ដំបូង​រុញ​ឪពុក​ឲ្យ​បរិភោគ​បាយ​តែម្នាក់ឯង​…​ដល់​កូនតូច​ប្រាប់​ពី​បំណង​ចង់​ធ្វើ​តម្រាប់​តាម​ទើប​ចេញ​នឹក​អនិច្ចា

សង្គមប្លែកៗ
0
547
[wai id="5"]

[wai id="7"]
…​ចាស់ៗ​ច្រើន​មាន​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​ទៅដល់​ក្មេងៗ​កុំ​ឲ្យ​អក​ត្ត​ញ្ញូ​ចំពោះ​ឪពុកម្តាយ ប្រយ័ត្ន​ដល់​ខ្លួន​ចាស់​ទៅ​កូនៗ​ធ្វើតាម​ដែល​គេ​ហៅថា​កម្ម​តាម​ស្នង​។​បុរស​ចំណាស់​ម្នាក់​បានរស់នៅ​ជាមួយ​កូនប្រុស​ខ្លួន កូនប្រសា​ស្រី និង​ចៅប្រុស​អាយុ ៤​ឆ្នាំ​។ ព្រោះតែ​វ័យ​កាន់តែ​ជរា ដៃ​របស់​លោកតា​ចាប់ផ្ដើម​ញ័រ ភ្នែក​ក៏​ស្រវាំង និង​ឧស្សាហ៍​ភ្លាំងភ្លាត់​។​ពេល​ល្ងាចៗ សមាជិកគ្រួសារ​ទាំង​បួន​អង្គុយ​ហូបបាយ​រួម​តុ​ជាមួយគ្នា​។ ប៉ុន្តែ​ដៃ​ញ័រ​និង​ភ្នែក​ព្រិល​របស់​លោកតា បានធ្វើ​ឲ្យ​ការ​ពិសា​អាហារ​របស់គាត់​កាន់តែ​ពិបាក​។ ពេលខ្លះ គ្រាប់សណ្ដែក​រមៀល​ចេញពី​ស្លាបព្រា​របស់គាត់​កំពប់​ពេញ​កម្រាល​ឥដ្ឋ​។ ពេល​គាត់​ចាប់​កាន់​កែវ​ទឹកដោះគោ មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ទឹកដោះគោ​កំពប់​ប្រឡាក់​កម្រាលតុ​។​
ពាណិជ្ជកម្ម

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កូនប្រុស​និង​កូនប្រសា​ស្រី​កាន់តែ​ធុញទ្រាន់​នឹង​សកម្មភាព​របស់​លោកតា​។​ថ្ងៃមួយ​ប្តី​បាន​និយាយ​ទៅកាន់​ប្រពន្ធ​ថា "​យើង​គួរតែ​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​បញ្ហា​ពុក​" ។ "​មើលទៅ​យើង​មិនអាច​ទ្រាំ​នឹង​សភាព​រញីរញ័រ កំពប់​នេះ​កំពប់​នោះ និង​ការរំខាន​ផ្សេងៗ​ដោយសារ​គាត់​ទៀត​ទេ​"​។ គិត​ដូច្នេះ ហើយ​ទាំង​ប្ដី​ប្រពន្ធ​ក៏បាន​រៀបចំ​តុ​មួយ​នៅ​កៀនជញ្ជាំង​សម្រាប់​លោកតា​ពិសា​បាយ​ដាច់ដោយឡែក​។ នៅ​តុ​នោះ​លោកតា​បាន​ពិសា​បាយ​ម្នាក់ឯង ខណៈ​សមាជិក​ផ្សេងៗ​ទទួលទាន​ជុំគ្នា​យ៉ាង​រីករាយ​។ ដោយសារ​លោកតា​ធ្វើ​ឲ្យ​បែក​ចាន​អស់​មួយ​ពីរ ពួកគេ​ចាប់ផ្ដើម​ឲ្យ​លោកតា​ទទួលទាន​ដោយ​ប្រើ​ចាន​ឈើ​។ ពេលខ្លះ​លោកតា​ហូបបាយ​ទាំង​រលីងរលោង​ទឹកភ្នែក ដោយសារ​ឯកោ​ខ្លាំងពេក​។ ទោះយ៉ាងណា​កូនៗ នៅតែ​ប្រើ​សម្ដី​គំហក​លោកតា​នៅពេល​លោកតា​ធ្វើ​ឲ្យ​ជ្រុះ​សម​ស្លាបព្រា ឬ​កំពប់​អាហារ​។ ចៅប្រុស​អាយុ​៤​ឆ្នាំ​បាន​សម្លឹង​ឃើញ​សកម្មភាព​ទាំងអស់នេះ​ដោយ​មិន​និយាយ​អ្វី​ឡើយ​។​ល្ងាច​មួយ​មុន​ហូបបាយ ឪពុក​បានឃើញ​កូនប្រុស​តូច​របស់ខ្លួន​យក​បន្ទះ​ឈើ​តូចៗ​មកលេង​។ ឪពុក​បាន​សួរ​ទៅ​កូន​ថា «​ធ្វើ​អីហ្នឹង​កូន​?» ចំណែក​កូនប្រុស​ក៏​តប​ទៅ​ឪពុក​ខ្លួន​យ៉ាង​ទន់ភ្លន់​វិញ​ថា «​អូ​ប៉ា ខ្ញុំ​កំពុង​ធ្វើ​ចាន​ទុក​ឲ្យ​ប៉ា​និង​ម៉ាក់​ហូបបាយ​ពេល​ខ្ញុំ​ធំ​ឡើង​»​។ កូនប្រុស​ញញឹម​ហើយក៏​បន្តការងារ​របស់ខ្លួន​ទៀត​។ សម្ដី​មួយ​ម៉ាត់​នេះ​ធ្វើ​ឲ្យ​ឪពុកម្ដាយ​របស់គេ​គាំង ស្ងាត់​មាត់​ឈឹង​។ អ្នក​ទាំងពីរ​សម្លឹងមុខ​គ្នា​ដោយ​អារម្មណ៍​ក្ដុកក្ដួល​នឹកឃើញ​ដល់​ឪពុក​ចំណាស់​របស់ខ្លួន​។

នៅ​ល្ងាច​នោះ បុរស​ជា​ប្ដី​បាន​ដឹក​ដៃ​ឪពុក​ចំណាស់​របស់ខ្លួន​ថ្នមៗ​និង​នាំ​គាត់​មក​រួម​តុ​ជាមួយគ្នា​ដូចដើម​វិញ​។ ចាប់ពីពេលនោះ​លោកតា​បានមក​រួម​តុ​ជាមួយ​កូនចៅ​វិញ ហើយ​ពួក​កូនៗ​ក៏​លែង​ខ្វល់ខ្វាយ​រឿង​កំពប់​បាយ​សម្ល ឬ​ជ្រុះ​សម​ស្លាបព្រា​របស់​លោកតា​ទៀត​ដែរ​៕

[wai id="6"]