ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រតិកម្ម​ហ្សែ​ន​ធ្វើ​ឲ្យ​ខ្លួនប្រាណ​របស់គាត់​កន្លែង​គ្របដណ្តប់​ដោយ​សាច់​ដុះ​រាប់ម៉ឺន​ដុំ​

សង្គមប្លែកៗ
0
421
​ដងខ្លួន​គ្រប់កន្លែង​របស់​ស្ត្រី​ម្នាក់ គ្របដណ្តប់​ដោយ​សាច់​ដុះ​រាប់ម៉ឺន​ដុំ ជាហេតុ​ធ្វើ​ឲ្យ​គាត់​រង​នូវ​ការរើសអើង​យ៉ាងខ្លាំង​ពី​អ្នកជិតខាង និង​មនុស្ស​ដែល​បានឃើញ​រូបនាង​តាមផ្លូវ​។​អ្នកស្រី Ashley Jernigan បានកើត​មានប្រតិកម្ម​ហ្សែ​ន​ដ៏​ចម្លែក​បែបនេះ ដែល​មើលឃើញ​សាច់​ដុះ​ពាសពេញ​ផ្ទៃមុខ​របស់​នាង ដងខ្លួន និង​រាងកាយ​ទាំងអស់​របស់គាត់ ហើយ​អ្នកស្រី បាន​និយាយថា ពេល​នាង​ដើរហើរ​ខាងក្រៅ មនុស្ស​ច្រើនណាស់​បាន​សំឡក់សំឡឹង​រូបគាត់​ដោយ​ភាព​ស្អប់ខ្ពើម និង​មិន​ចង់​ជួប​គាត់​នោះទេ​។​ ​ស្ត្រី​ម្តាយកូន​៤​វ័យ​៣៥​ឆ្នាំ​ម្នាក់នេះ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​ដ៏​កម្រ​ម្យ៉ាង​ឈ្មោះ Neurofibromatosis ពេលដែល​គាត់​នៅ​វ័យ​ពេញក្រមុំ ហើយក៏​បានកើត​មាន​សាច់​ដុះ​រាប់ម៉ឺន​ដុំ​ពេញ​រាងកាយ​របស់គាត់ ចាប់ពីពេលនោះ​រហូតមក​។​អ្នកស្រី Ashley រស់នៅក្នុង​ទីក្រុង Montgomery រដ្ឋ Alabama សហរដ្ឋអាមេរិក បាន​និយាយថា ជាមួយនឹង​ស្ថានភាព​ជំងឺ​បែបនេះ អ្នក​អាច​នៅរស់​ដូចជា​មនុស្ស​ធម្មតា​ដ៏ទៃទៀត​អញ្ចឹង​ដែរ​។​អ្នកស្រី​បន្តថា វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទទួលយក​ការពិត​ប៉ុណ្ណោះ​។ អ្នក​ត្រូវតែ​ធ្វើជា​មនុស្ស​មិន​ស្តាប់​ការពេបជ្រាយ​ពី​អ្នក​ដ៏​ទៃ​។ វា​ពិតជា​ពិបាក​ខ្លាំងណាស់ ហើយ​និង​ឈឺចាប់​ថែមទៀត​ផង​។ ពេលដែល​គាត់​ចេញ​ក្រៅ មនុស្ស​ជាច្រើន បាន​សំឡឹង​សំឡក់​មកលើ​រូបគាត់ ក្នុង​កាយវិការ​ដ៏​ឈ្លើយ​គួរ​ឲ្យ​ស្អប់ខ្ពើម​។​អ្នកស្រី Ashley​ដែល​ម្តាយ​របស់គាត់ គឺ​អ្នកស្រី Lisa​បាន​ស្លាប់​ដោយសារ​ស្ថានភាព​ជំងឺ​ស្រដៀង​គ្នា​នេះ ពេលដែល​គាត់​ទើប​មាន​អាយុ​២៥​ឆ្នាំ ត្រូវបាន​ណែនាំ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ថា មិនត្រូវ​មានកូន​នោះទេ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ស្ថានភាព​របស់គាត់​កាន់តែ​អាក្រក់​ទៅ​។​ប៉ុន្តែ​អ្នកស្រី​មិន​ស្តាប់​សម្តី​ពេទ្យ​ឡើយ ពោលគឺ​គាត់​មានកូន​ដល់​ទៅ​៤​នាក់ Darnell អាយុ ១៥​ឆ្នាំ Devon​អាយុ​១៤​ឆ្នាំ Keonna អាយុ​៨​ឆ្នាំ និង Kaiden​អាយុ​៥​ឆ្នាំ ដែល​ការ​មានកូន​នេះ ពិតជា​បានធ្វើ​ឲ្យ​ស្ថានភាព​របស់គាត់​កាន់តែ​អាក្រក់​ទៅ​ពិតមែន​។​ ​ក្រុមគ្រូពេទ្យ​បាន​និយាយថា កូនៗ​របស់គាត់​អាច​នឹង​វិវត្តន៍​ទៅរក​ជំងឺ​ប្រតិកម្ម​ហ្សែ​ន​តែមួយ​នេះ តែ​អ្នកស្រី Ashley មិន​ព្រម​ឲ្យ​កូន​របស់គាត់​ធ្វើតេស្ត​នោះទេ​៕