ដូច​បើក​ដំបូល​ចាក់​មែន គ្រាន់តែ​តម្លៃ ហ៊ុន​ឡើង​គ្រឹប​លុយរាប់​ពាន់​លាន​ដុល្លារ​ហូរ​ចូល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​

សង្គមប្លែកៗ
0
251
…​លោក​សេដ្ឋី​ម្នាក់នេះ​ប្រៀប​បានជា​បើក​ដំបូល​ចាក់​ប្រាក់​មែន តែត្រឹម​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ប្រាក់​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់​តែម្តង​។​បុរស​មាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក លោក ជេ​ហ្វ បេ​ហ្សូ​ស ទើបតែ​បន្ថែម​ទ្រព្យសម្បត្តិ​កាន់តែ​មាន​ស្តុកស្តម្ភ​បន្ថែមទៀត​របស់គាត់​។​ភាគហ៊ុន​របស់​ក្រុមហ៊ុន Amazon.com របស់គាត់​បាន​កើនឡើង ១២ ភាគរយ​គឺ​ស្មើ ២.១០០ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន​ក្នុងការ​ជួញដូរ​គិត​ត្រឹម​ម៉ោង ៤ និង ១៦ នាទី​រសៀល​នៅ​ទីក្រុង​ញូវយ៉ក​បន្ទាប់ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​របស់​អាម៉េរិក​បាន​រាយការណ៍​ពី​លទ្ធផល​ត្រីមាស​ទី ៤ ដែល​បំបែក​ការប៉ាន់ស្មាន​រប​ស់ Wall Street​។​ ​លោក​បេ​ហ្សូ​សបាន​បន្ថែម​ប្រាក់​ចំនួន ១៣,២ ពាន់​លាន​ដុល្លារ​ទៅក្នុង​ទ្រព្យសម្បត្តិ​របស់គាត់​ក្នុង​រយៈពេល​ប្រហែល ១៥ នាទី​។ តាម​តម្លៃ​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​សុទ្ធ​របស់គាត់​នឹងមាន​ប្រហែល ១២៩,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​របស់​វេ​ប​សាយ Bloomberg ។​លោក​បេ​ហ្សូ​ស​អាយុ ៥៦ ឆ្នាំ​កាន់កាប់​ភាគហ៊ុន​ប្រហែល ១២ ភាគរយ​នៃ​ភាគហ៊ុន​ប្រភេទ Outstanding របស់​ក្រុមហ៊ុន Amazon ដែល​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​របស់គាត់​។ ការកើនឡើង​ភាគហ៊ុន​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​បាន​បន្ថែម​ទឹកប្រាក់​ជាង ៩០ ពាន់​លាន​ដុល្លារ​ដល់​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Amazon ដែល​ជំរុញ​ឱ្យ​វា​ឡើង​លើស ១ លាន​លាន​ដុល្លារ​អាម៉េរិក​។​ អតីត​ភរិយា​របស់គាត់​ឈ្មោះ​ម៉ាក ខេន​ហ្ស៊ី បេ​ហ្សូ​ស អាយុ ៤៩ ឆ្នាំ​ក៏មាន​ហេតុផល​ត្រូវ​អបអរ​ដែរ ព្រោះ​លោកស្រី​កាន់កាប់​ភាគហ៊ុន​ប្រហែល ៤ ភាគរយ​នៃ​ក្រុមហ៊ុន​លក់រាយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​អាថ​ល​នេះ​។ លោកស្រី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ក្នុងនាម​ជា​អ្នកមាន​បំផុត​ទី ២៤ នៅលើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ ៣៧,១ ពាន់​លាន​ដុល្លារ​៕