ធនាគា​ពិភពលោក ផ្តល់​ឥណទាន ១០០​លាន​ដុល្លារ​អាមេរិក​ឲ្យ​កម្ពុជា​ដើម្បី​…..

សេដ្ឋកិច្ច
0
753
[wai id="8"]


[wai id="7"]
​ធនាគា​ពិភពលោក បានអនុម័ត​ឥណទាន ១០០​លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​១៧ កក្កដា​នេះ​សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគម​ន៍​ជនបទ ។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់ ធនាគារពិភពលោក នៅ​ថ្ងៃទី​១៧ កក្កដា បាន​ឲ្យ​ដឹងថា គម្រោង​នេះ នឹង​ពង្រីក លទ្ធភាព សម្រាប់​សហគមន៍​ជនបទ ឲ្យ​ទទួលបាន​សេវា​ចាំបាច់​នានា ដូចជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង​ទីផ្សារ​តាមរយៈ ការកែលម្អ​ផ្លូវ​ជនបទ ឱ្យ​កាន់​តែមាន​ភាព​ធន់ ទៅនឹង​កត្តា​ប្រែប្រួល​របស់​អាកាសធាតុ ។ ការកែលម្អ​នឹង ត្រូវធ្វើ​ទៅលើ​ផ្នែក​ជាច្រើន នៃ​តាម​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែលជា​លទ្ធផល ជួយ​កាត់​បន្ថយថ្លៃ ចំណាយ​លើ​ការដឹកជញ្ជូន និង​ហានិភ័យ​គ្រោះថ្នាក់​ដោយសារតែ​ផ្លូវ​ខូច និង​ជួយ​សម្រួល​ដល់​ខ្សែ ចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​វិស័យ ទេសចរណ៍​ផងដែរ​។​
ពាណិជ្ជកម្ម

​ការចំណាយ​លើ​ការដឹកជញ្ជូន នៅ​ប្រទេស​កម្ពុជា នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ ទោះបី​ជាមាន​ភាពប្រសើរ​ច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​ក្តី​។ ផ្លូវថ្នល់​គឺជា​មធ្យោបាយ ដឹកជញ្ជូន​នាំមុខគេ នៅក្នុង​ប្រទេស​ហើយ​ចាំបាច់​ត្រូវ មានការ​វិនិយោគ​ច្រើន ជាពិសេស​នៅតាម​តំបន់​ជនបទ​។ ផ្លូវ​ជនបទ​មាន​ជាង​៧៥​ភាគរយ នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំងប្រទេស ប៉ុន្តែ​មានតែ ៥​ភាគរយ​ប៉ុណ្ណោះ​ដែលជា​ផ្លូវ​ក្រាល​កៅស៊ូ​។​
​ការប្រែប្រួល​អាកាសធាតុ បានធ្វើ​ឱ្យមាន​ភ្លៀង​និង​ទឹកជំនន់​ធំៗ​បង្ក​ហានិភ័យ​ខូចខាត​កាន់តែខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ ។​ការវិភាគ​អំពី​ស្ថានភាព​ប្រើប្រាស់​របស់​ផ្លូវ​ជនបទ ដែល​ត្រូវបានធ្វើ​ឡើងជា​ផ្នែក​មួយ នៃ​ការរៀបចំ​គម្រោង​នេះ បង្ហាញថា​ក្នុង រដូវ​ទឹកជំនន់ ជាង​២៦​ភាគរយ នៃ​ប្រជាជន​រស់នៅ ក្នុង​តំបន់​របស់​គម្រោង​ប្រឈម នឹង​ហានិភ័យ​គ្មាន​ផ្លូវ​ប្រើ សម្រាប់​ទៅរក សេវា​បន្ទាន់ ផ្នែក​សុខ​ភិ​បាល និង​សាលារៀន ។ ក្រៅពីនោះ ១៨​ភាគរយ ទៀត​ត្រូវ​ចំណាយ ពេល ៣០​នាទី ឬ​ច្រើនជាង​នេះ សម្រាប់​ធ្វើដំណើរ​ទម្រាំ ទៅដល់​មន្ទីរពេទ្យ ដែលជា​ស្ថាន​ប្រឈម នឹង​ភាព​ស្លាប់​រស់​មួយ ។ ការជ្រើសរើស​ផ្លូវ សម្រាប់​ការ វិនិយោគ នៃ​គម្រោង​នេះ ផ្តល់​អាទិភាព ដល់​ផ្លូវ​ទាំងឡាយណា ដែល​ត​ភ្ជាប់​ផ្ទះ​អ្នកស្រុក​ជាមួយ​មន្ទីរពេទ្យ សាលារៀន និង ទីផ្សារ​។​តំបន់​គោលដៅ​របស់​គម្រោង​នេះ​មាន ផ្លូវ​នៅក្នុង​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ ដែល​គ្របដណ្តប់​លើ​ប្រជាជន ជាង​២​លាន​នាក់ ក្នុងនោះ ៨០​ភាគរយ រស់​នៅតាម​ទីជនបទ​ដាច់ស្រយាល ។​
​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​នៅតាម​ជនបទ នៅតែ​ប្រឈម​ការលំបាក ក្នុងការ​ទទួលបាន​សេវាសាធារណៈ​នានា ដោយសារ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​។​

«​កង្វះ​លទ្ធភាព​សម្រាប់​ទទួលបាន​សេវា​មន្ទីរពេទ្យ សាលារៀន និង​សម្រាប់​ដឹកទំនិញ​ទៅកាន់​ទីផ្សារ ជាពិសេស​ក្នុង​រដូវវស្សា នៅតែ​ចោទ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​នៅតាម​តំបន់​ជនបទ​។ គម្រោង​ថ្មី​នេះ​គឺជា​ការបន្ត​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​របស់​កម្ពុជា​។ វា​នឹង​ត​ភ្ជាប់​កាន់តែ​ប្រសើរ​ជាង​មុន​ដោយបាន​ភ្ជាប់​ប្រជាជន​ទៅនឹង​ការទទួលបាន​សេវា កាត់បន្ថយ​ការ​ដាច់​ផ្លូវ និង​បង្កើត​ការងារ​សម្រាប់​សហគម​ន៍​មូលដ្ឋាន​ក្នុងពេល​សាងសង់​ផ្លូវ ដែល​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ ទៀតផង​»​។ នេះ​បើតាម​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា​៕

[wai id="5"]