ស្ថានភាព​នៅ​ហុង កុង កំពុង​ឈានទៅរក​គ្រោះថ្នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
271
​ បញ្ហា បាតុកម្ម​នៅ​ហុងកុង អូសបន្លាយ​ជាង​ជិត​កន្លះ​ឆ្នាំ​ហើយ ដោយ​មិនមាន​ទីបញ្ចប់​នោះឡើយ ហើយ​បាតុកម្ម​វិវឌ្ឍន៍​ទៅជា​អំពើហិង្សា ក្រោយពេល​មាន​និស្សិត​ម្នាក់​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ ។​ ​មេដឹកនាំ​កោះ​ហុងកុង លោកស្រី Carrie Lam បាន​កោះប្រជុំ​ជាបន្ទាន់​ជាមួយ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដើម្បី​ឡើង​ផែនការ​ទប់ស្កាត់​បាតុក​ម្ម​។ ពេល​ថ្មីៗ​នេះ​លោកស្រី លឹម ក៏បាន​ព្រមាន​ថា នឹង​ឈប់​បន្ធូ​បន្ថយ​ដល់​ក្រុមបាតុករ​បង្ក​អំពើហិង្សា ធ្វើ​ឲ្យ​មាន​អសន្តិសុខ ក្នុងសង្គម ជាប់គាំង​សេដ្ឋកិច្ចជាតិ​។​ ​នេះ​ជា​រឿង​ដ៏​កម្រ​ដែល​ប៉ូលីស​ហុងកុង​បាញ់​ដោយ​ប្រើ​គ្រាប់​កាំំ​ភ្លើង​ពិត​ទៅលើ​បាតុករ គិត​ចាប់តាំងពី​បាតុកម្ម​ប្រឆាំង​រដ្ឋបាល​ហុងកុង ប្រមាណ​៥​ខែ​មកនេះ​។ សកម្មភាព​នៃ​ការបាញ់ប្រហារ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១​វិច្ឆិកា ត្រូវគេ​ថត​បាន និង​បង្ហោះ​ផ្សាយ​ពេញ​បណ្តាញ​ប្រព័ន្ធ​ទាក់ទង​សង្គម​។ ក្នុង​រូប​វីដេអូ​នោះ គេ​ឃើញ​ប៉ូលិស​មួយ​កំពុងតែ​ចាប់​ក្របួច​ក​បុរស​ម្នាក់ ភ្លាមនោះ យុវជន​ម្នាក់ទៀត ពាក់​ម៉ាស់​បិតមុខ និង​ស្លៀកពាក់​ខ្មៅ ដើរ​ចូលមក ទំនងជា​សំដៅ​ចង់​ប្រុង​ជួយ​គ្នា​របស់គេ​។ ក៏ប៉ុន្តែ រំពេច​នោះ រូបគេ​ក៏ត្រូវ​ប៉ូលិស​បាញ់​ផូង ដួល​ភ្លាម ដោយ​គ្រាប់​កាំភ្លើងខ្លី​។ បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ គឺ​គេ​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ ចំនួន​បី​គ្រាប់​។ ក្រោយពេល​កើតហេតុ បុរស​ដែល​ដេក​ដួល​លើដី​ក្នុង​ថ្លុកឈាម ត្រូវ​សមត្ថកិច្ច​ដឹក​យកទៅ​សង្គ្រោះ​នឹង​មន្ទីរពេទ្យ​។ នៅ​ខណៈ​នេះ គេ​ពុំទាន់​ដឹង​នៅឡើយ ពី​អាការរោគ ថា​ធ្ងន់​ឬ​ស្រាល​យ៉ាងណាទេ តែ​អាជ្ញាធរ​ហុងកុង​គ្រាន់តែ​បង្ហើប​ប្រាប់​កាសែត​បារាំង​AFP ថា បុរស​បាតុករ​ដែល​គ្រាប់កាំភ្លើង​នោះ មាន​វ័យ​២១​ឆ្នាំ​។​ ​គួរ​បញ្ជាក់ដែរថា ទីក្រុង​ហុងកុង កំពុងតែ​ជួបនឹង​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ បន្ទាប់ពី​មានការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​អស់​រយ​:​ពេល​ច្រើន​ខែ​កន្លងមក ។ បាតុកម្ម​បានចាប់ផ្តើម​ដោយសារ​ការអនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ហើយ​វា​បាន​រាលដាល​ដល់​រឿង​រ៉ាង​ដែល​ធំ​និង​ធ្ងន់​ជាង​នេះ ។​ ​