន (credit card) របស់អតិថិជនចំនួ​ន១,៣០០នាក់ ហើយបានយកទៅធ្វើការទិញទំនិញតាមអ៊ិនធឺណេត។​ យោងទៅតាមភ្នាក់ងារប៉ូលីសនៅទីក្រុងតូក្យូបានឲ្យដឹងថា លោក Taniguchi បានធ្វើការជាបុគ្គលិកគិតលុយក្រៅម៉ោងនៅផ្សារទំនើបមួយនៅតំបន់ Koto។ នៅពេលដែលអតិថិជនធ្វើការបង់ប្រាក់ដោយប្រើប្រាស់កាតឥណទាន លោក Taniguchi បានប្រើប្រាស់ការចងចាំរបស់គាត់ ដើម្បីទន្ទេញ លេខទាំង ១៦ខ្ទង់ ឈ្មោះ ថ្ងៃខែផុតកំណត់នៃកាត​ និងលេខកូតសម្ងាត់​របស់ពួកគេ រួចហើយបានកត់ព័ត៌មានទាំងនោះទុក។ លោកបានបន្ថែមទៀតថា លោកបានប្រើប្រាស់កាតទាំងនោះទៅទិញទំនិញតាមអ៊ិនធឺណេត រួចហើយយកមកលក់នៅតាមហាងបញ្ចាំ ដើម្បីយកប្រាក់មកប្រើប្រាស់សម្រាប់ការចំណាយប្រចាំថ្ងៃ។
លោក​ Yusuke-Taniguchi
លោកបានប្រើប្រាស់កាត ដើម្បីទិញកាបូបយួរដៃចំនួនពីរដែលមាន​ តម្លៃ ២,៥០០ដុល្លារ ហើយបានដាក់អាសយដ្ឋានផ្ទាល់ខ្លួន ជាហេតុដែលនាំឲ្យប៉ូលិសអាចស្វែងរក និងធ្វើការឃាត់ខ្លួនភ្លាមៗ រួមជាមួយភស្តុតាងផ្សេងៗ ដូចជាកូនសៀវភៅនៅក្នុងបន្ទប់លោក​ ដែលមានកត់ព័ត៌មានកាតឥណទានរបស់អតិថិជនចំនួន ១,៣០០នាក់៕