រាជធានីបាងកក៖ ក្រោយពេលរដ្ឋាភិបាលថៃ បានប្រកាសលុបចោលកញ្ឆាចេញពីបញ្ជីគ្រឿងញៀន ប្រភេទទី៥របស់ខ្លួន ហើយលែងដាក់ទោសទណ្ឌដល់អ្នកពាក់ព័ន្ធនឹងកញ្ឆារួចមក សាលារៀន ជាង៤០០កន្លែង នៅក្នុងទីក្រុងបាងកក បានចេញមុខ មកប្រកាស អំពីគ្មានការប្រើប្រាស់កញ្ឆា ព្រោះការប្រើប្រាស់កញ្ឆា ធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់សិស្សារបស់ខ្លួន។
សារព័ត៌មាន Thaipbs World បានចេញផ្សាយ កាលពីថ្ងៃ ពុធ ទី១៥ ខែមិថុនា ថា អភិបាលក្រុងបាងកក លោក ឆែដឆាត ស៊ីតទីភុនត៍ (Chadchart Sittipunt) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃពុធ ថា សាលារៀនទាំងអស់ នៅក្នុងទីក្រុងបាងកក មានចំនួន៤៣៦កន្លែង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន គឺជាតំបន់គ្មានកញ្ឆា។ ការប្រកាសនេះ មានប្រសិទ្ធភាពចាប់តាំងពីថ្ងៃនេះតទៅ។
លោកអភិបាលក្រុងបាងកក បានបញ្ជាក់ថា មិនមានការលក់ដូរ ឬការផ្សព្វផ្សាយម្ហូបអាហារ ការផឹក ឬបង្អែម មានផ្ទុកសារធាតុកញ្ឆា នៅតាមសាលារៀននោះឡើយ។ អ្នកគ្រប់គ្រងសាលារៀន និង បុគ្គលិកសិក្សា គួរតែធ្វើជាគំរូដល់សិស្ស ដោយចៀសវាងនូវការប្រើប្រាស់កញ្ឆា ហើយត្រូវតាមឃ្លាំមើលដល់សិស្សរបស់ខ្លួន ឱ្យដិតដល់ ការពារកុំឱ្យសិស្សានុសិស្ស ប្រើប្រាស់កញ្ឆា។ ក្រៅពីនេះ លោកគ្រូ អ្នកគ្រូ ត្រូវតែអប់រំដល់សិស្សានុសិស្សទាំងអស់ ឲ្យយល់ដឹង អំពីគ្រោះថ្នាក់ នៃការប្រើប្រាស់កញ្ឆា ឬដើមកញ្ឆា និងសារធាតុចម្រាញ់ពីកញ្ឆា។
អាជ្ញាធរក្រុង បានបន្ដថា សាលារៀន ទាំង៤៣៦កន្លែង នៅក្នុងក្រុង បានប្រកាសថា មិនមានកញ្ឆា។ ចំណែកអ្នកគ្រប់គ្រងសាលារៀន ក៏ដូចជា លោកគ្រូ អ្នកគ្រូ ត្រូវស្វែងរកជំនួយ ពីមាតាបិតា និង អាណាព្យាបាលរបស់សិស្ស ឲ្យតាមដានមើលទៅតាមតូបលក់ដូរ នៅជុំវិញសាលារៀន ដើម្បីឲ្យប្រាកដថា ពួកគេមិនបានលក់កញ្ឆា ឬដើមកញ្ឆា ក៏ដូចជា ម្ហូបអាហារ និង ភេសជ្ជៈ ដែលមានផ្ទុកនូវសារធាតុកញ្ឆានោះឡើយ។
រាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានលុបចោលកញ្ឆា ចេញពីបញ្ជីគ្រឿងញៀន ប្រភេទទី៥របស់ខ្លួន។ ដោយឡែក អ្នកទោសជាង៣០០០នាក់ ពាក់ព័ន្ធនឹងករណីកញ្ឆានេះ ក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ ហើយកញ្ឆា១៦តោនដែលសមត្ថកិច្ចបានរឹបអូសនោះ ក៏ត្រូវបានប្រគល់ទៅម្ចាស់ដើមវិញផងដែរ។
លោកវេជ្ជបណ្ឌិត ស៊ុមសាក អាប់ឃ្លីប (Somsak Akksilp) អគ្គនាយក នាយកដ្ឋានសេវាកម្មវេជ្ជសាស្ដ្រថៃ បានបញ្ជាក់ថា ការប្រើប្រាស់កញ្ឆា គួរតែកំណត់ សម្រាប់ការប្រើប្រាស់តែក្នុងគោលបំណងផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ ព្រោះថា ការប្រើប្រាស់រុក្ខជាតិប្រភេទនេះ សម្រាប់ការសប្បាយ ឬកម្សាន្ត និង អនុញ្ញាតឲ្យកុមារប្រើប្រាស់ អាចនឹងបណ្តាលឱ្យខូចខួរក្បាល និង ប៉ះពាល់ដល់សុវត្ថិភាពសុខភាព។
លោកវេជ្ជបណ្ឌិត ស៊ុមសាក អាប់ឃ្លីប បានព្រមានប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កញ្ឆា សម្រាប់មនុស្ស មានអាយុក្រោម២៥ឆ្នាំ និង ការប្រើប្រាស់កញ្ឆា សម្រាប់ការកម្សាន្ដ ឬការសប្បាយ។ ការប្រើប្រាស់កញ្ឆា ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាល និង ប្រព័ន្ធប្រសាទ ជាពិសេស សម្រាប់សិស្ស ដែលខួរក្បាល មានសមត្ថភាពសិក្សា នឹងរងនូវផលប៉ះពាល់។ នាយកដ្ឋាននេះ តែងតែគាំទ្រដល់ការប្រើប្រាស់កញ្ឆា សម្រាប់តែគោលបំណងវេជ្ជសាស្ដ្រតែប៉ុណ្ណោះ។ ប៉ុន្ដែនាយកដ្ឋាន បានប្រឆាំងដាច់ខាតដល់ការប្រើប្រាស់កញ្ឆា សម្រាប់កុមារ និង សម្រាប់ការសប្បាយ ឬកម្សាន្ដ។ ការប្រើប្រាស់កញ្ឆា សម្រាប់កុមារ គួរតែផ្តល់ឱ្យ សម្រាប់តែការព្យាបាលជំងឺឆ្កួតជ្រូក ដែលកុមារមានភាពធន់នឹងឱសថ។
ដោយឡែក សម្រាប់គោលបំណងផ្នែកវេជ្ជសាស្ត្រផ្សេងទៀត កញ្ឆាគួរតែប្រើប្រាស់ សម្រាប់ការព្យាបាលអាការបែបស្លេកស្លាំង និង ព្យាបាល សម្រាប់អ្នកកើតជំងឺមហារីក ដែលទទួលរងនូវការក្អួត ឬចង្អោរ បន្ទាប់ពីការព្យាបាល ដោយការប្រើប្រាស់សារធាតុគីមីហើយ នៅតែមិនឆ្លើយតបនឹងឱសថ។
លោកវេជ្ជបណ្ឌិត ស៊ុមសាក អាប់ឃ្លី បានបន្ថែមទៀតថា «យើងដឹងច្បាស់ អំពីគុណសម្បត្តិ នៃកញ្ឆា ប៉ុន្តែគុណវិបត្តិដ៏ធ្ងន់ធ្ងររបស់កញ្ឆា រួមមាន ការញៀន និង បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកបើកបរ ស្ថិតក្រោមឥទ្ធិពលរបស់វា។ រឿងបែបនេះ បានកើតឡើងរួចមកហើយ នៅក្នុងប្រទេសផ្សេងៗទៀត។ ក្រៅពីនេះ ផលប៉ះពាល់ នៃការប្រើប្រាស់កញ្ឆា នឹងធ្វើឲ្យបំពង់កស្ងួត ញ័រទ្រូង គេងមិនលក់ និង ថប់បារម្ភ…ជាដើម»៕