សម្តេច​តេ​ជោ ៖ កម្ពុជា​ដាច់ខាត​មិន​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​របស់​បរទេស​ណា​ឡើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
332
​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បើទោះបីជា​សហភាព​អឺរ៉ុប ដក EBA ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា នៅតែមាន​លទ្ធភាព​បើក​បៀវត្ស​ជូន​មន្ត្រីរាជការ​ដែរ​។ សម្តេច បន្ថែមថា បៀវត្ស សម្រាប់​បើក​ជូន​មន្ត្រីរាជការ គឺ​បានមកពី​ការ​សន្សំ​ពី​ប្រភព​ចំណូល​ផ្សេងៗ មិនមែន​បានមកពី EBA នោះទេ​។ សម្តេច ក៏បាន​រម្លឹក​ផងដែរ អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បច្ចុប្បន្ន អាច​បើក​បៀវត្ស​ជូន​មន្ត្រីរាជការ​ពីរដង​ក្នុង​មួយខែ​។​ សម្តេចថ្លែងបែបនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​សរុប​ប្រមាណ​២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ចន្ទ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។ ​សម្តេច​តេ​ជោ​បាន​បន្តទៀតថា ៖ «​អ្នកខ្លះ​គេ​ថា ឱ ! តិច​ទៀត​លៀន​អណ្តាត​ហើយ ឱ្យតែ​គេ​កាត់ EBA ស្អី​លាន​អណ្តាត ព្រោះនេះ​អត់​មាន​យក​ពី EBA មក​ទេ អត់​មាន​យក​ពី​អា​នាំចេញ​នាំចូល​សំលៀកបំពាក់​ស្អីហ្នឹង​ទេ ចំណូល​ពន្ធគយ​របស់​យើង បានមកពី​ការនាំ​ចូល​»​។​ ​សម្តេច​បាន​បន្តថា ក្នុងចំណោម​ចំណូល​ពី​ការ​នាំចូល​ទាំងនោះ កន្លងទៅ​មាន​ជាង​៣០​ភាគរយ បានមកពី​រថយន្ត និង​ម៉ូតូ ជាង​៣០​ភាគរយ​បានមកពី​ប្រេងឥន្ធនៈ និង​៣០​ភាគរយ​បានមកពី​ទំនិញ​ចម្រុះ ប៉ុន្តែ​ឆ្នាំនេះ​ចំឡែក​បំផុត ដែល​ចំណូល​៥២​ភាគរយ​បាន​ពី​ការ​នាំចូល​ឡាន និង​ម៉ូតូ ដែល​នេះ​បង្ហាញថា​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែមាន​ជីវភាព​ល្អប្រសើរ អាច​ទិញ​រថយន្ត និង​ម៉ូតូ​បាន​។​ ​យ៉ាងណាមិញ​ប្រមុខ​ដឹកនាំ​កម្ពុជា នៅតែ​រក្សា​គោលការណ៍​ដដែល គឺ​មិន​យក​សហគមន៍​អន្តរជាតិ ធ្វើជា​សត្រូវ​នោះទេ​។ ទន្ទឹមនេះ មេដឹកនាំ​កម្ពុជា ក៏​ប្រកាស​ពី​ឯករាជ្យ​របស់​ខ្លួនឯង​ដែរ​ថា មិនត្រូវ​ឲ្យ​កម្ពុជា​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​របស់​បរទេស​ណា​ឡើយ​៕