បែប​កំពុង​ឆ្ងល់​ហើយ​…​ហេតុអ្វី​សត្វ​អំពិលអំពែក​អាច​បញ្ចេញ​ពន្លឺ​ភ្លឹបភ្លែតៗ​?

សង្គមប្លែកៗ
0
1431
[wai id="6"]



សត្វ​អំពិលអំពែក​ដែល​បញ្ចេញ​ពន្លឺ​ភ្លឹបភ្លែតៗ​នាពេល​រាត្រី អាច​គ្រាន់តែ​ជា​វិធី​បង្អួត​សម្រស់​ខាងក្រៅ​របស់​ពួកវា ដែល​ដូច​ទៅនឹង​កន្ទុយ​ដ៏​វែង​នៃ​សត្វ​ហស្ស ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី “​គូស្នេហ៍​” របស់​ពួកវា​តែប៉ុណ្ណោះ​ឬ​?​តាម​ការសិក្សា​ស្រាវជ្រាវ ការ​បង្អួត​សម្រស់​ខាងក្រៅ មិនមែន​មានតែ​នៅលើ​មនុស្ស ឬ​សត្វ​ធំៗ​នោះទេ ប៉ុន្តែ​សត្វល្អិត​ផ្សេងៗ ក៏​ចេះ​បញ្ចេញ​សម្រស់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ផងដែរ​។​

​តាមពិត សារធាតុ​បញ្ចេញ​ពន្លឺ​នៅក្នុង​ពោះ​របស់​អំពិលអំពែក ពេល​វា​ប្រទះ​នឹង​អុកស៊ីហ្សែន វា​នឹង​បញ្ចេញ​ពន្លឺ ប៉ុន្តែ​ពន្លឺ​នោះ​មាន​សភាព​ខ្សោយ​ខ្លាំងពេក ទើប​យើង​មិនអាច​មើលឃើញ​នៅពេល​ថ្ងៃ​។ អំពិលអំពែក​ឈ្មោល​មាន​ស្លាប​សម្រាប់​ហោះ ចំណែក​អំពិលអំពែក​ញី​វិញ​មិនមាន​ស្លាប​នោះទេ​។ ដូច្នេះ ការបញ្ចេញ​ពន្លឺ​នេះ​ក៏​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​រវាង​គ្នា​នឹង​គ្នា​ផងដែរ​។​សត្វ​អំពិលអំពែក​ឈ្មោល ដែល​អាច​ប្រមូល និង​បញ្ចេញ​ពន្លឺ fluorescent បានយូរ នឹងមាន​ឱកាស​ជោគជ័យ​ច្រើន​ក្នុងការ​ស្វែងរក​គូស្នេហ៍ និង​ជួយ​ឱ្យ​អំពិលអំពែក​ញី បង្កើតកូន​បាន​ច្រើន​។​អំពិលអំពែក​មាន​2​ប្រភេទ គឺ​អំពិលអំពែក​ហោះ និង​អំពិលអំពែក​វារ​លើដី​។ អំពិលអំពែក​ទាំង​2​ប្រភេទ​នេះ សុទ្ធតែ​អាច​បញ្ចេញ​ពន្លឺ​ត្រជាក់​ដូចគ្នា​។ នោះ​គឺ​ដោយសារ​ក្នុងពេល​បញ្ចេញ​ពន្លឺ ថាមពល​ភាគច្រើន​ត្រូវបាន​អំពិលអំពែក​បំប្លែង​ទៅជា​ពន្លឺ ពោលគឺ​មិនមែន​បំប្លែង​ទៅជា​ថាមពល​ដូច​ប្រភព​ពន្លឺ​សិប្បនិម្មិត​ផ្សេងៗ​នោះទេ​។​ពន្លឺ​របស់​អំពិលអំពែក ត្រូវបាន​បញ្ចេញ​ពី​ផ្នែក​ខាងក្រោម​ក្នុង​ពោះ​របស់​វា​។ ពេល​ថ្ងៃ ពោះ​របស់​វា​មាន​ពណ៌​ប្រផេះ​លា​យស ហើយ​នៅពេល​យប់ ទើប​វា​អាច​បញ្ចេញ​ពន្លឺ​ស្រទន់​មក​ខាងក្រៅ​។ ខាងក្នុង​ស្រទាប់​ស្បែក​ពោះ គឺជា​ជួរ​នៃ​កោសិកា​ដែល​អាច​បញ្ចេញ​ពន្លឺ ហើយ​ស្រទាប់​ផ្នែក​ខាងក្នុង​បង្អស់​គឺជា​កោសិកា​ចំណាំង​ប្លាត ដែលមាន​មុខងារ​ដូច​ទៅនឹង​កញ្ចក់ ជួយ​បញ្ចាំង​ពន្លឺ​ចេញទៅ​ក្រៅ​។​អំពិលអំពែក បញ្ចេញ​ពន្លឺ​បាន​ក៏ដោយ​សារ​ការ​ប្រតិកម្ម​ធាតុគីមី​នៅ​ខាងក្នុង​រាងកាយ​របស់​ពួកវា ដែល​គេ​ហៅថា ពន្លឺ​ជីវសាស្ត្រ bioluminescence​។​បណ្ដា​កោសិកា luminescent មាន​ផ្ទុក​សារជាតិ luciferin និង luciferase​។ នៅពេល​គេ​ផ្ដាច់​សារធាតុ​ទាំង​2​នេះ​ចេញពី​គ្នា ពួកវា​នឹង​មិនអាច​បញ្ចេញ​ពន្លឺ​នោះទេ​។ ប៉ុន្តែ ពេល​ដាក់​វា​នៅក្បែរ​គ្នា luciferase នឹង​ជម្រុញឱ្យមាន​អុកស៊ីតកម្ម​នៅលើ​សារធាតុ luciferin (​ដំណើរ​ការប្រើ​អុកស៊ីហ្សែន​ដើម្បី​ដុត​សារធាតុ lucifenrin)​។ ដំណើរការ​អុកស៊ីត​កម្មនេះ បង្កើតបានជា​ពន្លឺ​។​ក្រៅពី​អំពិលអំពែក សត្វ​មួយចំនួន​ផ្សេងទៀត ក៏​អាច​បញ្ចេញ​ពន្លឺ ដូចជា​សត្វ jellyfish ក្នុង​សមុទ្រ​ជាដើម​។ អ្នកវិទ្យាសាស្ត្រ​និយាយថា សូម្បីតែ​មនុស្ស​ក៏​អាច​បញ្ចេញ​ពន្លឺ​ពី​រាងកាយ ប៉ុន្តែ​ពន្លឺ​នេះ​ខ្សោយ​ពេក មិនអាច​ឱ្យ​យើង​មើល​ឃើញនឹងភ្នែក​ទទេ​។ នេះ​គឺជា​ដំណើរការ​នៃ​ប្រតិកម្ម​របស់​ជីវគីមី​។​​ភាព​សុខ​គ្នា​រវាង​ការបញ្ចេញ​ពន្លឺ​នៃ​អំពូល​ភ្លើង និង​ការបញ្ចេញ​ពន្លឺ​ពីស​ត្វ​អំពិលអំពែក​៖



​ភាព​សុខ​គ្នា​រវាង​ការបញ្ចេញ​ពន្លឺ​នៃ​អំពូល​ភ្លើង និង​ការបញ្ចេញ​ពន្លឺ​ពីស​ត្វ​អំពិលអំពែក គឺ​នៅត្រង់ថា អំពូល​ភ្លើង​បញ្ចេញ​កំដៅ​ខ្លាំង​នៅពេល​វា​បញ្ចេញ​ពន្លឺ ចំណែក​អំពិលអំពែក​វិញ វា​បញ្ចេញ​ពន្លឺ​ត្រជាក់ ដោយសារ​ថាមពល​ដែល​ប្រើប្រាស់​ក្នុងការ​បញ្ចេញ​ពន្លឺ​គឺមាន​កម្រិត​ទាប​។ ប៉ុន្តែ បើសិន​វា​បញ្ចេញ​កំដៅ​ខ្លាំង នោះ​អំពិលអំពែក​ប្រាកដជា​មិនអាចរ​ស់បាន​នោះទេ​។​អំពិលអំពែក​អាច​គ្រប់គ្រង​ការបញ្ចេញ​ពន្លឺ​នេះ​បាន​ដោយ​ខ្លួនឯង​។ វា​ចាប់ផ្ដើម ឬ​បញ្ចប់​ការបញ្ចេញ​ពន្លឺ​ដោយ​ការបន្ថែម ឬ​បន្ថយ​កម្រិត​អុកស៊ីហ្សែន​ទៅក្នុង​ដំណើរការ​នៃ​ប្រតិកម្ម​ជីវគីមី ដូច​បាន​រៀបរាប់​ខាងលើ​។​សារព័ត៌មាន Science World Report ដកស្រង់​របាយការណ៍​មួយ​ដែល​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Physical Review Letters ឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​បច្ចេកទេស​ថត CT (COMPUTER TOMOGRAPHY) និង​មីក្រូ​ទស្សន៍​កាំរស្មីអ៊ិច បាន​រកឃើញថា អំពិលអំពែក​អាច​បង្វែរ​ទិស​របស់​អុកស៊ីហ្សែន​ដែល​ប្រើប្រាស់​សម្រាប់​មុខងារ​ផ្សេងៗ​របស់​កោសិកា ដោយ​ទាញ​អុកស៊ីហ្សែន​នោះ​ចូល​ទៅខាង​ក្នុងនៃ​ដំណើរការ​ប្រតិកម្ម ហើយ​បំបែក​សារធាតុ luciferin​។ ក្នុងអំឡុង​ពេលនេះ កម្រិត​នៃ​ការប្រើប្រាស់​អុកស៊ីហ្សែន​ក្នុង​កោសិកា ត្រូវ​ថយចុះ ធ្វើឱ្យ​ដំណើរ​ការផលិត​ថាមពល​ត្រូវ​យឺត​មកវិញ​។​សត្វល្អិត​មួយចំនួនធំ ពុំមាន​សួត​នោះទេ ពួកវា​យក​អុកស៊ីហ្សែន​ចូលទៅ​ខាងក្នុង​រាងកាយ​តាមរយៈ​រន្ធ​តូចៗ​ជាច្រើន ដែល​ត​ភ្ជាប់​គ្នា ដែល​ហៅថា រន្ធ​ខ្យល់ (tracheoles)​។ រហូតមកដល់​ប​ច្ច្ច​ប្បន្ន អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​អំពី​វិធី​ដែល​អំពិលអំពែក​ធ្វើឱ្យ​ពន្លឺ​មាន​សភាព​ភ្លឹបភ្លែតៗ​ក្នុង​ល្បឿន​លឿន​ជាង​ធម្មតា​នៅឡើយ ខណៈដែល​សាច់ដុំ​គ្រប់គ្រង​បរិមាណ​អុកស៊ីហ្សែន ដំណើរការ​យឺត​។

ពាណិជ្ជកម្ម

ការបកស្រាយ​បច្ចុប្បន្ន​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​បំផុត​នោះ​គឺថា ឧស្ម័ន NO (Nitric Oxide) មាន​តួនាទី​សំខាន់​ក្នុងការ​ចាត់ចែង​ពន្លឺ​។ នៅពេល​អំពូល​ភ្លើង​នៃ​អំពិលអំពែក​ត្រូវ​បិទ ក៏​ជា​ពេលដែល NO មិនត្រូវ​បាន​ផលិត​។ ក្នុងករណីនេះ បរិមាណ​នៃ​អុកស៊ីហ្សែន​ចូលទៅ​កាន់​កោសិកា​ពន្លឺ ត្រូវបាន​ភ្ជាប់​ទៅនឹង​ផ្ទៃ​នៃ​កោសិកា mitochondria (​កោសិកា​ដែលមាន​មុខងារ​ផលិត​ថាមពល​ឱ្យ​កោសិកា​ដទៃ​) ដូច្នេះ វា​នឹង​មិនមាន​អុកស៊ីហ្សែន​សម្រាប់​ដំណើរការ​ប្រតិកម្ម​បញ្ចេញ​ពន្លឺ​។​វត្តមាន​របស់​ឧស្ម័ន NO ក្នុង​កោសិកា​បញ្ចេញ​ពន្លឺ អនុញ្ញាតឱ្យ​អុកស៊ីហ្សែន​ចូលរួម​ក្នុង​ដំណើរការ​ប្រតិកម្ម​បញ្ចេញ​ពន្លឺ ដោយសារតែ NO ត្រូវបាន​ភ្ជាប់​ទៅកាន់​កោសិកា​ផលិត​ថាមពល ជំនួស​ឱ្យ​អុកស៊ីហ្សែន​។ តាម​ធម្មតា ឧស្ម័ន NO តែង​ត្រូវបាន​រំលាយ​យ៉ាង​លឿន ដូច្នេះ​ទើប​នៅពេល NO មិនត្រូវ​បាន​ផលិត​បន្ថែមទៀត អុកស៊ីហ្សែន​នឹងត្រូវ​បាន​កោសិកា​ផលិត​ថាមពល​ចាប់​ទុក បែបនេះ​នឹងមិន​មាន​អុកស៊ីហ្សែន​សម្រាប់​ដំណើរការ​ប្រតិកម្ម​បញ្ចេញ​ពន្លឺ​ទៀត ដូច្នេះ​ក៏​ធ្វើឱ្យ​ពន្លឺ​មាន​សភាព​ភ្លឹបភ្លែតៗ​៕