សំណាង​ហើយ ! បន្លែ​ផ្ទុក​កាកសំណល់​ថ្នាំ​សម្លាប់​សត្វល្អិត នាំចូល​ពី​វៀតណាម ចេះ​ត្រូវបាន​មន្ត្រី​ជំនាញ​កម្ពុជា​ឃាត់​បាន

ព្រឹត្តិការណ៍ថ្មីៗ
0
2673


[wai id="7"]
​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ បានធ្វើការ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ ដែល​អាជីវករ​ខ្មែរ​នាំ​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយបាន​រកឃើញ​បន្លែ ចំនួន​៦​មុខ មាន​ផ្ទុក​កាក សំណល់​ថ្នាំ សម្លាប់​សត្វល្អិត កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ ។​

​ក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​បន្លែ ២២ គំរូ រួមមាន​៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កា​ខាត់ណា ពោត​បារាំង ផ្កាស្នោ ក្រូចឆ្មារ ឃ្លោក ផ្លែ​ម្រះ ម្ទេស ត្រប់​ស្រួច ផ្លែ​ល្ពៅ ននោង សណ្តែកបារាំង ស្ទឹ​ក​ខ្ទឹម ម្ទេស​ប្លោក ផ្កា​គូឆាយ និង​ផ្កា​ឡៃ​ហៀ​ង ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​
​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​បន្លែ​រួមមាន​៖ ស្ពៃបូកគោ ផ្កា​ខាត់ណា ពោត​បារាំង ក្រូចឆ្មា​តូច ផ្កា​គូឆាយ និង​ផ្លែ​ល្ពៅ ដែលមាន​ផ្ទុក​សំណល់​ថ្នាំ​សំលាប់​សត្វល្អិត​។ បន្ទាប់មក​មន្ត្រី​សាខា​បានធ្វើ​កំណត់ហេតុ​ដកហូត​ដើម្បី​ធ្វើការ​កម្ទេច ចោល និង​បាន​ណែ​នាំឱ្យ​អាជីវករ​ខាងលើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំ​ចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណា​ដែលមាន​ផ្ទុក​សារធាតុ​គីមី ហាមឃាត់​បន្តទៀត ។​

​លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ទទួល បាន​លទ្ធផល មុខទំនិញ​ចំនួន​៦​មុខ ដែល​មន្ត្រី ក​.​ប​.​ប ខេត្តកណ្តាល​រកឃើញ​មាន​ផ្ទុក​កាកសំណល់​ថ្នាំ​សម្លាប់​សត្វល្អិត​ទាំងនេះ លោក​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន មិន​ឲ្យ​ម្ចាស់​ទំនិញ​នាំ​ចូលមក​កម្ពុជា​ទៀត​ទេ​។ ចំពោះមុខ​ទំនិញ​និង​បន្លែ​ផ្សេងៗ លោក​នឹង​សហការ​ជាមួយ​មន្ត្រី ក​.​ប​.​ប ដើម្បី​ពិនិត្យ​តាមដាន​បន្តទៀត ហើយ​ប្រសិនបើ​រកឃើញ​បន្លែ នៅតែមាន​ផ្ទុក​កាក សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត (​សារធាតុ​គីមី​) លោក​នឹង​បញ្ឈប់​ឲ្យ​មានការ​នាំចូល​តែម្តង​។​

​យ៉ាងណាមិញ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់​តាម​ទូរស័ព្ទ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​អំពី​ករណី​សង្ស័យ​ទៅលើ​មន្ត្រី ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​អនុញ្ញាត​ឲ្យ​មាន​ការនាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ពី​ប្រទេសជិតខាង ចូលក្នុង​ប្រទេស​។​

​ការទាមទារ​នេះ​ធ្វើឡើង ក្រោយពី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើលិខិត​មួយច្បាប់ បង្គាប់​ឲ្យ​រដ្ឋបាលខេត្ត​ទាំងអស់​ជាប់​ព្រំប្រទល់​ប្រទេសជិតខាង​កម្ពុជា ទប់ស្កាត់​ការនាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព​ចូលមកក្នុង​ប្រទេស​។​
​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ដែល​តំណាង​ឲ្យ​គ្រួសារ​កសិករ​នៅតាម​ជនបទ​ប្រមាណ ២ ម៉ឺន​គ្រួសារ​ទូទាំងប្រទេស បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅថ្ងៃនេះ​ថា​៖
«​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​ត្រូវបង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់​តាម​ទូរស័ព្ទ (Hot line)»​សម្រាប់​ប្រជាពលរដ្ឋ​រាយការណ៍​អំពី «​មន្ត្រី ឬ​អាជ្ញាធរ​ណា​ដែល​បានធ្វើ​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​បើក​» ដៃ​ឲ្យ​មាន​ការនាំ​បន្លែ ផ្លែឈើ ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ពី​ប្រទេសជិតខាង ចូល​ប្រទេស​កម្ពុជា​៕




[wai id="5"]