សត្វ​ចំឡែក​ដ៏​កម្រ​បំផុត​ចំនួន​៣​ប្រភេទ​ខ្មែរ​យើង​ក៏មានដែរ​…​តើ​ជា​ប្រភេទ​សត្វ​អ្វីខ្លះ​?

សង្គមប្លែកៗ
0
2203
​ប្រទេស​កម្ពុជា ជា​ដែនដី​អំណោយផល​បំផុត​ទាំង​ផ្នែក​កសិកម្ម និង​ការរស់នៅ​របស់​សត្វព្រៃ​គ្រប់​ប្រភេទ ព្រោះ​អាកាសធាតុ​ល្អ មិន​ធ្លាប់​ជួប​គ្រោះថ្នាក់​ធម្មជាតិ​ធ្ងន់ធ្ងរ​។ ចំណែក​សីតុណ្ហភាព​មធ្យ​ម​តាមបែប​តំបន់​ត្រូ​ពិ​ក បាន​នាំ​ឲ្យ​សត្វ​គ្រប់​ប្រភេទ​ដែល​ស្ទើរ​ផុត​ពូជ​លើ​លោក នៅតែ​អាចមាន​ជីវិត​លើ​ដែនដី​ខ្មែរ​។ ក្នុងចំណោម​នោះ អ្នកវិទ្យាសាស្ត្រ​ធ្លាប់​ប្រទះឃើញ​សត្វ​កម្រ​បំផុត​លើ​លោក ៣​ប្រភេទ កំពុងមាន​ជីវិត​លើទឹក​ដី​កម្ពុជា តាម​តំបន់​ព្រៃភ្នំ និង​តំបន់​ទឹក​នានា ដែល​គ្មាន​ការយាយី​ពី​មនុស្ស ហើយ​សត្វ​ទាំងនោះ ស្ទើរតែ​ជិត​ផុត​ពូជ​ពី​ផែនដី​ទៅហើយ​។​ ១. ថលជលិក​យក្ស​អត់​ជើង ថលជលិក​យក្ស ជា​ប្រភេទ​សត្វ​រស់នៅ​លើគោក​ក៏បាន ក្នុង​ទឹក​ក៏បាន​។ សត្វ​ចម្លែក​មួយ​ប្រភេទ​នេះ មើលទៅ​ស្រដៀង​ពស់ និង​ជន្លេន ត្រូវ​ក្រុម​អ្នកស្រាវជ្រាវ​មកពី Founa and Flora International ប្រទះឃើញ​ក្នុង​ព្រៃរងទឹកភ្លៀង នៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​ពី​គេហទំព័រ Dailymail របស់​ចក្រភព​អង់គ្លេស ដោយ​ដាក់​ចំណងជើង​ថា «The bizarre legless giant amphibian found in Cambodia: New species can grow to 1.5m in length and is NOT a snake»​។ ​អង្គការ​អន្តរជាតិ​ដែលមាន​បេសកកម្ម​ការពារ​រុក្ខជាតិ និង​សត្វ Fauna & Flora International នៅ​ទូទាំង​ពិភពលោក បាន​បញ្ជាក់ថា សត្វ​ខ្លួន​ពណ៌​ប្រផេះ ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស Ichthyophis cardamomensis ឬ​ខ្មែរ​មាន​ឈ្មោះថា ថលជលិក​យក្ស​អត់​ជើង ត្រូវ​ប្រទះឃើញ​នៅ​ជួរ​ភ្នំក្រវាញ ខេត្តកោះកុង​។ តំបន់​នេះ​ទៀតសោត បាន​រង​ការគំរាមកំហែង​ដល់​ជម្រក​សត្វ ដោយសារ​ការ​វាតទីរ​ប​ស់មនុស្ស​។ ​សត្វ​ប្រភេទ​ថ្មី​នេះ ត្រូវ​ប្រជាជន​កម្ពុជា ច្រឡំ​ថា​ជា​ពស់​ខ្វាក់ ពស់ដី ឬ​សត្វ​ជន្លេន ប៉ុន្តែ​តាម​ពិតជា​ថលជលិក​ប្រភេទ​ថ្មី ទើប​រកឃើញ និង​អាចមាន​ប្រវែង​រហូតដល់ ១,៥​ម៉ែត្រ ពោលគឺ​ធំ​ជាង​ពស់ដី​ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ប្រទះឃើញ​។ យ៉ាងណាមិញ សត្វ​ដែល​ប្រទះឃើញ​នៅពេលនេះ ទើប​តែមាន​ប្រវែង ៣០​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ហើយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្យាយាម​ស្វែងរក​ប្រភព​នេះ​សត្វ​នេះ​បន្តទៀត​។​ ២. តុកកែ​ហោះ ប្រជាជន​ខ្មែរ​ភាគច្រើនបំផុត បាន​ស្គាល់​តែ​តុកកែ​នៅតាម​ជញ្ជាំង​ផ្ទះ​នានា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា មាន​តុកកែ​ដ៏​កម្រ​និង​ចម្លែក​ម្យ៉ាងទៀត​ក្នុងព្រៃ​ជ្រៅ​នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។ សត្វ​នេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​មួយចំនួន​ដាក់ឈ្មោះថា «​តុកកែ​ហោះ​» ឬ​ជា​ភាសា​បច្ចេកទេស​«Ptychozoon Trinotaterra»​។ សត្វ​តុកកែ​ពូជ​កម្រ​នេះ ត្រូវបាន​ឧ​ទ្យា​នុ​រក្ស នៃ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ប្រទះឃើញ​កាលពីពេល​ថ្មីៗ​នេះ​។​ ​តុកកែ​ហោះ មាន​ប្រវែង​ជា​មធ្យម​ប្រហែល ២០​សង់ទីម៉ែត្រ និង​មាន​រូបរាង​ក្រ​ឡេ​ក្រឡា​ខុសពី​តុកកែ​តាម​ផ្ទះ ហើយ​មើលទៅ​គួរ​ឲ្យ​ខ្លាច​ជាង​។ វា​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នៅលើ​ពិភពលោក ដែល​មិនសូវមាន​គេ​ប្រទះឃើញ​ឡើយ​។ ក្រុម​អ្នកស្រាវជ្រាវ​កំពុង​សិក្សា​បន្ត​ទៅលើ​ការរស់នៅ​របស់​សត្វ​ចម្លែក​មួយ​ប្រភេទ​នេះ ដើម្បី​ស្វែងយល់ថា​តើ​ខុសពី​តុកកែ​ធម្មតា​ដូចម្ដេច និង​មាន​ប្រភព​មកពីណា​។​ គួរ​បញ្ជាក់ថា ឧទ្យាន​ជាតិ​វីរៈ​ជ័យ លាតសន្ធឹង​លើ​ខេត្ត​មួយចំនួន​នៃ​ភូមិភាគ​ឦសាន​កម្ពុជា ដូចជា​រតនគីរី ស្ទឹងត្រែង ក្នុង​ទំហំ​ជាង ៣៣​ម៉ឺន​ហិកតា​។ ឧទ្យាន​នេះ​សម្បូរ​ដោយ​ជីវិត​សត្វ​ចម្រុះ និង​កម្រ​ជាច្រើន​ប្រភេទ ដែល​ក្រសួងបរិស្ថាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា​។ ក្នុងនោះដែរ ក៏មាន​ក្រុម​អ្នក​អភិរក្ស​អន្តរជាតិ និង​អ្នកស្រាវជ្រាវ​បរទេស​ជាច្រើន បាន​ចុះ​មកដល់​តំបន់​នេះ​។​ ៣. កន្ធាយ​ក្បាល​កង្កែប កន្ធាយ​ក្បាល​កង្កែប ឬ Cantor’s Giant Softshell គឺជា​ប្រភេទ​សត្វ​កម្រ​មួយ​នៅលើ​ពិភពលោក​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS និង​ប្រជា​សហគមន៍ បាន​ប្រទះឃើញ​សំបុក​ពង​របស់​កន្ធាយ​នេះ​មួយ​សំបុក នៅ​ឆ្នេរ​ខ្សាច់​ដង​ទន្លេ ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ វា​ជាទី​តាំងតែ​មួយគត់ សម្រាប់​កន្ធាយ​ក្បាល​កង្កែប ពង​កូន​នៅ​កម្ពុជា​។​ ​សត្វ​កន្ធាយ​ក្បាល​កង្កែប ស្ថិតនៅក្នុង​បញ្ជី​សត្វ​ជិត​ផុត​ពូជ​របស់​អង្គការ International Union for Conservation of Nature (IUCN)​។ សត្វ​កម្រ​នេះ ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ពី​ដែនដី​កម្ពុជា​ទៅហើយ ប៉ុន្តែ​កាលពី​ឆ្នាំ​២០០៧ ធ្លាប់​ប្រទះឃើញ​ម្ដង ខណៈ​ពេលនេះ​បានឃើញ​ម្ដង​ទៀ​ទាំង​សំបុក​តែម្ដង​។​ ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​ដូចជា Critical Ecosystem Partnership Fund (CEPF) អង្គការ​អភិរក្ស​អន្តរជាតិ និង​សម្ព័ន្ធ​ដើម្បី​ការរស់រាន​ប្រភេទ​សត្វ​អណ្តើក ប្រជា​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ កំពុង​យកចិត្តទុកដាក់ ថែរក្សា​ពូជ​សត្វ​កម្រ​នេះ ឲ្យ​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា​រហូត​ទៅ​ថ្ងៃ​អនាគត​៕