ជួញ​ទោស​ដាក់ខ្លួន​មែន​…​បើ​ចង់ទៅ​ផ្ទះ​ម៉េច​មិន​ប្រាប់​ត្រង់ មិនគួរ​ធ្វើ​រឿង​ព្រៃផ្សៃ​ដាក់​ក្មេង​អាយុ​១៦​ខែ​សោះ​!

សង្គមប្លែកៗ
0
287
…​ពិតជា​ឆោតល្ងង់ ដើរ​លើផ្លូវ​ខុស​បានជា​ប់​ទោស​មែន បើ​នាង​ធុញទ្រាន់​លែង​ចង់ស៊ី​ឈ្នួល​មើលថែ​កូនក្មេង​ម្តេចក៏​មិន​ប្រាប់​ទៅ​ម្តាយ​ក្មេង​នោះ​តែម្តងទៅ មិនគួរ​ប្រើ​អំពើ​ព្រៃផ្សៃ​ដែលជា​រឿង​បាបកម្ម​គេច​អត់​រួច​ទេ​! ស្ត្រី​ជា​អ្នកបម្រើ​តាម​ផ្ទះ​ម្នាក់ ដោយសារ​ខឹង​កូនស្រី​ម្ចាស់ផ្ទះ​ដែល​ទើប​តែមាន​អាយុ​១៦​ខែ រពឹស ម្យ៉ាងទៀត​នាង​ចង់ទៅ​ផ្ទះ​វិញ​ផង ក៏បាន​ចាប់ដៃ​ក្មេងស្រី​តូច​នោះ ទៅ​ជ្រលក់​ក្នុង​ឆ្នាំងសម្ល ដែល​ទឹក​កំពុងពុះ​គគ្រាក់ៗ បណ្តាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​ឈឺចាប់​ស្រែកយំ​ស្ទើរ​គាំង ព្រមទាំង​រងរបួស​ដៃ​យ៉ាងដំណំ​។​ករណី​ព្រៃផ្សៃ​នេះ បានកើត​ឡើង នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​ ​ក្មេងរងគ្រោះ មាន​ម្តាយ​ឈ្មោះ Amy Low ។ ចំណែក ស្រី​អ្នកបម្រើ​ចិត្ត​អប្រិយ អាយុ ៣០​ឆ្នាំ​។​ ​ម្ដាយ​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ជួល​នារី​សង្ស័យ​មកជួយ​មើលថែ​កូន ព្រមទាំង បោក​ខោអាវ បោសសំអាត​ផ្ទះ និង​ដាំ​ស្ល ធ្វើ​បាយ​ម្ហូប ព្រោះ​គាត់​និង​ប្តី​រវល់​ជាមួយ​ការងារ​នៅ​ខាងក្រៅ​ច្រើន​។ នៅ​ថ្ងៃកើតហេតុ ពេល​គាត់​ត្រឡប់មកផ្ទះ​វិញ ឃើញ​ដៃ​កូនស្រី​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​រលាក​នឹង​ទឹក​ក្តៅ លុះ​គាត់​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​ឃើញ​សកម្មភាព​ស្ត្រី​អ្នកបម្រើ​ចាប់ដៃ​កូនស្រី​គាត់​យកទៅ​ជ្រលក់​ក្នុង​ទឹក​សម្ល​កំពុងពុះ ធ្វើ​ឲ្យ​គាត់​មានចិត្ត​រន្ធត់​អាណិតកូន​ស្រី​ជា​ពន់ពេក រួច​ក៏​ធ្វើដំណើរ​ទៅ​ដាក់ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​អ្នកបម្រើ​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​។​ នៅ​ចំពោះ​សមត្ថកិច្ច ស្ត្រី​សង្ស័យ​បាន សារភាពថា នាង​ពិតជា​បាន​ប្រព្រឹត្ត​លើ​ក្មេងស្រី​រងគ្រោះ​ដូច​ការចោទប្រកាន់​មែន ព្រោះតែ​នាង​ចង់​ត្រឡប់ទៅផ្ទះ រួមផ្សំ​ទាំង​មានចិត្ត​ខឹង​នឹង​ក្មេងស្រី​រងគ្រោះ​ពូកែ​រពឹស​ពេក​។​ស្ត្រី​សង្ស័យ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម មុនពេល​ចាត់ការ​តាមផ្លូវ​ច្បាប់​៕