ចិន​វេចសម្ពាយ​ទៅ​ស្រុក​វិញ​ពុំមែន​មកពី​បិទ​ល្បែង​អន​ឡាញ​ទេ គឺ​មកពី​រដូវ​កាល​ទេសចរណ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
307
…​និយាយ​តាម​ត្រង់​ដោយសារ​មើលឃើញ​ទៅ​ចុះ​…​កាលពី​ជន​ជាតិចិន​ពពាក់ពពូន​ឆ្លងដែន​ចូលមក​ស្រុក​ខ្មែរ ពិសេស​ទៅ​ប្រមូលផ្តុំ​ច្រើនជាងគេ​នៅក្នុង​ក្រុងព្រះសីហនុ​មាន​អ្នកខ្លះ​រអ៊ូរទាំ​ថា ចិន​មក​ដណ្តើម​ការងារ​ពី​ម្ចាស់​ស្រុក លុះដល់​ចិន​ត្រឡប់​ទៅវិញ​ទាំង​ហ្វូងៗ​មាន​អ្នកខ្លះ​មុខស្ងួត​និយាយ​ពីនេះ​ស្តាយ​ចិន​ដែល​ត្រឡប់​ទៅវិញ​ហើយ​មាន​អ្នកខ្លះ​លើកឡើងថា​ចិន​ទៅវិញ​ព្រោះតែ​កម្ពុជា​បិទ​ល្បែង​អន​ឡាញ​។​ចំពោះ​ការលើកឡើង​ពី​ការចាកចេញ​របស់​ចិន​ដោយ​ភ្ជាប់​ជាមួយ​ល្បែង​អន​ឡាញ​នោះ​ពុំមែន​ជាការ​ពិត​នោះឡើយ​។ ​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ​បាន​អះអាងថា ជនជាតិ​ចិន បាន​ចាក​ចេញពី​កម្ពុជា ជាង​៤០​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៩ មិនមែន​មកពី​ករណី​បិទ​ល្បែង​អន​ឡាញ​នោះឡើយ​។ ​លោក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​សារព័ត៌មាន ថា គិត​ត្រឹម​រយៈពេល​៥​ខែ គឺ​ចាប់ពី​ខែសីហា ដល់​ធ្នូ ឆ្នាំ​២០១៩ នោះ មាន​ជនជាតិ​ចិន​ជាង​៤០​ម៉ឺន​នាក់ ដែល​ប្រើប្រាស់​ប្រភេទ Visa E ចាកចេញ​កម្ពុជា ។​បើតាម​លោក វណ្ណ​ថន ដ្បិត​ជនជាតិ​ចិន​ទាំងនោះ​ចាកចេញ​ក្តី ប៉ុន្តែ​ក៏មាន​ជនជាតិ​ចិន​ចូលមក​កម្ពុជា​វិញ​ជាង​៣២​ម៉ឺន​នាក់​ដែរ​។ «​ចំនួន​តួលេខ​ទាំងពីរ​នេះ គឺ​ចេញ​ច្រើនជាង​ចូល​ប្រមាណ​៧​ម៉ឺន​នាក់​។ ចំនួន​ចេញ​ច្រើនជាង​ចំនួន​ចូល​នេះ ដោយសារ​ជា​រដូវ​កាល​ទេសចរណ៍​មាន​ឡើង​មាន​ចុះ​»​។ កន្លងមក​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការបើក​ឱ្យមាន​ល្បែង​អន​ឡាញ​នេះ វា​ធ្វើ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ពីរ គឺ បញ្ហា​លាងលុយកខ្វក់ និង​បញ្ហា​អសន្តិសុខ ដែល​បង្កឡើង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា ។ ហើយ បញ្ហា​ទាំងនេះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការវិនិយោគ និង​សេដ្ឋកិច្ចកម្ពុជា ដូច្នេះ​មានតែ​ការលុបបំបាត់ចោល​ល្បែង​អន​ឡាញ​ទេ ទើប​កម្ពុជា​អាច​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​។​ ​បច្ចុប្បន្ន​កម្ពុជា​មានកា​ស៊ី​ណូ​២១៨​កន្លែង​ដែល​បាន​ចុះបញ្ជី ខណៈ​កាស៊ីណូ​ត្រឹមតែ​១៤០​កន្លែង​ប៉ុណ្ណោះ បាន​ដំណើរការ​។ បើតាម​ការប៉ាន់ប្រមាណ​របស់លោក រស់ ភីរុណ អគ្គនាយករង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា នៅ​ឆ្នាំ​២០២០​នេះ ចំនួន​កាស៊ីណូ​នឹង​ធ្លាក់ចុះ សល់​ត្រឹម​៩០​កន្លែង​ប៉ុណ្ណោះ ដោយសារ​ការបញ្ឈប់​អាជីវកម្ម​ល្បែង​អន​ឡាញ​។ បើតាម​លោក រស់ ភីរុណ ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​១០៨​កន្លែង​ខេត្តបន្ទាយមានជ័យ​មាន​២៥​កាស៊ីណូ ខេត្តស្វាយរៀង​មាន​កាស៊ីណូ​ចំនួន​១៨ និង​នៅ​ភ្នំពេញ​មាន​១​កន្លែង​។​សូមបញ្ជាក់ថា ជនជាតិ​ចិន​ដែល​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ មាន​ជាង​៩២៦​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ថយចុះ​២៤​នាក់ ស្មើនឹង​២.៥៣​ភាគរយ​។ ជនជាតិ​ចិន ដែល​ត្រូវ​បណ្ដេញ​ទាំងនោះ ភាគច្រើន​ប្រព្រឹត្ត​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​(Telecom Fraud) បើក​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ នេះ​បើតាម​របាយការណ៍​ដែល​ទទួលបាន​ពី លោក កែវ វណ្ណ​ថន​៕