ក្រសួងមហាផ្ទៃបានសម្រេចជាផ្លូវការសម្រាប់ការប្រើប្រាស់និមិត្តសញ្ញាខេត្តកណ្តាល

ព្រឹត្តិការណ៍ថ្មីៗ
0
358
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលបានចេញនៅព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសស្តីពី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកណ្តាល ជាផ្លូវការ។ សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា  និមិត្តសញ្ញាខេត្តកណ្តាល មានរាង និងរូបភាពដូចខាងក្រោម៖
  • មានរាងមូល
  • រង្វង់មូលមានពណ៌មាសព័ន្ធជុំវិញ៖ តំណាងឱ្យទឹកដី នៃខេត្តកណ្តាល ដែលហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ
  • មហាចេតិយចំនួន៣៖ តំណាងឱ្យជាតិ សាសនា ព្រះមហាក្សត្រ និងតំណាងឱ្យអំណាចទាំង៣ របស់រដ្ឋ គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ
  • ព្រះសក្យមុនីចេតិយ៖ តំណាងឱ្យទីតម្កល់នូវព្រះសារីរិកធាតុ ជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ចំពោះព្រះពុទ្ធសាសនា
  • កំពូលចេតិយ៖ តំណាងឱ្យអរិយធម៌ និងភាពខ្ពង់ខ្ពស់ នៃប្រជាជាតិកម្ពុជា តាំងពីបុរាណសម័យ
  • ក្បូរក្បាច់រចនា៖ តំណាងឱ្យភាពស៊ីវិល័យ ភាពរីកចម្រើន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែក្លាយទឹកដីជនបទទៅជាទីក្រុង
  • ឆ័ត្ររួត៧ជាន់៖ តំណាងឱ្យថ្ងៃទាំង៧ នៃសប្តាហ៍ និងថ្ងៃជ័យជំនៈ ៧ មករា
  • ភ្នំព្រះរាជទ្រព្យ៖ តំណាងឱ្យមណ្ឌលដែនដី និងការគ្រប់គ្រងទឹកដី នៃខេត្តកណ្តាល
  • ដើមឈើពណ៌បៃតង៖ តំណាងឱ្យបរិស្ថានល្អ សំបូរទៅដោយធនធានធម្មជាតិ រុក្ខជាតិគ្រប់ប្រភេទ និងភាពរីកចម្រើននៃវិស័យកសិកម្ម
  • ពពក៖ តំណាងឱ្យភាពត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូល នៃសុខសន្តិភាពក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕