រលំ​បាក់​ច្រើនដង​ពេក​…​ឯកឧត្តម​រដ្ឋមន្ត្រី​ជា សុផារ៉ា​បញ្ចេញ​កណ្តាប់ដៃ​ឥត​មេត្តា​ប្រៀបបាន​ដាវ​ហូត​ចេញពី​ស្រោម​ហើយ​…

ព្រឹត្តិការណ៍ថ្មីៗ
0
267
…​ដើម្បី​ពង្រឹងគុណភាព​វិស័យ​សាងសង់​កុំ​ឲ្យ​ចេះតែ​កើតមាន​នូវ​ករណី​រលំ​បាក់​អាគារ​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ស្ដីពី​សំណង់​សម្រាប់​អ្នក​វិជ្ជាជីវៈ ក្នុង​វិស័យ​សំណង់ បានរៀបចំ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត​៥០០០​នាក់ ជា​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ ស្ថាបត្យករ​ចុះបញ្ជី​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​វិស្វករ​ចុះបញ្ជី នៃ​គណៈ​វិស្វករ​កម្ពុជា និង​មានការ​ចូលរួម​ពី​ផ្នែក​សំណង់​ស៊ីវិល និង​ផ្នែក​អគ្គិសនី​ផងដែរ​។​​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ ឯកឧត្តម​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរ​រូ​បប​នីយកម្ម​និង​សំណង់ បាន​លើកឡើងថា ការបើក​វគ្គ​បណ្ដុះបណ្ដាល​នាពេលនេះ មាន​គោលបំណង ទី​១, ដើម្បី​ផ្សព្វផ្សាយ​អំពី​ច្បាប់​សំណង់​ឲ្យ​បាន​ទូលំទូលាយ ដែល​នេះ គឺជា​លើក​ទី​៣​ហើយ ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ ឬ​អ្នក​ដែល​ផ្ដល់​សេវា ឆ្លើយតប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ទី​២, ដើម្បី​បណ្ដុះ បណ្ដាល​គ្រូ​បង្គោល​នៅក្នុង​វិស័យ​សំណង់ ដើម្បី​ឲ្យ​គ្រូ​បង្គោល​នេះ ត្រូវបាន​ចាត់ ទុក​ថា ជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់​ក្នុងការ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​សំណង់​។ ដូច្នេះ​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ទទួលបាន​នៅ​លិខិតបញ្ជាក់ ឬ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ហើយ​អ្នក​ដែលមាន​វិជ្ជាជីវៈ​នៅក្នុង​វិស័យ​សំណង់ នឹងសិក្សា​គម្រោង​ប្លង់​នេះ អាច​ចាត់ទុកថា ជា​អត្តសញ្ញាណ​មួយ​ថា យើង​មាន​សិទ្ធិ​ស្របទៅតាម​ច្បាប់​សំណង់​។ ចំណែក​ក្រុមការងារ​របស់​ក្រសួង​ដែនដី ដែល​បាន​ចុះ​ទៅតាម​ខេត្ត ត្រូវបាន​ចាត់ទុកថា ជា​ក្រុមអធិការកិច្ច នៅក្នុង​វិស័យ​សំណង់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ឲ្យ​មាន​តម្លាភាព​តាមផ្លូវ​ច្បាប់ ក៏ដូចជា​អ្នក ទទួលខុសត្រូវ និង​អ្នកពាក់ព័ន្ធ​នានា លើ​វិស័យ​សំណង់​។ ហេតុ​ដូច្នេះហើយ ទើប​ក្រសួង​ត្រូវធ្វើ​ការបណ្ដុះបណ្ដាល​ឲ្យ​មានការ​យល់ច្បាស់ ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយនឹង​ការងារ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​សំណង់​។​បើតាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អ្នក​ដែល​បាន​ចុះបញ្ជី​ហើយ តែ​មិន​បានមក​ចូលរួម​បណ្ដុះបណ្ដាល​នាពេលនេះ ឬ​វគ្គ​បន្តបន្ទាប់​ទៀត​នោះ នឹងមិន​ទទួលយក​ទេ គឺ​ទទួល​យកតែ​អ្នក​បាន​បណ្ដុះបណ្ដាល ដូច្នេះ​មិនអាច​ត្រឹមតែ​ចុះឈ្មោះ​នៅ​គណ​ស្ថាបត្យករ ឬ​គណៈ​វិស្វករ​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​ចាត់ទុកថា គ្រប់​លក្ខខណ្ឌ​នោះបានទេ ក្រសួង​នឹង​ពិចារណា​កាត់ចេញ​វិញ ហើយ​យកតែ​អ្នក​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​តែប៉ុណ្ណោះ​។​​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើង​ទៀតថា ការបណ្ដុះបណ្ដាល​ច្បាប់​សំណង់​នេះ​មានន័យថា ក្រុមហ៊ុន​ដែល​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ឲ្យ​ធ្វើ​អាជីវកម្ម ទៅលើ​វិស័យ​សំណង់ គឺ​ត្រូវតែមាន​វិញ្ញាបនបត្រ នៅពេលដែល​អត់​មាន​វិញ្ញាបនបត្រ ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នោះទេ គណៈកម្មការ នឹង​ចុះទៅ​ត្រួតពិនិត្យ ហើយ​បើ​រកឃើញ នឹងមាន​ដីកា​របស់​ព្រះរាជអាជ្ញា ចាត់វិធានការ​តែម្ដង​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ថា ពីមុន​អត់​មានច្បាប់ តែ​បច្ចុប្បន្ននេះ​មានច្បាប់ ដូច្នេះ​ក្រសួង​នឹង​អនុវត្តបាន​។ បើ​ធ្វើ​ដូច្នេះ ទើប​យើង​អាច​សម្រេចបាន​នូវ​គោលបំណង នៃ​ច្បាប់​នេះ ពីព្រោះ​ច្បាប់​នេះ នឹងត្រូវ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព សន្តិសុខ​ដល់​សំណង់ ហើយ​សំណង់​ត្រូវតែ​ផ្ដល់​សុវត្ថិភាព សន្តិសុខ ដល់​ម្ចាស់​សំណង់​ដល់​អ្នកប្រើប្រាស់​សំណង់ ដល់​សាធារណជន ដែល​នេះ​គឺជា​គោលបំណង​របស់​ច្បាប់​។ គោលបំណង​មួយទៀត គឺ​ដើម្បី​ធានា​ឲ្យ​ការអនុវត្ត​ច្បាប់​សំណង់​ស្របទៅតាម​ផែនការ​នគរូបនីយកម្ម មិនមែនជា​សំណង់ ដែល​សង់​លើ​ប្រឡាយ លើ​ហេដ្ឋារចនាសម្ព័ន្ធ លើ​ទីតាំង​សាធារណៈ ឬ​នៅលើ​តំបន់​បេតិកភណ្ឌ​ជាដើម គឺ​មិនអាច​ឲ្យ​សំណង់ ដែល​ធ្វើ​ហើយ​ខូច ហើយ​មិនមាន​និរន្តរភាព​នោះទេ​។​ ​ទាក់ទង​បញ្ហា​សំណង់​នេះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​បញ្ជាក់ថា ការបាក់​រលំ​នៃ​អគារ​សំណង់​ចំនួន​២ នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប គឺជា​ការសម្រេច​របស់​ថ្នាក់​ខេត្ត ដែល​គ្មាន​ការសិក្សា​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សំណង់​របស់លោក ឯក សារុន នៅ​ខេត្ត​កែប វិស្វករ​សិក្សា​គម្រោង​ប្លង់​បានកំណត់​ដែក គ្រឿង​ផ្គុំ​សំណង់​ចំនួន​១៦ សរសៃ ប៉ុន្តែ​គាត់​បាន​ដក​៨​សរសៃ​ចេញ នៅសល់​ត្រឹម​៨​សរសៃ ហើយ​សំណង់​នេះ ថ្នាក់​ខេត្ត​សម្រេច​ឲ្យ​ត្រឹម​៥​ជាន់​ប៉ុណ្ណោះ គាត់​បាន​ដំឡើង​ពីរ​ជាន់​បន្ថែមទៀត​។ ចំណែក​បេតុង​យ៉ាងហោចណាស់​២០ ទៅ​២៨ ថ្ងៃ ទើប​អាច​ដោះ​ចន្ទល់​ចេញ​បាន ប៉ុន្តែ​សំណង់​ឯក សារុន នេះ ដោយសារ​ប្រញាប់​ជប់លៀង ចាក់​បាន​១០ ថ្ងៃ​ប៉ុណ្ណោះ ក៏បាន​ដកចេញ ដែល​ធ្វើ​ឲ្យ​សំណង់​នោះ​បាក់​តែម្ដង​។​បើតាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សំណង់​របស់​ឯក សារុន នេះ មាន​ពីរ​ទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែល​ពេលនេះ ជំនាញ​កំពុង​សិក្សា និង​ធ្វើ​កោសល្យវិច័យ​៕