ស្ត្រី​វ័យក្មេង​ម្នាក់​កើត​ជំងឺ​មហា​កម្រ​ហៅថា ‘’​ដេក​ស្អាត​’’ ដេក​រហូតដល់​ទៅ​ពីរ​ខែ​មិន​ខ្ចី​ក្រោក​

សង្គមប្លែកៗ
0
300
​ម្ដាយ​របស់​នារី​ជំទង់​វ័យ ១៧ ឆ្នាំ​ជនជាតិ​កូ​ឡុំ​ប៊ី​ដែលមាន​ជំងឺ​កម្រ​បំផុត​ត្រូវបាន​គេ​ស្គាល់​ថា "​ជំងឺ​ដេក​ស្អាត​" បាន​អំពាវនាវ​អាជ្ញាធរ​ជួយ ខណៈ​អ្នកស្រី​ពិបាក​ដើម្បី​មើលថែ​នាង​។​នាង Sharik Tovar មកពី​ទីក្រុង Acacías ទទួលរង​ជំងឺ​ឈ្មោះ Kleine-Levin ចាប់តាំងពី​នាង​មាន​អាយុ ២ ឆ្នាំ​។ ជំងឺ​ដ៏​មហា​កម្រ​បំផុត​នេះ មាន​មនុស្ស​តែ ៤០ នាក់​ប៉ុណ្ណោះ​លើ​ពិភពលោក​បានកើត​វា ហើយ​វា​ធ្វើឱ្យ​អ្នកជំងឺ​ដេក​លើសលុប ជាពិសេស​ការយល់ដឹង និង​អត្តចរិត​ត្រូវ​ផ្លាស់ប្ដូរ​។ ​ក្នុងករណី​របស់ Sharik គឺ​នាង​អាច​ដេក​រហូតដល់​ទៅ ២ ខែ​ឯណោះ ខណៈដែល​ម្ដាយ​របស់​នាង​ឈ្មោះ Marleny មើលថែ និង​បញ្ចុក​ចំណី​ដល់​នាង​រៀងរាល់​ម៉ោង​។ កាន់តែ​អាក្រក់​ជាង​នោះ​ទៅទៀត​នារី​វ័យ ១៧ ឆ្នាំ​រូបនេះ​បាន​បាត់បង់​ចងចាំ​បណ្ដោះអាសន្ន​ទៀត​។​លោកស្រី Marleny Tovar បាន​និយាយប្រាប់​សារព័ត៌មាន Caracol News បន្ទាប់ពី​ការ​គេង​ដ៏​យូរ​បំផុត​របស់​កូនស្រី ២ ខែ​ថា "​បន្ទាប់ពី​ការ​គេង​រយៈពេល ៤៨ ថ្ងៃ​នៅក្នុង​ខែមិថុនា​ឆ្នាំមុន​នាង​បាន​បាត់បង់​ការចងចាំ​ជា​បណ្តោះអាសន្ន​។ នាង​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ជា​នរណា​"​។​ ​ហើយ​នៅ​ឆ្នាំនេះ អំឡុងពេល​ខែមករា និង​កុម្ភៈ Sharik បាន​ដេក​អស់​រយៈពេល ២២ ថ្ងៃ ហើយ​ម្ដាយ​របស់​នាង​បញ្ចុក​ចំណី​នាង​ដោយ​ដៃ​រៀងរាល់ ៤ ម៉ោង​ម្ដង​។ បច្ចុប្បន្ន​ស្ត្រី​ជា​ម្ដាយ​នឿយហត់​នឹង​ការ​មើលថែ​នាង ២៤ ម៉ោង រហូត​រត់ទៅរក​អាជ្ញារ​ឱ្យជួយ​។ ស្ដ្រី​ជា​ម្ដាយ​ក៏បាន​សម្រក់​ទឹកភ្នែក នៅពេល​ជំងឺ​នេះ​ធ្វើឱ្យ​កូន​របស់​នាង​ថ្លង់​។​ដោយឡែក​ជំងឺ Kleine-Levin គេ​មិនទាន់​ស្គាល់​វា​ច្បាស់​នៅឡើយ​ទេ ខណៈដែល​ថ្នាំ​ព្យាបាល​សម្រាប់​ជំងឺ​នេះ​ក៏​គ្មាន​ដែរ​៕