ចិន និង​អាមេរិក ចាប់ផ្តើម​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ជុំវិញ​វីរុស Covid-19

ព្រឹត្តិការណ៍ថ្មីៗ
0
2696
[wai id="6"]

[wai id="7"]
​មន្ត្រី​ចិន​មួយរូប​បាន​លើកឡើងថា ទាហាន​សហរដ្ឋអាមេរិក អាចជា​អ្នក​នាំ​ជំងឺ COVID-19 ចូលមក​កាន់​ប្រទេស​ចិន ដោយ​ពុំមាន​ការផ្ដល់​ជា​ភស្តុតាង​សម្រាប់​ការអះអាង​របស់លោក​នោះទេ ខណៈពេលដែល​សមាជិក​សភា​មួយរូប​របស់​អាមេរិក គឺ​លោក Rashida Tlaib បាន​ព្យាករណ៍​ថា ពលរដ្ឋ​អាមេរិក​ចន្លោះ​ពី​៧០​ទៅ​១៥០​លាន​នាក់ អាច​នឹង​ឆ្លង ជំងឺ​មួយ​នេះ ។
លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​អះអាង​បែបនេះ​នៅលើ​បណ្ដាញ Twitter កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ជាការ​បន្ទរ​ដល់​ការលើកឡើង​ស្រដៀង​គ្នា​នេះ​នៅតាម​បណ្ដាញ​សង្គម​ដែល​ស្ដីបន្ទោស​សហរដ្ឋអាមេរិក ចំពោះ​ការរីក​រាតត្បាត​សកល ។
ពាណិជ្ជកម្ម

ប្រធាន​មជ្ឈមណ្ឌល គ្រប់គ្រង​និង​បង្កា​ជំងឺ​របស់​ចិន​បាន​និយាយ​ដោយ​ខ្លួនឯង​ថា ប្រភព​នៃ​ជំងឺ​នេះ បាន​ឆ្លង​មកពីផ្សារ​លក់​សត្វព្រៃ​មួយកន្លែង នៅ​ចំ​កណ្ដាល​ទីក្រុង​អ៊ូ​ហាន​។​
​លោក Zhao បាន​អំពាវនាវ​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​ការលើកឡើង​កាលពី​ថ្ងៃ​ពុធ ពី​លោក Robert Redfield ដែលជា​ប្រធាន​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​សហរដ្ឋអាមេរិក ដែល​បាន​និយាយ​ទទួលស្គាល់ថា ពលរដ្ឋ​អាមេរិក​មួយចំនួន ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​ធ្ងន់ អាច​នឹង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ។​
​លោក Zhao​បាន​សរសេរ​តាម Twitter​ថា តើ​ចំណុចសូន្យ​នៃ​អ្នកជំងឺ​បានចាប់ផ្តើម​ពី​ពេលណា​នៅ​សហរដ្ឋអាមេរិក​? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ឆ្លង​? តើ​មាន​មន្ទីរពេទ្យ​ឈ្មោះ​អ្វីខ្លះ​? វា​អាចជា​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​នាំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នៅក្នុង​ទីក្រុង​អ៊ូ​ហាន​។ ត្រូវតែមាន​តម្លាភាព​! ត្រូវតែ​ទម្លាយ​ទិន្នន័យ​របស់​អ្នកជា​សាធារណៈ​! សហរដ្ឋអាមេរិក នៅ​ជំពាក់​ពួកយើង​នូវ​ការពន្យល់​មួយ​នេះ​។​

​លោក Zhao បានទាមទារ​ចង់ដឹង​ផងដែរ ពី​ចំនួន​មនុស្ស​ប៉ុន្មាន​លាន​នាក់​ដែល​បាន​ឆ្លង​ជំងឺ COVID-19 និង​មនុស្ស​ប៉ុន្មាន​ម៉ឺន​នាក់ បាន​ស្លាប់ អំឡុង​រដូវ​កាល​ផ្តាសាយ​ចុងក្រោយ​នេះ ពាក់ព័ន្ធ​ពិតប្រាកដ​នឹង​ជំងឺ COVID-19 ។​
​គួរ​ឲ្យ​ដឹងថា ករណី​ដំបូង​នៃ​វីរុស Corona​ថ្មី បានកើត​មាននៅ​ក្នុង​ទីក្រុង​ភាគ​កណ្តាល​អ៊ូ​ហាន ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន ហើយ​ចាប់តាំងពី​ពេលនោះ ការ​រី​ល​រាលដាល​សកល​នៃ​វីរុស​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​រាប់ពាន់នាក់ ដែល​ភាគច្រើន​នៃ​អ្នកស្លាប់​កើតមានឡើង​នៅក្នុង​ប្រទេស​ចិន ។​
​ស្រប​ពេលដែល​ប្រទេស​ចិន ប្រឈម​នឹង​ការរិះគន់​ខ្លាំង​នោះ ក្រុម​អាជ្ញាធរ បាន​វាយបក​ទៅវិញ​ជាមួយនឹង​ការ​លើកឡើងថា វីរុស​នេះ អាច​នឹងមាន​ដើមកំណើត​នៅ​កន្លែង​ផ្សេង​។​

​លោក​វេជ្ជបណ្ឌិត Zhong Nanshan ដែលជា​គ្រូពេទ្យ​ជំនាញ​ខាង​វីរុស​ឈានមុខ​គេ​មួយរូប​របស់​ចិន បាន​និយាយ​កាលពី​ចុងខែ​កុម្ភៈ​ថា ថ្វីត្បិតតែ​ជំងឺ COVID-19 រកឃើញ​ដំបូង​គេ​នៅក្នុង​ប្រទេស​ចិន​យ៉ាងណាក្តី តែ​វា​ក៏​មិនមែន​មានន័យថា វា​មាន​ដើមកំណើត​នៅ​ចិន​នោះដែរ ។​
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ លោក Zhao​បាន​និយាយថា គ្មាន​ការសន្និដ្ឋាន​នៅឡើយ​ទេ ពី​ដើមកំណើត​នៃ​វីរុស​មួយ​នេះ ហើយ​អ្វីដែល​ពួកយើង​កំពុង​ឆ្លងកាត់​នាពេល​បច្ចុប្បន្ននេះ គឺជា​អព្ភូតហេតុ​សកល ដែល​ប្រភព​របស់​វា នៅ​ត្រូវ​កំណត់​នៅឡើយ​។​
​មតិ​ដូចគ្នា​ជាច្រើន​នៅក្នុង​ប្រទេស​ចិន បាន​លើកឡើងថា អត្ត​ព​លិ​ក​យោធា​សហរដ្ឋអាមេរិក ដែល​ចូលរួម​ការប្រកួត Military World Games ដែលជា​ការប្រកួត​មានការ​ចូលរួម​ពី​ទាហាន​ជាង​១​ម៉ឺន​នាក់ មកពី​បណ្តា​ប្រទេស​ជាង​១០០​ប្រទេស នៅក្នុង​ទីក្រុង​អ៊ូ​ហាន កាលពី​ខែតុលា ឆ្នាំមុន អាច​នឹង​នាំយក​ជំងឺ COVID-19​មកកាន់​ប្រទេស​ចិន​។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់មាន​ភស្តុតាង​នៅឡើយ​ទេ ដើម្បី​គាំទ្រ​ការចោទប្រកាន់​មួយ​នេះ​៕
[wai id="5"]