ដៃ​ទាំង​គូរ​ពិការ​មែន តែ​ជាជាង​កាត់សក់​ឆ្នើម​ភ្ញៀវ​ចូល​ណែនៗ​ហាង​

សង្គមប្លែកៗ
0
401
…​គេ​ធ្លាប់តែ​ឃើញ​ជនពិការ​ដៃ​ទាំងសងខាង​ដើរ​សុំទាន​នៅលើ​ដងផ្លូវ ប៉ុន្តែ​គេ​ប្រាកដជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ជនពិការ​ដៃ​ទាំងសងខាង​ដែល​ប្រកប​កិច្ចការ​អ្វីមួយ​ដូច​មនុស្ស​ដែលមាន​ដៃ​ទាំង​គូរ​ដែរ​។ ដូចជា​ទេ​កោសល្យ​របស់​បុរស​ពិការ​ដៃ​ទាំង​គូរ​ម្នាក់នេះ​ប្រសិនបើ​ពុំ​បានឃើញ​ប្រាកដជា​ពុំ​សូវ​ជឿ​ប៉ុន្មាន​នោះទេ តែ​ក្រោយពី​បានឃើញ​ហើយ​នោះ​មិនដឹង​ជា​ពោល​សរសើរ​យ៉ាងណា​នោះទេ​។​យុវជន​វ័យក្មេង ស្រស់​សង្ហា​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ម្នាក់ នេះ​កំពុងតែ​ទទួលបាន​ការកោតសរសើ​រ និង​ការលើកទឹកចិត្ត​ជាខ្លាំង ពី​សំណាក់​មហាជន​ទូទៅ បើទោះបី​ខ្លួន​ជា​មនុស្ស​ពិការ​ដៃ​ទាំងសងខាង​ក្តី តែមាន​ឆន្ទៈ​ខ្ពស់​តស៊ូ​នឹង​ជីវិត រហូត​ក្លាយ​ជាជាង និង​ថៅកែ​ហាង​កាត់សក់​ដ៏​ល្បីឈ្មោះ​មួយ ប្រចាំ​តំបន់​ថែមទៀត​។​ ​លោក Gabriel Heredia មាន​អាយុ ២០​ឆ្នាំ ជា​ជនពិការ​ដៃ​ទាំងសងខាង កំបុត​ពាក់កណ្តាល​ត្រឹម​កែងដៃ គ្មាន​ម្រាម រស់នៅក្នុង​រដ្ឋធានី Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។​ដោយសារតែ មាន​ម្តាយ​ជាជាង​កាត់សក់​ស្រាប់ និង​ខ្លួនឯង​ផ្ទាល់​មាន​ចំណាប់អារម្មណ៍ ស្រលាញ់​ចូលចិត្ត​ផ្នែក​ការងារ​មួយ​នេះ​ផង​នោះ ទើប​នៅ​អាយុ​១៤​ឆ្នាំ លោក Gabriel ក៏បាន​ចាប់ផ្តើម​រៀន​ជំនាញ​មួយ​នេះ ពី​បច្ចេកទេស​នៃ​ការ​កាត់សក់​បុរស ស្ទីល​លេង​ម៉ូត និង​កោរពុកមាត់​ជាដើម ក៏​ព្រោះ​លោក​តែងតែ​គិតថា នៅ​ថ្ងៃ​ណាមួយ​លោក​នឹង​អាចធ្វើ​វា​បាន​ដោយ​ជោគជ័យ ក៏ដូចជា​អាច​រកប្រាក់​ចិញ្ចឹមជីវិត ជួយ​ខ្លួនឯង​និង​គ្រួ​សារបាន​ផងដែរ​។​រហូត​នៅ​ទីបំផុត ការតាំង​ចិត្ត​យ៉ាង​មោះមុត​នេះ ពិតជា​អាចធ្វើ​ឲ្យ Gabriel អាច​យកឈ្នះ​បាន ក្លាយទៅជា​ង​ដ៏​មាន​ជំនាញ និង​មាន​ហាង​កាត់សក់​ផ្ទាល់ខ្លួន​ថែមទៀត ដោយ​ទទួលបាន​ការជួយជ្រោមជ្រែង​មួយចំនួន ពី​ក្រុមគ្រួសារ​របស់លោក ហើយក៏​មានការ​គាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​ទូទៅ ចំពោះ​ស្នាដៃ​របស់លោក​ផងដែរ​។​លើសពីនេះ លោក Gabriel ថែមទាំង​បាន​ហ្វឹកហាត់​ខ្លួនឯង​ជាច្រើន រួមទាំង​ការ​ញ៉ាំ​អាហារ កាន់​កែវ​ទឹកបាន​ដោយ​ខ្លួនឯង រៀន​បើក​ម៉ូតូ និង​សូម្បីតែ​រៀន​បើករថយន្ត ក៏​លោក​អាចធ្វើ​វា​បានដែរ ដោយ​លោក​មិន​ឲ្យ​ជីវិត​ដ៏​កំសត់​ជាម​នុស្ស​ពិការ​ដៃ​នេះ មក​គ្របដណ្តប់​លើ​ជោគវាសនា​របស់លោក​បាន​ឡើយ​។​ជាងកាត់សក់​វ័យក្មេង ស្រស់​សង្ហា​រូបនេះ បាន​និយាយថា រាល់ដង​នៅពេលដែល​ភ្ញៀវ​ចូលមក​ដល់​ហាង ពួកគេ​មើលទៅ​ហាក់បីដូចជា​មិន​រីករាយ​ឡើយ ពេលដែល​លោក​កាត់សក់​ឲ្យ​ពួកគេ​។​ ​ប៉ុន្តែ​ផ្ទុយទៅវិញ ក្រោយ​លោក​បាន​កាត់​ឲ្យ​រួចរាល់ ភ្ញៀវ​សឹងតែ​មួយចំនួនធំ​ទៅហើយ បាត់មាត់​និយាយ​លែងចេញ​តែម្តង ព្រោះតែ​ពួកគេ​មិន​នឹកស្មានថា រូបលោក​អាចធ្វើ​វា​បាន ហើយ​ថែមទាំង​ស្អាត​សង្ហា​ថែមទៀត​។​លោក​ថា បច្ចុប្បន្ននេះ​មាន​ភ្ញៀវ​ជាច្រើន​ស្គាល់​លោក និង​តម្រង់​ជួរ​គ្នា​រង់ចាំ​ឲ្យ​លោក​កាត់សក់​ឲ្យ​ពួកគេ ដោយ​មិនមាន​ភាពស្ទាក់ស្ទើរ និង​គិតពី​លោក​មិនល្អ​ដូច​ពីមុន​នោះឡើយ ៕