ឃើញ​ហើយ​គួរ​ឲ្យ​គ្រឺត​មែន​…​ស្វា​ចេះ​បោក​អាវ​ដូច​មនុស្ស​

សង្គមប្លែកៗ
0
407
…​សត្វ​ស្វា​ចិញ្ចឹម​ពេលខ្លះ​វា​ធ្វើ​ស្រាប់​តាម​មនុស្ស ឃើញ​ហើយ​គួរ​ឲ្យ​ផ្ទុះសំណើច​ពន់ពេក​ណាស​។​ដូចជា សត្វ​ស្វា​ពូជ​ឈី​ម​ផេ​ន​ហ្ស៊ី​នៅ​សួនសត្វ​មួយ​ក្បាល បានធ្វើឱ្យ​អ្នក​មើលថែ​វា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ពេល​ប្រទះឃើញ​វា​កំពុង​បោក​អាវ​របស់គាត់​។ ស្វា​ឈ្មោល​ដ៏​ឆ្លាត​មួយ​ក្បាល​នេះ​គេ​ដាក់ឈ្មោះ​ឲ្យ​ថា Yuhui ហើយ​អ្នក​មើលថែ​សួនសត្វ​នៅ​ទីនោះ​ថត​ជាប់​ក្នុង​វីដេអូ​មួយ ស្របពេល​វា​កំពុង​បោក​អាវ​ដោយ​ចេះ​ប្រើ​ទាំង​ច្រាស និង​សាប៊ូ​ទៀតផង​។​ គេ​ប្រទះឃើញ​សកម្មភាព​របស់​វា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅឯ​សួន Lehe Ledu Theme មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Chongqing ភាគ​និរតី​នៃ​ប្រទេស​ចិន​។ អ្នកនាង ហ្ស៊ូ ដែលជា​អ្នក​មើលថែ​ស្វា​នេះ​បាន​ប្រាប់​សារព័ត៌មាន ECNS ថា ស្វា​ឈ្មោះ​Yuhui បាន​ឃ្លាំមើល​នៅពេល​នាង​យក​សម្លៀកបំពាក់​ទៅ​បោក​នៅ​ទីនោះ ដូច្នេះ​អ្នកនាង ហ្ស៊ូ បានសម្រេច​ចិត្ត​ទុក​អាវយឺត និង​សាប៊ូ​រួមទាំង​ច្រាស់​នៅ​ទីនោះ ដើម្បី​រង់ចាំ​មើលថា​តើ​វា​ចង់​ធ្វើ​អ្វី​។ នាង​បាន​និយាយថា “​ខ្ញុំ​មិនដែល​មានបំណង​បង្រៀន​វា​ទេ តែ​វា​សង្កេតមើល​សកម្មភាព​ខ្ញុំ​មិន​ឈប់​សោះ ដូច្នេះ​ខ្ញុំ​ឆ្ងល់​ថា​តើ​វា​នឹងធ្វើ​ដោយ​ខ្លួនឯង​ឬ​អត់​” ។ ខ្សែ​វីដេអូ​ដែល​ត្រូវបាន​ចែកចាយ​តាម​អ៊ិន​ធឺ​ណេ​ត បានបង្ហាញ​យ៉ាងច្បាស់​ពី​សកម្មភាព​របស់​វា​ដោយបាន​ដាក់​សាប៊ូ​និង​ប្រើ​ច្រាស​ដើម្បី​បោក​អាវយឺត​នោះ​។ នាង​ហ្ស៊ូ​បាន​ប្រាប់​សារព័ត៌មាន Daily Mail ថា Yuhui ជា​ស្វា​មួយ​ក្បាល​ដែល ចង់ដឹង​ចង់ឃើញ​ហើយ​ពូកែ​ណាស់​ខាង​ធ្វើ​ត្រាប់​តាម​សកម្មភាព​មនុស្ស​៕