លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រាប់ថា​វិស័យ​អ្វីខ្លះ​ត្រូវ​ត្រៀម​ហានិភ័យ ?

សេដ្ឋកិច្ច
0
631
​ សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០១៩ ត្រូវបាន​រំពឹងថា នឹង​សម្រេចបាន​ប្រហែល ៧,១ ភាគរយ ធៀប​នឹង ៧,៥ ភាគរយ កាលពី​ឆ្នាំ ២០១៨​។ ប៉ុន្តែ​កំណើន​នេះ​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់​ចុះមក​នៅត្រឹម ៦,៥ ភាគរយ ក្នុង​ឆ្នាំ ២០២០​។ ប្រាក់ចំណូល​ក្នុង​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១ ៨១៦ ដុល្លារ ធៀប​នឹង ១ ៦៧៩ ដុល្លារ កាលពី​ឆ្នាំ ២០១៩​។​ ​ឆ្នាំ ២០២០ វិស័យ​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា នឹង​បន្ត​ថមថយ ៨,៩ ភាគរយ ធៀប​នឹង ១០,៧ ភាគរយ កាលពី​ឆ្នាំ ២០១៩ ដោយសារតែ​ការរំពឹងទុក​លើ​កំណើន​កាន់តែ​យឺត​នៅក្នុង​អនុវិស័យ​កាត់ដេរ និង​សំណង់​ទោះបីជា​អនុវិស័យ​មិនមែន​កាត់ដេរ នឹង​កាន់តែ​ប្រសើរ​ធៀប​នឹង​ឆ្នាំ ២០១៩ ក៏ដោយ​។ ​វិស័យ​សេវា​ត្រូវបាន​រំពឹងថា នឹង​កើនឡើង ៦,៤ ភាគរយ ទាប​ជាង ៦,៧ ភាគរយ កាលពី​ឆ្នាំ ២០១៩ ដោយសារ​កំណើន​កាន់តែ​យឺត​នៅក្នុង​អនុវិស័យ​អចលនទ្រព្យ ខណៈ​ការលក់ដុំ និង​ការ​លក់រាយ និង​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​រក្សា​កំណើន​របស់ខ្លួន​។ វិស័យ​កសិកម្ម​នឹង​សម្រេចបាន​ក្នុង​អត្រា​ដូចគ្នា​នឹង​ឆ្នាំ ២០១៩ ចំនួន ១,៧ ភាគរយ​។ អត្រា​អតិផរណា​ប្រចាំឆ្នាំ​នឹង​អាច​គ្រប់គ្រង​បាន​ក្នុង​អត្រា ២,៩ ភាគរយ ក្នុង​ឆ្នាំ ២០២០​។​ ​ផ្អែកលើ​សូចនាករ​សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន និង​ហានិភ័យ​ខ្ពស់ ទាំង​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ​ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​កំណើន​។​