សម្តេច​តេ​ជោ ចាត់វិធានការ​ក្តៅ​ដោយ​គ្មាន​ការលើកលែង​នោះឡើយ​ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី​ចំពោះ​រឿង​ទាំងនេះ …

ព្រឹត្តិការណ៍ថ្មីៗ
0
4774
[wai id="8"]



[wai id="7"]

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ​ក្តៅ​ដោយ​គ្មាន​ការលើកលែង​នោះឡើយ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី​លើ​ការអនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ការឃុបឃិត​គ្នា​ដាក់​សាច់ញាតិ​ខ្លួន ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅនេះ បានប្រកាស​ដាក់ឱ្យអនុវត្ត​ន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន ៥៦​ម៉ឺន​គ្រួសារ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​
​តាមរយៈ​ហ្វេ​សបុ​កនៅ​ថ្ងៃទី​៣០​ខែមិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន និង​ក្រើនរំលឹក​ដល់​មន្ត្រី​ជា​អ្នក​អនុវត្តន៍​លើ​ការងារ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ត្រូវអនុវត្ត​ឲ្យ​ត្រឹមត្រូវ គ្មាន​ការឃុបឃិត បើ​មិន​ដូច្នេះ​ទេ​នឹងរង​ការចាត់វិធានការ​គ្មាន​ការលើកលែង​ឡើយ​។
​ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងកំលុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ធានាថា​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហាលំបាក​ពិតប្រាកដ​ទទួលបាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។​
ពាណិជ្ជកម្ម

​សម្តេច​តេ​ជោ បន្ថែមថា ការងារ​នេះ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេភូមិ និង​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ដែល​ត្រូវតែ​ធ្វើឱ្យបាន​ច្បាសលាស់ និង​ហ្មត់ចត់​បំផុត​។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ ប្រកាស​ដាក់បទបញ្ជា​ឲ្យ​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​នេះ​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​លើ​ការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ចៀសវាង​ការឃុបឃិត​ដាក់បញ្ចូល​សាច់ញាតិ​ខ្លួន​ក្នុង​បញ្ជី​ទទួលបាន​ប្រាក់ឧបត្ថម្ភ បើ​មិន​ដូច្នេះ​ទេ​នឹងរង​ការចាត់វិធានការ​ក្តៅ​ដោយ​មិន​លើកលែង​ឡើយ បើ​រកឃើញ​ភាពមិនប្រក្រតី​។

​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កាលពី​ថ្ងៃទី​២៩​ខែមិថុនា ក៏បាន​ក្រើនរំឭក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដែលជា​អ្នកប្រតិបត្តិ​ក្នុងការ​ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវបំពេញ​ការងារ​រ​បស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​គោលការណ៍ នីតិវិធី​ណែនាំ​របស់​រាជរដ្ឋាភិបាល កុំ​បន្លែបន្លំ​ក្នុងការ​កោស​កៀរ​រកលុយ​កាក់ ពី​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​។ ធ្វើយ៉ាងណា កុំ​ឲ្យ​មាន​បញ្ហា​ល្អក់កករ ពាក់ព័ន្ធ​នឹង​ការផ្តល់​សាច់​នេះ​ឲ្យ​សោះ ហើយ​ប្រសិនបើ​មាន​កំហុស​នោះ​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​។​
​សូមបញ្ជាក់ថា ការឧបត្ថម្ភ​សាច់ប្រាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​ជំហាន​ដំបូង​មាន​រយៈពេល​ពីរ​ខែ គឺ​ខែមិថុនា និង​ខែកក្កដា​។ តែ​ប្រសិនបើ​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ត​យាយី រាជរដ្ឋាភិបាល​នឹង​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ទៅ​ខែ​បន្តបន្ទាប់​ទៀត​។ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​សាច់ប្រាក់​សរុប​រហូតដល់​ទៅ ១២៥​លាន​ដុល្លារ ដើម្បី​ត្រៀម​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្នុងកំលុងពេល​ជំងឺ​កូ​វីដ​១៩​រាតត្បាត​។​

​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ត្រូវមាន​ប​ណ្ឌ​សមធម៌ ដែលមាន​សុពលភាព ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ​៖ ក្រ​កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុងកំលុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​សាលាឃុំ សង្កាត់​ណាមួយ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់ថា ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​នឹងត្រូវ​ផ្តល់ជូន​ទៅតាម​ប្រភេទ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។​
​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​កំណត់​ដូចខាងក្រោម​៖

​ទី​១៖ តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៥២០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​៤ ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម​៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុកមេរោគ​អេដស៍​។​
* «​សម្រាប់​បណ្ណ ក្រ​-២»៖ ក្នុង​១​គ្រួសារ ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៣៦ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛​ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង និង​អ្នក​ផ្ទុកមេរោគ​អេដស៍​។​
​ទី​២៖ តំបន់​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៤​ម៉ឺន​រៀល​)​សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ៤​ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ។​
* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម​២៨ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​
​ទី​៣៖ តំបន់​ជនបទ​
* «​សម្រាប់​បណ្ណ ក្រ​១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ២៤ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​
* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​រួ​សារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ១៦ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​១៦ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង​អ្នក​ផ្ទុកមេរោគ​អេដស៍​៕
[wai id="5"]