សារាចរ​ណែនាំ ពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្នុង ឱកាស​ឈប់សម្រាក​ពិធី បុណ្យ​ចូល ឆ្នាំ​ខ្មែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
794
[wai id="9"]

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សារាចរ​ណែនាំ ពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ រយៈពេល​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០២១​ខាងមុខនេះ​។​
ពាណិជ្ជកម្ម

​រាជរដ្ឋាភិបាល​សូម​ណែនាំ​ដល់​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​អំពាវនាវ​ដល់​សាធារណជន​ទូទាំងប្រទេស​ត្រូវយក​ចិត្ត​ទុកដាក់​គោរព និង អនុវត្ត​ប្រកបដោយ​ភាព ម្ចាស់ការ ស្មារតី​ភ្ញាក់រលឹក និង​ការទទួលខុសត្រូវ​ខ្ពស់ នូវ «​សារាចរ​ណែនាំ​លេខ​០១ សរ​ណន ចុះ ថ្ងៃទី​២១ ខែមីនា ឆ្នាំ ២០២១ ស្តីពី​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ពីថ្ងៃ​ពុធ ៣​កើត ខែ ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព​.​ស ២៥៦៤ ដល់​ថ្ងៃ​សុក្រ ៥​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ និង​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ឱកាស ឈប់សម្រាក​នេះ​- ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​បណ្ដា​វិធានការ​លម្អិត​បន្ថែម ដូចខាងក្រោម​៖

 ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា សំដៅ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អប្រសើរ ព្រមទាំង​ធានា​នូវ​ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ម៉ត់ចត់ និង​ខ្ជាប់ខ្ជួន អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន ទាំង​នៅក្នុង​ការគ្រប់គ្រង​ចរាច​រណ៍ ការដឹកជញ្ជូន​មនុស្ស និង​ការធ្វើដំណើរ​ឆ្លងកាត់​រា​ជ​ធានី​-​ខេត្ត និង​ទាំង​នៅតាម​ទីតាំង​សាធារណៈ​នានា ពិសេស​នៅតាម​វត្ត​អារាម រមណីយដ្ឋាន និង​ទីតាំង​ផ្សេងទៀត ដែល​អាចមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំគ្នា​ក្នុង​ចំនួន​ច្រើន​។​

 សាធារណជន​គ្រប់រូប​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​៖
​ទី​១៖ សូម​នៅ​ជួបជុំ​ក្រុមគ្រួសារ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន ចៀសវាង​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ដោយ​មិនចាំបាច់ និង​ចៀសវាង​ការធ្វើដំណើរ​មិនចាំបាច់​ឆ្លងកាត់​រាជធានី​-​ខេត្ត​
​ទី​២៖ ចៀសវាង​នូវ​ការធ្វើដំណើរ​មិនចាំបាច់ ទៅកាន់ ឬ ចេញ​-​ចូល​តំបន់ ឬ ទីកន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កំណត់ដោយ​ក្រសួង​សុខា​ភិ​-​បាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​
​ទី​៣៖ ចៀសវាង​នូវ​ការរៀបចំ​ពិធី​ផ្សេងៗ រួមទាំង​ពិធី​សាសនា​ផង ឬ ការជួប​ជុំគ្នា​ទាំងឡាយណា​ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន និង​
​ទី​៤៖ អនុវត្ត​វិធានការ «៣ ការពារ​» និង «៣ កុំ​» ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ខ្ជាប់ខ្ជួន និង​គ្រប់ៗ​គ្នា​។​
​ទី​៥៖ រាជរដ្ឋាភិបាល​សូម​ក្រើនរំលឹក និង​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ក្រុមហ៊ុន និង​អាជីវករ​ដឹកជញ្ជូន អ្នកដំណើរ​គ្រប់​ប្រភេទ មិនត្រូវ​តម្លើងថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល​សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ម៉ត់ចត់ និង​ខ្ជាប់ខ្ជួន​ចំពោះ​អ្នកដំណើរ​នៅលើ​យានយន្ត​របស់ខ្លួន​៕