បណ្តាសារ​នៅ Barnsley Gardens

អាថ៌កំបាំង
0
584
នៅក្នុង​ឆ្នាំ ១៨២០ មាន​បុរស​ម្នាក់​ឈ្មោះ Godfrey Barnsley ដែល​បានធ្វើ​ដំណើរ​ចេញ​មកពី Liverpool ប្រទេស​អង់គ្លេស មកកាន់​ប្រទេស​អាមេរិក​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់​បាន​ក្លាយជា​អ្នកមាន​មួយរូប​នៅ​អាមេរិក​ខាងត្បូង​ដោយ​ធ្វើជា​ឈ្មួញ​ជួញដូរ និង​ដឹកជញ្ជូន​កប្បាស​។

​នៅក្នុង​ឆ្នាំ ១៨២៨ គាត់​បាន​ជួប​ជាមួយ​នារី​ម្នាក់​ឈ្មោះ Julia Scarborough ជា​អ្នករស់នៅ Savannah រដ្ឋ Georgia ហើយ​ពួកគេ​ក៏បាន​រៀបការ​នៅក្នុង​ឆ្នាំ​ដដែល​ក្នុង​ថ្ងៃ​គ្រិស្ត​ម៉ាស់​។​
​អ្វីៗ​គ្រប់យ៉ាង​មើលទៅ​ដំណើរការ​យ៉ាង​រលូន​នៅក្នុង​ជីវិត តែ​ពួកគេ​មិនដឹងថា​មាន​អ្វី​កំពុង​រង់ចាំ​ពួកគេ​នៅខាងមុខ​នោះទេ​។
​ប្រហែលជា ១០​ឆ្នាំ​ក្រោយមក សហរដ្ឋអាមេរិក​បាន​បណ្តេញ​ជនជាតិ​ឥណ្ឌា​ស្បែក​ក្រហម​ហៅថា Cherokee ចេញពី​តំបន់​ទន្លេ Mississippi ពួកគេ​រស់នៅ​តាំងពី​យូរ​មកហើយ​ឲ្យ​ទៅ​តំបន់​ផ្នែក​ខាងកើត​វិញ ដែលជា​សកម្មភាព​មួយ​ធ្វើ​ឲ្យ​ក្រុម​ជនជាតិដើម​នោះ​ខឹងសម្បារ និង​កើតទុក្ខ​ជាខ្លាំង​។ ប៉ុន្តែ​សម្រាប់ Godfrey Barnsley វិញ​គឺជា​ឪ​កាស​ដ៏​ល្អ​មួយ​ក្នុង​ការទិញ​ដី​ទំហំ ៤,០០០​ហិច​តា ហើយ​គាត់​ក៏បាន​ទិញ​ដី​នៅ​តំបន់​ពាយ័ព្យ​នៃ​រដ្ឋ Georgia និង​បាន​សាងសង់​វិមាន​ធំ​មួយ​សម្រាប់​ប្រពន្ធ និង​កូន​ទាំង​៥​នាក់​របស់គាត់​។



​បន្ទាប់ពី​ទិញ​ដី​ហើយ Godfrey បាន​ជួប និង​រាប់អាន​ជាមួយ​បុរស Cherokee ចំណាស់​ម្នាក់​ដែល​មិន​ព្រម​រើ​ចេញពី​តំបន់​នោះ​។ គាត់​បាន​ហៅ​បុរស​នោះមក​នៅ​ជាមួយ និង​សន្យា​ផ្តល់​ការងារ​សាងសង់​វិមាន​របស់គាត់​ធ្វើ​។ ក្រោយពី​លឺ​បែបនេះ បុរស Cherokee រូប​នោះបាន​ផ្លាស់ប្តូរ​ទឹកមុខ​ភ្លាមៗ និង​បាន​ប្រាប់ Godfrey ដាច់ខាត​មិន​ឲ្យ​សាង​សង់ផ្ទះ​នៅលើ​ដី​មួយ​ប្លង់​នេះ​ទេ ដោយ​លើក​ហេតុផល​ថា​ដី​នេះ​ពិសេស​សម្រាប់​ប្រជាជន Cherokee ដូចនេះ​ប្រសិនបើ​អ្នកផ្សេង​មក​សាងសង់ ព្រលឹង​បុព្វបុរស​ដែល​ថែរក្សា​ទឹកដី​នេះ​នឹងមិន​អត់​ឧន​ឲ្យ​លោក​នោះទេ លោក​នឹង​ជួបតែ​រឿង​អាក្រក់ និង​សេចក្តី​វិនាស​។
Godfrey ឮ​ហើយក៏​មិនបាន​យកចិត្តទុកដាក់​ស្តាប់ ព្រោះ​មិន​ជឿ​ទៅលើ​រឿង​អ​បិ​យ​ជំនឿ​នោះទេ​។ ក្រោយពី​ឃើញ Godfrey មិន​ស្តាប់​ដូចនេះ គាត់​ក៏បាន​ចាកចេញ​ដោយ​គ្មាន​អ្នកណា​ដឹង​និង​មិន​ត្រឡប់​រហូតមក​។​

​ការសាងសង់​វិមាន​បានចាប់ផ្តើម​ឡើង និង​ដំណើរការ​ដោយ​មិនមាន​បញ្ហា​អ្វី​នោះទេ ហើយ Godfrey ក៏បាន​ភ្លេច​ពាក្យ​ដែល​បុរស​ចំណាស់​នោះបាន​ផ្តាំ​ទៅ​។ ការសាងសង់​បាន​ឈាន​មកដល់​ពាក់កណ្តាល រួចរាល់ ប្រពន្ធ​របស់គាត់ នាង Julia ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​មិនដឹង​មូលហេតុ គាត់​ខិតខំ​ស្វែងរក​គ្រប់​ពេទ្យ​ទាំងអស់​មក​ព្យាបាល​តែ​ស្ថានភាព​កាន់តែ​ដុនដាប​ទៅៗ រហូត​នាង​ស្លាប់បាត់​បង់ជីវិត​ទើប​គេ​សន្និដ្ឋានថា​នាង​បាន​ស្លាប់​ដោយសារ​ជំងឺរបេង​។ គេ​ចាប់ផ្តើម​ឃើញ​អ្វីដែល​បុរស​ចំណាស់​នោះបាន​ផ្តាំ បាន​កំពុង​ក្លាយជា​ការពិត ហើយ​ការស្លាប់​របស់​នាង Julia នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ភាព​សយ​ចង្រៃ​សម្រាប់ Barnsley ប៉ុណ្ណោះ​។


Godfrey បាន​សោកសៅ និង​កាន់ទុក្ខ ហើយ​ផ្អាក​ការសាងសង់​អស់​ជាច្រើន​ឆ្នាំ​រហូតមកដល់​ឆ្នាំ ១៨៤៦ គាត់​បាន​និយាយថា គាត់​បាន​ជួបនឹង​ព្រលឹង​របស់ Julia ហើយ​នាង​បាន​ប្រាប់​គាត់​ឲ្យ​សង់ផ្ទះ​នេះ​ឲ្យ​រួច កុំ​ទុកចោល​ពាក់កណ្តាល​ទី​បែបនេះ​។ ដោយសារតែ​នៅ​ស្រឡាញ់ នឹង​ចង់ឃើញ​ប្រពន្ធ​ទៀត Godfrey បាន​បន្ត​ការសាងសង់​ដោយ​ជួល​វិស្វករ Andrew Jackson មកជួយ​សាងសង់​និង​រចនា​សួនច្បារ​ព្រមទាំង​ផ្ទះ​ទាំងមូល​។

​ការសាងសង់​បានបញ្ចប់​នៅក្នុង​ឆ្នាំ ១៨៤៨ ដោយ​ផ្ទះ​នេះ​មាន​ម៉ូដ​បែប​អ៊ីតាលី និង​មាន​គ្រឿង​សង្ហា​រឹម​មកពី​ប្រទេស​ផ្សេងៗ​គ្នា​តាំង​លម្អ​ផ្ទះ​យ៉ាង​ស្អាត​សមជា​ផ្ទះ​របស់​អ្នកជំនួញ​លំដាប់​ពិតមែន​។ ក្រោយពី​នោះគេ​មិនឃើញ​មាន​បញ្ហា​អ្វី​នោះទេ គាត់​ក៏​រស់នៅ​យ៉ាង​ស្ងប់ស្ងាត់​ជាមួយ​កូនៗ​នៅក្នុង​វិមាន​នេះ​ទៅ​។ ភាពស្ងប់ស្ងាត់​នេះ​ប្រៀបដូចជា​មេឃ​ស្ងប់​មុន​ព្យុះ​ដូចគ្នា​នេះឯង ព្រោះ​សង្គ្រាមស៊ីវិល​បាន​ផ្ទុះឡើង Robert មិត្តភក្តិ​ល្អ​របស់ Godfrey ដែលជា​វរសេនីយ៍​បាន​ព្យាយាម​ជួប Godfrey ដើម្បី​ប្រាប់​ពី​ដំណឹង​សង្គ្រាម​នេះ និង​ឲ្យ​ការពារ​ខ្លួន តែ​ជា​អកុសល​មិត្តភក្តិ​ម្នាក់នេះ​ត្រូវបាន​គេ​ទ័ព​សត្រូវ​បាញ់សម្លាប់​នៅ​តំបន់​ក្បែរ​ផ្ទះ​នេះ​។ Godfrey ដឹង​ដំណឹង​មិត្តភក្តិ​ស្លាប់​ដោយសារ​ចង់​មក​ប្រាប់​ខ្លួន​ក៏បាន​យក​សព​មិត្ត​មក​ធ្វើ​ពិធី និង​បញ្ចុះ​នៅក្រោយ​ផ្ទះ​របស់ខ្លួន​។ មិន​ត្រឹមតែ​បាត់បង់​មិត្ត​ល្អ​នោះទេ Godfrey ជំនួញ​កប្បាស​របស់គាត់​ក៏បាន​ខាត​ដួលរលំ​។

​បន្ទាប់ពី​សង្គ្រាម​ចប់ Godfrey បានធ្វើ​ដំណើរ​ទៅ​ឃ្លាំង​ស្តុក​កប្បាស​ដើម្បី​រៀបចំ​ការរកស៊ី​ឡើងវិញ ហើយ​ប្រគល់​ផ្ទះ​ឲ្យ​កូនប្រសារ James Peter គ្រប់គ្រង​បណ្តោះអាសន្ន តែ​មិនបាន​ប៉ុន្មាន​ផង Peter ត្រូវបាន​ស្លាប់​ដោយសារតែ​ត្រូវ​ដើមឈើ​ដួលរលំ​សង្កត់​នៅក្នុង​សួនច្បារ​។
​នៅក្នុង​ឆ្នាំ ១៨៨៥ កូនស្រី Godfrey ដែល​ប្តី​បាន​ស្លាប់ចោល ក៏​ជួប​ជាមួយ​កា​ពី​ទែន​កប៉ាល់​ជនជាតិ​អាល្លឺម៉ង​ឈ្មោះ Henry Von និង​បាន​រៀបការ​ជាមួយគ្នា​។ ក្រោយមក​បាន​ប៉ុន្មាន​ឆ្នាំ ក្នុង​ឆ្នាំ ១៨៧៣ Godfrey បាន​ស្លាប់ និង​ស្ទើរតែ​គ្មាន​លុយ​ក្នុង​ខ្លួន​សោះ​។ សព​របស់គាត់​ត្រូវបាន​យកមក​បញ្ចុះ​នៅ​បរិវេន​ផ្ទះ​របស់គាត់​។ ការស្លាប់​របស់​អ្នក​នៅក្នុង​ផ្ទះ​បានកើត​ឡើងជា​បន្តបន្ទាប់ កូនស្រី​របស់គាត់​បាន​រៀបការ​ជាមួយ​ស្វាមី​ក្រោយ​មិនបាន​ប៉ុន្មាន គាត់​ក៏បាន​ស្លាប់ចោល​នាង​ដោយ​មិនដឹង​មូលហេតុ ដោយសារតែ​ភាព​សោកសៅ​ក្នុងការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ មិនយូរប៉ុន្មាន​កូនស្រី​គាត់​ក៏បាន​ស្លាប់​តាម​ស្វាមី​ដែរ​។ ផ្ទះ​ត្រូវបាន​ចៅស្រី​របស់គាត់​នាង Adelaide ជា​អ្នកគ្រប់គ្រង និង​បាន​រៀបការ​ជាមួយ​គីមី​វិទូ​ឈ្មោះ Saylor មានកូន​ប្រុស ២​នាក់​គឺ Harry និង Preston​។ ដូចដែល​ការគិត​ទុក Saylor បាន​ស្លាប់​ដោយ​មិនមាន​មូលហេតុ​ដូចគ្នា ចោល​កូនតូចៗ និង​ប្រពន្ធ​ទាំង​វ័យក្មេង​។


​ពួកគេ​បានរស់នៅ​យ៉ាង​ស្ងប់ស្ងាត់ ហើយ​កូនប្រុស​របស់​នាង​ម្នាក់​បាន​យក​អាជីព​ជា​អ្នកបោក​ចំបាប់​គីឡូ​ធ្ងន់​និង​មិនសូវ​បានមក​ផ្ទះ​នោះទេ នៅសល់តែ Harry និង​ម្តាយ​ដែល​នៅផ្ទះ និង​ជួសជុល​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​តាម​ដែល​អាច​ធ្វើបាន​។ ដោយ​ឃើញ Harry ហាក់​រវល់​នឹង​ការជួលជុល​រៀបចំផ្ទះ​ពេក Preston គិតថា​ប្អូន​កំពុងតែ​រៀបចំ​ផែន​ការយក​ផ្ទះ​ទាំងមូល ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ធំ​មួយ​កើតឡើង​។ ក្នុង​ជម្លោះ​នេះហើយ ដែល Preston បាន​ខឹង​យ៉ាងខ្លាំង និង​បាញ់​បញ្ចប់ជីវិត​របស់​ប្អូន​ខ្លួន​ក្នុងពេលនោះ​ទៅ​។ Preston ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពីនោះ​ភ្លាមៗ​ដែរ នៅក្នុង​ផ្ទះ​សល់​តែ Adelaide ម្នាក់​ប៉ុណ្ណោះ​ជា​អ្នកគ្រប់គ្រង​ផ្ទះ​នេះ តែ​ក៏​មិនបាន​នៅ​យូរ​នោះដែរ គឺ​នាង​ស្លាប់​នៅក្នុង​ឆ្នាំ ១៩៤២​។
​ផ្ទះ​នេះ​ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ ប៉ុន្តែ​មិនមាន​អ្នកណា​ហ៊ាន​ចូល​រស់នៅ​នោះទេ ដោយសារតែ​អ្នករស់នៅ​តំបន់​នេះ​ថា​គេ​ឃើញ​ស្រមោល​របស់​សមាជិក​ផ្ទះ​នេះ​នៅពេល​ព្រលប់ៗ តែងតែ​ដើរ​នៅ​សួនច្បារ​ផ្ទះ ហើយ​នៅពេល​ខ្លះ​គេ​ឮ​សម្លេង​ជើងមនុស្ស​នៅក្នុង​ផ្ទះ​បាក់បែក​នេះ​ផងដែរ​។

​គេ​សន្និដ្ឋានថា​នេះ​ជា​ព្រលឹង​របស់​សមាជិកគ្រួសារ​នេះ​ដែល​នៅជាប់​បណ្តាសារ​របស់​ម្ចាស់​ទឹកដី​ដើម​មិនអាច​ទៅ​ចាប់ជាតិ​បាន ហើយ​អ្នក​ដែល​គ្រប់គ្រង​ផ្ទះ​នេះ​នឹងត្រូវ​ទទួល​វាសនា​បែបនេះ​ដូចគ្នា ទើប​ផ្ទះ​នេះ​ទុកចោល​ដោយ​គ្មាន​ម្ចាស់​មកដល់​បច្ចុប្បន្ន​។ គ្មាន​នរណា​ដឹង​ទេ​ថា​តើ​បណ្តាសារ​នេះ​ពិត ឬ​អត់ ហើយ​វា​សាបរលាប ឬ​នៅទេ​។