ទាស់ពាក្យស្ដីគ្នា សង្ឃទ្រុស្ដ​ចាក់​ប្រហារ​លើ​គូ​ទំនាស់​សុគត

ព្រឹត្តិការណ៍ថ្មីៗ
0
392

ខេត្តមណ្ឌលគិរី៖ ព្រះសង្ឃមួយអង្គ ទើបនឹងនិមន្ដមកពីបិណ្ឌបាត ស្រាប់តែ​សង្ឃទ្រុស្ដសីល​មួយអង្គ ទើប នឹង និមន្ដមកថ្មី ស្ទុះទៅចាក់ប្រហារ បណ្ដាលឲ្យសុគតភ្លាមៗ បង្កឲ្យភ្ញាក់ផ្អើល​ដល់ពុទ្ធបរិស័ទជើងវត្ដ រត់មក ជួយ អន្ដរាគមន៍ និងឃាត់សង្ឃទ្រុស្ដសីល កាលពីវេលា​ម៉ោង​៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិត​ក្នុងវត្តដេអេ ស្ថិតក្នុងឃុំពូជ្រៃ ស្រុក​ពេជ្រាដា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា សង្ឃទ្រុស្ដសីល ជាជនបង្កនាម ធឿន នី ព្រះជន្ម៣៩វស្សា ជនជាតិខ្មែរ ​មានទីកន្លែងកំណើតនៅភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ហើយទីលំនៅបច្ចុប្បន្ន គង់នៅវត្តដេអេ ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ រីឯសង្ឃរងគ្រោះព្រះនាម ថ្លាង វុធ ព្រះជន្ម​២៤វស្សា (ឆ្នាំ) ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានដដែល  បា​នបន្ដថា មុនពេលកើតហេតុ សង្ឃរងគ្រោះបាននិមន្ដទៅបិណ្ឌបាត រហូតមកដល់​វេលា​ខាងលើ ទើបនិមន្ដត្រឡប់មកដល់វត្ដវិញ ហើយរៀបចំចង្ហាន់ឲ្យព្រះសង្ឃ​ដទៃទៀតឆាន់។ ប៉ុន្ដែមិន​ដឹង​ជាមានរឿងអ្វី ស្រាប់តែសង្ឃបង្កបាន​យកកាំបិតទៅ​ចាក់ប្រហារ​លើ​សង្ឃ​រងគ្រោះ បណ្ដាល​ឲ្យសុគត​ភ្លាម​តែ​ម្ដង។ បន្ទាប់ចាក់ប្រហារទៅលើសង្ឃរងគ្រោះ រួចហើយ ជនបង្កក៏បានបន្ដធ្វើ​សកម្មភាពហិង្សា​ទៅលើសង្ឃ​ដទៃ​ទៀត តែត្រូវបរិស័ទចំណុះ​ជើង​​វត្ដមក​ទាន់ ហើយស្រែកឆោឡោ បង្កឲ្យភ្ញាក់ផ្អើល​ពេញភូមិ និងរាយការណ៍​ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង។

ប្រភពព័ត៌មានពីអ្នកភូមិ បាន្យដឹងថា សង្ឃរងគ្រោះមានអត្ដចរិតស្លូតបូត មិនដែល​បង្កបញ្ហា​អ្វីឡើយ ហើយ​សង្ឃ​​អង្គនេះ មានពុទ្ធបរិស័ទចូលចិត្ដច្រើន។ ប៉ុន្ដែព្រះអង្គ​មិន​មាន​ញាម​ប្រុស​ស្រី (ឪពុកម្ដាយ)។ ប៉ុន្ដែ​មុន​ពេល​បួស គឺព្រះអង្គរស់នៅជាមួយនឹងជីដូន។ ដោយឡែក​សង្ឃ​បង្ក ទើបនឹងចូលមកគង់ នៅក្នុងវត្តខាងលើនេះទេ តែ​មាន​ចរិតមិនដូចសង្ឃដទៃ ហើយ​សង្ឃអង្គនោះទំនងជាបួសហើយមិនរៀនធម៌អាថ៌ទេ ដោយគ្រាន់​តែបួស​យកសាស​នា​ជាខែល ទើបប្រព្រឹត្ដអំពើហិង្សាបែបនេះ។

បើតាមចាស់ព្រឹទ្ធាចារ្យ ដែលចេះដឹងវិន័យសង្ឃពុទ្ធសាសនា បានថ្លែងថា កាលណា​បួស​ជាសង្ឃ គឺត្រូវលះបង់ចោលឲ្យអស់នូវទោស: (ការខឹងក្រោធ) មោហ: (ភាពល្ងង់ខ្លៅ) និងរាគ: (តម្រេក) ជាដើម។ ប៉ុន្ដែប្រសិនបើឈានដល់ការប្រើអំពើហិង្សា បណ្ដាលឲ្យមនុស្សស្លាប់​បែបនេះ ត្រូវអាបត្ដិធ្ងន់ ពោលគឺបារាជិក។ អាបត្ដិនេះកាលណាត្រូវហើយ ត្រូវតែសឹកចេញ ហើយក៏មិនអាចបួសវិញជាភិក្ខុបានឡើយ។  

មន្រ្ដីនគរបាលស្រុក  បានឲ្យដឹងថា បើតាមការសន្និដ្ឋានបឋម ករណីនេះអាចបណ្ដាល​មកពីការទំនាស់ពាក្យ​សម្ដី​គ្នា ទើបឈានដល់អំពើហិង្សា រហូតមបង្កឲ្យមានអ្នក​ស្លាប់​បែបនេះ។
ក្រោយពេលកើតហេតុ សង្ឃបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់ផ្សឹក ហើយនាំទៅកាន់​អធិការដ្ឋាននគរបាល​ស្រុក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕