រដ្ឋាភិបាល​ស៊ី​រី​ដក​ដាវ​អាជ្ញាសឹក​កាត់ទោស​ប្រហារជីវិត​អ្នកទោស ISIS​ជាង​១​ម៉ឺន​នាក់​នៅក្រៅ​ប្រព័ន្ធតុលាការ​

ព្រឹត្តិការណ៍ថ្មីៗ
0
274
​ក្រុម​សកម្មប្រយុទ្ធ ISIS​ជាង​១​ម៉ឺន​នាក់​ដែល​កំពុង​ជាប់គុក​នៅក្នុង​ប្រទេស​ស៊ី​រី កំពុងតែ​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត​នៅក្រៅ​ប្រព័ន្ធតុលាការ ដែល​ក្នុងនោះ​រួមទាំង​លោក Jihadi Jack ដែលជា​សកម្មប្រយុទ្ធ​មកពី​អង់គ្លេស​។​ ​លោក​ប្រធានាធិបតី បា​សា អាល់ អាសាដ នឹង​ដក​ដាវ​អាជ្ញាសឹក ដើម្បី​បង្កើត​តុលាការ​ផ្តាច់ការ ជា​កន្លែង​ដែល​អ្នកទោស នឹងត្រូវ​កាត់ទោស​ក្រោម​ច្បាប់​ក្នុងស្រុក​។​ ​នៅក្នុង​ប្រទេស​ស៊ី​រី សមាជិក​ក្រុម ISIS​នឹងត្រូវ​កាត់ទោស​ដោយ​ការចង​.​ក ហើយ​លោក​អាសាដ បាន​សន្យាថា អ្នកទោស​បរទេស​ក៏​មិន​គេច​ផុតពី​ការដាក់ទោស​ស្រដៀង​គ្នា​នេះដែរ​។​ ​ក្រុម​លើកលែងទោស​អន្តរជាតិ បាន​អះអាងថា អ្នកទោស​រាប់ពាន់នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​សម្ងាត់​រួចទៅហើយ​នៅក្នុង​គុក Saydnaya ខណៈដែល​អ្នកទោស​រាប់​ពាន់​នាក់​ផ្សេងទៀត បាន​ស្លាប់​ដោយសារតែ​ការធ្វើ​ទារុណកម្ម និង​ការ​អត់​អាហារ​នៅក្នុង​គុក​ដ៏​ឃោ​ឃៅ​មួយ​នេះ ស្ថិតនៅ​ជិត​ទីក្រុង​ដា​ម៉ាស់​។​ ​គួរ​ឲ្យ​ដឹងថា កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​របស់​ក្រុម​ឃើ​ដ ដែល​បាន​ផ្តួលរំលំ​ក្រុម ISIS​ដោយមាន​ជំនួយ​ពី​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នោះ បច្ចុប្បន្នកំពុង​ឃុំឃាំង​ក្រុម​ជីវពល ISIS​ជាង​១​ម៉ឺន​នាក់​។​ ​ថ្វីត្បិតតែ​ភាគច្រើន​នៃ​ពួកគេ​ទាំងនេះ គឺជា​ជនជាតិ​ស៊ី​រី និង​អ៊ីរ៉ាក់​យ៉ាងណាក្តី ក៏​ប្រហែល​២​ពាន់​នាក់ គឺជា​ក្រុម​សកម្មប្រយុទ្ធ​បរទេស ដែល​រួមទាំង​លោក Jihadi Jack​ផងដែរ ។​ ​កាលពី​ខែតុលា កន្លងទៅ​ភេរវជន Jihadi Jack ត្រូវបាន​គេ​ប្រទះឃើញ​ក្រាបចុះ​លើ​កម្រាល​ឥដ្ឋ​ក្នុង​គុក ដែល​ត្រូវបាន​ចុះផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​ត្រូវបាន​មើល​ដោយ​ឪពុកម្តាយ​របស់គាត់​។​ ​សកម្មប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​ម្នាក់នេះ បាន​ចាក​ចេញពី​គ្រួសារ​វណ្ណៈ​កណ្តាល​របស់លោក​នៅ​អង់គ្លេស ដើម្បី​ចូលរួម​ជាមួយ​ក្រុម ISIS ប៉ុន្តែ​គាត់​ត្រូវ​ចាប់បាន​ដោយ​កងកម្លាំង​ឃើ​ដ ពេលដែល​ក្រុម​ភេរវកម្ម​មួយ​នេះ​ដួលរលំ​ទៅ​។ ក្រោយ​ការចាប់ខ្លួន លោក Jack បាន​សុំ​អង្វរ​វិលត្រឡប់​ទៅកាន់​ផ្ទះ​របស់លោក​វិញ​នៅ​ទីក្រុង Oxfordshire ដោយ​លោក​អះអាងថា លោក​លែង​មានបំណង​សម្លាប់​ពលរដ្ឋ​អង់គ្លេស​ទៀតហើយ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ឱកាស​របស់លោក​នៃ​ការវិលត្រឡប់​ទៅផ្ទះ​វិញ​នៅ​អង់គ្លេស ទំនងជា​លែងមានទៀតហើយ ក្រោយ​ពេលដែល​ក្រុម​ឃើ​ដ ប្រគល់​ទឹកដី​ឲ្យ​លោក​អាសាដ ជួយ​គ្រប់គ្រង ក្រោយពី​ត្រូវ​អាមេរិក បោះបង់​ពួកគេ​ចោល​។​ ​លោក Jack​បាន​និយាយថា រាល់​ភេរ​វករ​នៅ​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋ​ស៊ី​រី នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ច្បាប់​ស៊ី​រី ហេតុ​ដូច្នេះហើយ ពួកយើង​មិនអាច​គេច​ផុតពី​ទោស​ប្រហារជីវិត​បាន​នោះទេ​។​ ​សូមបញ្ជាក់ថា ប្រទេស​ភាគច្រើន​នៅ​អឺរ៉ុប បាន​បដិសេធន៍​មិន​ព្រម​ទទួលយក​មកវិញ​នូវ​ពលរដ្ឋ​របស់​ពួកគេ ដែលជា​សមាជិក​របស់​ក្រុម ISIS​ជាដាច់ខាត ហើយ​សមាជិក​ក្រុម ISIS​ជា​ជនជាតិ​បារាំង​ជាច្រើន​នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​ប្រទេស​អ៊ីរ៉ាក់​៕​