ព្រះរាជ​បណ្ដាំ​ចុងក្រោយ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុ​ប្ជា​ទេវី សុំ​អង្វរ​ក្មួយៗ ចៅៗ​ទាំងអស់​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​របស់​យើង​

ព្រឹត្តិការណ៍ថ្មីៗ
0
273
​កាលពី​ម្សិលមិញ​នេះ ព្រះ​សព​សម្តេចព្រះ​រាជបុត្រី​ព្រះរៀម បុប្ផា​ទេវី បាន​ដង្ហែ​មកដល់​វត្ត​បុ​ទុម​វ​តី វេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ក្នុង​ព្រះ​រាជពិធី​ចាំ​ទទួល​ព្រះ​សព​នេះ​មាន​វត្ត​មាននៃ​ការយាង​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល​។​ ​ក្នុង​ព្រះ​រាជពិធី​ចាំ​ទទួល​ព្រះ​សព​នេះ​ក៏មាន​វត្ត​មាននៃ​ការយាង និង​អញ្ជើញ​ចូលរួម​ពី​សំណាក់ សម្ដេច រាជវង្សានុវង្ស សមាជិក សមាជិកា ស្ថាប័នរដ្ឋ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត​ផងដែរ​។​ ​កាលពី​សម្តេចព្រះរៀម​នៅមាន​ព្រះ​ជន្មា ព្រះអង្គ​ធ្លាប់មាន​បណ្ដាំ​ឲ្យ​បងប្អូន​កូនក្មួយ ពិសេស​យុវជន​ត្រូវជា​ចៅ ចៅទួត ចៅលួត​ជួយ​ថែរក្សា​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​ឲ្យ​គង់វង្ស​ផង​។​​នៅក្នុង​វីដេអូ​រយៈពេល​ជាង ៩​នាទី សម្ដេចព្រះ​រាជបុត្រី បាន​មាន​ព្រះ​សុ​វ​ណ្ណី​ឲ្យ​ដឹងថា ទាំង​ព្រះ​ម្ចាស់​ក្ស​ត្រី និង​ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ​ផ្សេងទៀត ដែល​ទម្រាំ​អាច​ចេះ​ចាំ​សិល្បៈ​វប្បធម៌ និង​របាំ​បុរាណ​ខ្មែរ​បាន ហើយ​យកមក​បង្ហាត់បង្រៀន​ប​ន្ត​ដល់​បងប្អូន​កូនក្មួយ ចៅៗ​ជាច្រើន​ជំនាន់​មកនេះ គឺមាន​ការលំបាក​ណាស់ ព្រោះ​កាលណោះ ប្រទេសជាតិ​ស្ថិតក្រោម​អាណានិគមនិយម​បារាំង ដែល​អ្វីៗ​នៅ​ខ្វះខាត​សព្វគ្រប់​នៅឡើយ​។​ ​ប៉ុន្តែ​បាន​ព្រះ​គុណ​ព្រះ​មាតា គឺ​ព្រះមហា​ក្សត្រិយានី កុសុមៈ នារីរ័ត្ន ដែល​ព្រះអង្គ​បាន​ចំណាយ​អស់កម្លាំង​កាយពល រួមទាំង​ធនធាន​ផ្ទាល់​របស់​ព្រះអង្គ ដើម្បី​បណ្ដុះបណ្ដាល​ដល់​ព្រះរាជ​បុត្រី​ផ្ទាល់​រួមទាំង​លោកគ្រូ អ្នកគ្រូ​ផ្សេងទៀត​ឲ្យ​ចេះ​ចាំបាន​។ ប៉ុន្តែ​វ័យ​ចេះតែ​វិ​វត្ត លោកគ្រូ​អ្នកគ្រូ​ទាំងអស់ រួមទាំង​ព្រះរាជ​បុត្រី​ផង កាន់តែ​ជរា​ណាស់​ហើយ​។ ដូច្នេះហើយ អ្វី​ដែលជា​ព្រះរាជ​កង្វល់​របស់​ព្រះអង្គ គឺ​ខ្លាច​អត់​ពី​លោកគ្រូ​អ្នកគ្រូ​ផ្នែក​សិល្បៈ​បុរាណ​នេះ​ទៅ បងប្អូន​កូនក្មួយ ចៅៗ មិនមាន​អ្នក​បន្តវេន​។​ “​ពួក​ខ្ញុំ​អាយុ​ច្រើន​ហើយ អីចឹង​ហើយ​មានតែ​ក្មួយ ចៅ​ទាំងអស់នេះ​...​អីចឹង​ខ្ញុំ​សំណូមពរ សុំ​អង្វរ​ក្មួយៗ ចៅៗ​ទាំងអស់​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​របស់​យើង ក្នុងនោះ​មិន​ត្រឹម​ក្មួយៗ ចៅៗ​ជា​សិល្បករ គឺ​អ្នក​មិន​នៅក្នុង​ផ្នែក​នេះ​ក៏ដោយ សូមជួយ សូម​ពួតដៃគ្នា​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​យើង​ឲ្យ​គង់វង្ស កុំអោយ​មាន​អ្នកណា ទៅ​អ្វី​ផ្ដេសផ្ដាស​បាន​"​។​ ​ដើម្បី​ជាការ​រម្លឹក ដល់​គុណបំណាច់​របស់​សម្តេច​រាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែលមាន​ចំពោះ​ជាតិ ជាពិសេស​ផ្នែក​សិល្បៈ វប្បធម៌ អរិយធម៌ និង​ជាការ​គោរព​ដល់​រាជវង្សានុវង្ស សម្តេចនាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ក៏បាន​ប្រកាស​យក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ ចំពោះ​ការយាង​សោយ​ទិ​វ​ង្គ​ត់ របស់​សម្តេច​រាជបុត្រី​ព្រះរៀម​។ ​ជាមួយគ្នានេះ លោក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​បង្គាប់​ទៅគ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន ឲ្យ​ទម្លាក់​ទង់ជាតិ ចុះ​ពាក់កណ្តាល​ដង ដើម្បី​បង្ហាញ​ពី​ការ​កាន់ទុក្ខ​នេះ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ប្រទេស​កម្ពុជា ទាំងមូល បាន​ចាត់ទុកថា ការបាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម ថា​ជាការ​បាត់បង់​ដ៏​ធំធេង សម្រាប់​កម្ពុជា សម្រាប់​វិស័យ សិល្បៈ វប្បធម៌​ខ្មែរ ពិសេស​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​។ សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​បូជា ក្នុង​មួយជីវិត​របស់​ព្រះអង្គ តាំងពី​វ័យ​កុមារភាព ដើម្បី​រក្សា​ការពារ និង រំលេច​អោយ​កាន់តែ​ធ្លោ​ឡើង ទាំង​ក្នុង​ឆាក​ជាតិ និង អន្តរជាតិ នូវ​លម្អ ដែល​គ្មានអ្វី​ផ្ទឹម នូវ​ភាព​ប្រណិត​ឥតខ្ចោះ នៃ​បញ្ញាញាណ និង ទេពកោសល្យ របស់​ដូនតា​ខ្មែរ ដែល​សម្តែងឡើង តាមរយៈ របាំ​ព្រះរាជ​ទ្រព្យ ឫ របាំ​ក្បាច់បុរាណ​ខ្មែរ​។ ​សូម​ជម្រាបជូន​ថា សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បានប្រសូត នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​១៩៤៣ នា​រាជធានី​ភ្នំពេញ​។ ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ​។ ​ពី​កុមារភាព សម្ដេច​រាជបុត្រី​ព្រះរៀម ន​រោ​ត្ដម បុប្ផា​ទេវី ទ្រង់​បាន​ចូល​សិក្សា​នៅ សាលាបឋមសិក្សា ព្រះ​ន​រោ​ត្ដម រាជធានី​ភ្នំពេញ បន្ទាប់មក ពី​ឆ្នាំ ១៩៦៥-១៩៧០ ទ្រង់​ជា​សាស្ត្រាចារ្យ​របាំ​បុរាណ​និង​វប្បធម៌​។ ពី​ឆ្នាំ ១៩៩១-១៩៩៣៖ ទ្រង់​ជា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ពី​ឆ្នាំ ១៩៩៣-១៩៩៨៖ ទ្រង់​បាន​ក្លាយជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ពី​ឆ្នាំ ១៩៩៣-១៩៩៧ ទ្រង់​ជា​អនុប្រធាន​កាកបាទក្រហម​ជាតិ​កម្ពុជា​។ ​ពី​ឆ្នាំ ១៩៩៩-២០០៤៖ ទ្រង់​ជា​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ពី​ឆ្នាំ ២០០៤ រហូតដល់​បច្ចុប្បន្ន ទ្រង់​ជា ឧត្ដមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​។ សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ត្រូវបាន​ព្រះមហាក្សត្រ តម្លើង​គោរមងារ «​សម្ដេច​រាជបុត្រី​ព្រះរៀម​» នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៤ បន្ទាប់មក​ទ្រង់​បាន ទទួល​តំណែង​ជា ទេព នាថ​វ​ដ្តី​ឯក ពី​ព្រះរាជក្រឹត្យ ស្ដីពី​ការតែងតាំង​មត៌ក​មនុ​ស្សរស់ នៃ​កម្ពុជា ក្នុង​ខែមករា ឆ្នាំ ២០១៣៕