ឈ្នះ​មែន​នៅលើ​សមរភូមិ​ទ្រូងផ្លូវ​…​តែ​បាបកម្ម​ច្បាស់​ជា​គេច​អត់​ផុត​ទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
535
…​គ្រាន់តែ​ទាស់​ពាក្យសម្តី​កើត​ទៅជា​ភ្លើងកំហឹង​…​ភ្នំ​មួយ​ពុំ​អាចមាន​ខ្លា​ពីរ​ដេញ​កាប់​គ្នា​វក់វី​មាន​អ្នកស្លាប់​និង​អ្នករបួស​នោះ​ជនដៃដល់​ដែល​ទទួលបាន​ជោគជ័យ​លើ​គូទំនាស់​ក៏​ច្រើនតែ​មិនបាន​សុខ​ដែរ​…​ដូច​កុក​ភ្លេច​ជង់​…​ឯ​ជង់​អត់​ដែល​ភ្លេច​កុក​ទេ​…​ទោះជា​យូរ​ប៉ុណ្ណា​ក៏​គង់តែ​ប៉ូលិស​វែកមុខ​ចាប់ខ្លួនបាន​។​កម្លាំង​សមត្ថកិច្ច​បាននិងកំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជិះ​ម៉ូតូ​តាម​កាប់​យ៉ាង​សាហាវ បណ្ដាលឱ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត និង​ម្នាក់ទៀត​រងរបួស កាលពី​យប់​ថ្ងៃទី​២៩ មករា នៅលើ​ដងផ្លូវ​មួយកន្លែង​នៅក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ខេត្តបាត់ដំបង ។ មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ខេត្តបាត់ដំបង​បាន​និយាយថា អំពើ​នេះ បង្កឡើង​ដោយ​ពួកក្មេង​ទំនើង​២​នាក់​ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ពួកគេ​បាន​ជិះ​ម៉ូតូ​ដេញតាម​កាប់​ទៅលើ​យុវជន​២​នាក់​ទៀត ដែល​កំពុង​ជិះ​ម៉ូតូ​ដែរ​បណ្ដាល​ឲ្យ​ម្នាក់​បាត់បង់​ជីវិត និង​ម្នាក់ទៀត​រងរបួស ហើយ​ជនដៃដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ទាំងយប់ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់ថា បើតាម​ការស្រាវជ្រាវ​បឋម​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​អ៊ី​សិច​ទ័​រ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ តែ​អ្នកជិះ​ក្រោយ​មាន​កាន់​កាំបិត​វែង ។ យោងតាម​របាយការណ៍​សមត្ថកិច្ច ជនរងគ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ លន់ កែវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ រងរបួស​ក្បាល​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ តែ​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត និង​ម្នាក់ទៀត​ឈ្មោះ ផាន ភក្តី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​ជា​អ្នកបើក​បាន រងរបួស​ក្បាល​ខាងឆ្វេង​មួយកន្លែង​៥​ថ្នេរ ។ ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ជា​ក្រុម​ចំនួន​៤​គ្រឿង ហើយ​រូបគេ​បាន​ជិះ​នៅ​កណ្ដាល ក្នុងចំណោម​ទាំង​៤​គ្រឿង​នោះ​។ ប៉ុន្តែ​ជិះ​ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជន​២​នាក់​ជិះ​ម៉ូតូ​តាម​មក​ក្រោយ ហើយ​ដក​កាំបិត​កាប់​ទៅលើ​ពួកគេ​តែម្ដង ។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា បើតាម​ការសាកសួរ និង​ការស្រាវជ្រាវ ជនដៃដល់​អាចមាន​គំនុំ​ជាមួយ​ជនរងគ្រោះ ទើប​ពួកគេ​ជិះ​ម៉ូតូ​តាម​កាប់​យ៉ាង​សាហាវ​បែបនេះ​។ ទោះយ៉ាងណា ពេលនេះ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ហើយ ៕