វិប្បដិសារី​របស់​កូនស្រី ក្រោយពី​ដឹង​រឿង​ពិត​របស់​ឪពុក​

សង្គមប្លែកៗ
0
337
ឪពុកម្ដាយ​គ្រប់រូប​តែងតែ​ចង់​នៅក្បែរ​កូន និយាយ​លេង​ជាមួយ​កូន និង​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូន ព្រោះ​ខ្លាច​កូន​ដើរ​ផ្លូវខុស ប្រព្រឹត្តិ​អំពើ​មិន​គប្បី​។ ការជជែក​លេង​ជាមួយ​កូនៗ គឺ​ដើម្បី​បង្កើន​ភាព​ជិតស្និត​រវាង​ឪពុកម្ដាយ​ជាមួយ​កូន ពេល​កូន​មាន​បញ្ហា​ណាមួយ ពួកគេ​អាច​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ជួយ​ដោះស្រាយបាន ពុំ​ចាំ​ដល់​ស្ថានការណ៍​ធ្ងន់ធ្ងរ​។​ហើយ​ដោយសារតែ​ពុំបាន​យល់ដឹង​ឲ្យ​ស៊ីជម្រៅ​ពី​បំណង​របស់​ឪពុក​នោះ​…​ពេល​ឪពុក​ហៅ​មក​ក្បែរ កូន​តែង​រក​លេស​ជាប់រវល់ និយាយស្តី​ជាមួយ​បាន​ប៉ុន្មាន​ម៉ាត់ ក៏​ចាកចេញ​ទៅវិញ​។​ចុងក្រោយ​ទើប​មាន​វិប្បដិសារី​…​។​ កាល​នៅ​តូច ខ្ញុំ​ចាំបាន​ថា ឪពុក​របស់ខ្ញុំ​តែងតែ​ដើរតួ​ជាជាង​ជួសជុល​របស់របរ​ស្ទើរ​គ្រប់បែបយ៉ាង​នៅក្នុង​ផ្ទះ ហើយ​រាល់​ពេលដែល​គាត់​កំពុង​ជួសជុល គាត់​តែងតែ​ប្រើ​ឲ្យ​យក​នេះ ឲ្យ​យក​នោះ ដូច្នេះ​យើង​អាច​ចាប់​ផ្ដើមនិយាយ​គ្នា​លេង​។​ខ្ញុំ​មិនដែល​ឃើញ​ឪពុក​របស់ខ្ញុំ​ផឹកស្រា ឬ​ដើរលេង​យប់​ជាមួយ​មិត្ត​ភ័ក្ដិ​ទេ អ្វីដែល​គាត់​ធ្វើ​រាល់ថ្ងៃ គឺ​ដើម្បី​ក្រុមគ្រួសារ​ទាំងអស់​។ ពេលវេលា​របស់គាត់​មួយ​នាទីៗ ពិតជា​មានតម្លៃ​សម្រាប់​កូន និង​ម៉ាក់​ខ្លាំងណាស់​។ នៅពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ​ដើម្បី​រៀន​បន្ត​ថ្នាក់​មហាវិទ្យាល័យ​នៅ​ទីក្រុង​ដែល​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត​។ ចាប់តាំងពី​ពេលនោះ​មក កាល​ទើប​បែក​ពី​គាត់​ថ្មីៗ គាត់​តែងតែ​ទូរ​សព្ទ​មកលេង​ខ្ញុំ​ជានិច្ច រៀងរាល់ថ្ងៃ​ឈប់សម្រាក​។​ជាច្រើន​ឆ្នាំ​កន្លងផុតទៅ ខ្ញុំ​បាន​រៀបការ រួច​ទិញ​ផ្ទះ​បាន​មួយកន្លែង​។ ក្រោយ​ទទួលដំណឹង​ទិញ​ផ្ទះ​នេះ គាត់​បានធ្វើ​ដំណើរ​ទៅដល់​ផ្ទះ​របស់ខ្ញុំ និង​ជួយ​លាបថ្នាំ​ផ្ទះ​រយៈពេល​ដល់​ទៅ ៣​ថ្ងៃ​ក្រោម​កម្ដៅថ្ងៃ​ដ៏​ក្ដៅ​។ គាត់​នៅតែ​ចិញ្ចឹមចិត្ត​ចង់​ប្រើ​ខ្ញុំ​ឲ្យ​យក​របស់​នេះ របស់​នោះ​ដដែល​ដូចជា កាន់​ធុង​ថ្នាំ ឬ​យក​ឧបករណ៍​លាបថ្នាំ​ផ្ទះ ដើម្បី​ឲ្យ​បាន​ជជែក​លេង​ជាមួយ​គាត់​។ ប៉ុន្តែ​នៅថ្ងៃនោះ ខ្ញុំ​រវល់​ខ្លាំង​ក៏​មិនបាន​និយាយ​លេង​ជាមួយ​គាត់​បាន​ច្រើន​ឡើយ​។​មិនយូរប៉ុន្មាន ឪពុក​ខ្ញុំ​បានមក​លេង​ផ្ទះ​របស់ខ្ញុំ​ទៀត ពេលនោះ​ខ្ញុំ​មានកូន​ស្រី​ម្នាក់​ហើយ​។ ពេល​គាត់​កំពុង​លេង ជាមួយ​ចៅស្រី គាត់​ព្យាយាម​ប្រើ​ខ្ញុំ​ឲ្យ​យក​ទឹកតែ​មួយ​កែវ​ជូន​គាត់ រួច​បាន​ជជែក​គ្នា​លេង​។ និយាយ​មិនបាន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​សុំ​គាត់​ចេញទៅ​រៀប​ឥ​វ៉ាន់​សម្រាប់​ដើរ​លម្ហែ​នៅ​ថ្ងៃ​បន្ទាប់​។​ស្អែក​ឡើង គាត់​ក៏​ត្រលប់​ទៅផ្ទះ​វិញ ហើយ​ខ្ញុំ​ក៏​ទៅ​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ជាមួយ​កូន និង​ប្ដី​។ ពីរ​បី​ថ្ងៃក្រោយ គាត់​បាន​ទូរ​សព្ទ​មកទៀត ហើយ​យើង​បាន​ជជែក​គ្នា​លេង​ធម្មតា តែ​សន្ទនា​គ្នា​មិនបាន​ប៉ុន្មាន​ផង ខ្ញុំ​ក៏មាន​ការ​បន្ទាន់​ភ្លាម​។​ ​នៅ​រយៈពេល​បី​បួន​ម៉ោង​ក្រោយ ខ្ញុំ​បានទទួល​ដំណឹង​ពី​គ្រួសារ​នៅ​ស្រុក តែ​ជា​ដំណឹង​មិនល្អ គឺ​ឪពុក​ខ្ញុំ​កំពុង​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម​ធ្ងន់ធ្ងរ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅរក​គាត់​ភ្លាម​នៅ​មន្ទីរពេទ្យ ហើយក៏​នឹក​គិតថា ខ្ញុំ​ខ្លួនឯងបាន​ខកខាន​ជជែក​លេង​ជាមួយ​គាត់​ច្រើនដង​ណាស់ បើ​បាន​ទៅ​ជួប​គាត់​លើក​នេះ​នឹង​និយាយ​លេង​ជាមួយ​គាត់​ឲ្យ​បានយូរ​ម្ដង​។​នៅពេល​ខ្ញុំ​ទៅដល់​មន្ទីរពេទ្យ អ្វីៗ​ខុសពី​ការរំពឹងទុក​ទៅវិញ ឪពុក​ជាទី​ស្រលាញ់​របស់ខ្ញុំ​បាន​លាចាក​លោក​បាត់ទៅហើយ​ទាំង​មិនទាន់​ដង្ហើមចុងក្រោយរ​បស់​គាត់​ផង​។ ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ កើត​វិប្បដិសារី និង​ចង់​ឲ្យ​ពេលវេលា​ដើរ​ត្រលប់​ក្រោយ​វិញ ព្រោះ​ខ្ញុំ​លែង​បាន​ជជែក​លេង​ជាមួយ​គាត់​ជា​រៀងរហូត​ហើយ​។ ខ្ញុំ​ដឹងថា ខ្ញុំ​បានធ្វើ​ខុស​ចំពោះ​គាត់​ខ្លាំងណាស់​។ ក្រោយ​មរណភាព​របស់​គាត់ ខ្ញុំ​បានដឹង​ច្រើន​ពី​គាត់ និង​ខ្លួនឯង ជាពិសេស​រឿងរ៉ាវ​គ្រប់យ៉ាង​ដែល​គាត់​ចេះតែ​ព្យាយាម​ប្រើ​ខ្ញុំ​៕