កាសែតរដ្ឋកូរ៉េខាងជើងបានធ្វើការចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យអំពីការរៀបចំផែនការបើកការឈ្លានពានមកលើប្រទេសរបស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាយខ៍ ផម់ភីអូ ត្រូវបានលុបចោល។
យោងតាមសារព័ត៌មាន NBC ដោយបានស្រង់ប្រភពពីកាសែតរ៉ូដុងស៊ីនម៉ុនរបស់កូរ៉េខាងជើងបានឲ្យដឹងថា «យើងមិនអាចធ្វើអ្វីបានទេ ប៉ុន្តែបានត្រឹមកត់សម្គាល់ពីអាកប្បកិរិយាបោកប្រាស់របស់សហរដ្ឋអាមេរិក ពីព្រោះតែប្រទេសនេះកំពុងជាប់រវល់ធ្វើសមយុទ្ធសម្ងាត់នៅពីក្រោយខ្នង ដែលពាក់ព័ន្ធនឹងអង្គភាពពិសេសនៃការសម្លាប់មនុស្ស ខណៈពេលដែលមានការសន្ទនាជាមួយស្នាមញញឹមនៅមុខខ្លួន។ សហរដ្ឋអាមេរិកនឹងបង្កើតកំហុសគួរឲ្យសោកស្តាយ ប្រសិនបើប្រទេសនេះគិតថា ខ្លួនអាចធ្វើការបំភ័យនរណាម្នាក់តាមរយៈការទូតទូកចម្បាំង»។
យោងតាមសារព័ត៌មានរ៉យទ័រ កាសែតនេះបានដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយដោយនិយាយថា សមយុទ្ធមួយ ដែលស្ថានទូតអាមេរិកប្រចាំនៅទីក្រុងសេអ៊ូលមិនបានដឹង ត្រូវបានគ្រោងនឹងធ្វើឡើងដោយអង្គភាពពិសេសរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុនជាមួយនឹងគោលបំណងបញ្ជ្រាបចូលកូរ៉េខាងជើង។
កាសែតដដែលនេះបាននិយាយថា ទង្វើនេះបង្ហាញថា សហរដ្ឋអាមេរិកកំពុងតែបង្កើតសាច់រឿង ដើម្បីបង្ហាញនូវសង្គ្រាមប្រឆាំងនឹងកូរ៉េខាងជើង និងប្រព្រឹត្តនូវឧក្រិដ្ឋកម្ម ដែលគួរទទួលទណ្ឌកម្មខ្លាំងក្លា ក្នុងករណីសហរដ្ឋអាមេរិកទទួលបរាជ័យ នៅក្នុងសេនារីយ៉ូនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរក្រុមចោរព្រៃ និងគ្មានយុត្តិធម៌មកលើកូរ៉េខាងជើង។
កាលពីពេលថ្មីៗកន្លងទៅនេះ កូរ៉េខាងជើងបានហៅទណ្ឌកម្មថ្មីរបស់អាមេរិក ដែលគ្រោងនឹងដថាក់ប្រឆាំងមកលើខ្លួនថា គឺជាទណ្ឌកម្មរបស់ក្រុមចោរព្រៃ។ កាលពីខែមិថុនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកត្រាំ បានជួបគ្នានៅក្នុងកិច្ចប្រជុំមួយជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក ជុងអ៊ុនម្តងរួចមកហើយ។ កិច្ចប្រជុំនោះបានសម្រេចថា កូរ៉េខាងជើងនឹងត្រូវលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួន រីឯអាមេរិកវិញត្រូវបញ្ឈប់សមយុទ្ធរបស់ខ្លួននៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
ថ្មីៗនេះ លោកផម់ ភីអូត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទឹកដីកូរ៉េខាងជើងដើម្បីបន្តកិច្ចចរចា ប៉ុន្តែលោកត្រាំបានលុបចោលនូវដំណើរទស្សនកិច្ចនោះមួយថ្ងៃបន្ទាប់វាត្រូវបានប្រកាស។
លោកត្រាំបានសរសេរនៅលើបណ្តាញធ្វីតតឺថា «ខ្ញុំបានស្នើកុំឲ្យរដ្ឋមន្ត្រីការបរទេសម៉ាយខ៍ ផម់ភីអូនទៅកាន់ប្រទេសកូរ៉េខាងជើងនៅពេលនេះអី ព្រោះខ្ញុំមានអារម្មណ៍ថា យើងមិនទាន់មានដំណើរការគ្រប់គ្រាន់ ក្នុងការគោរពតាមការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះទេ»។
គួរកត់សម្គាល់ថា ថ្មីៗនេះ រូបភាពពីផ្កាយរណបរបស់ក្រុមអ្នកឃ្លាំមើលសកម្មភាពកូរ៉េខាងជើងបានឲ្យដឹងថា កូរ៉េខាងជើងបានផ្អាកការរុះរើទីតាំងបាញ់គ្រាប់មីស៊ីលរបស់ខ្លួនហើយ។ កាលពីខែមុន សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសនេះកំពុងតែបន្តផលិតគ្រាប់មីស៊ីល ដែលអាចមានសមត្ថភាពវាយប្រហារទៅដល់ទឹកដីសហរដ្ឋអាមេរិកបាន៕DNT-NEWS
Home ព្រឹត្តិការណ៍ថ្មីៗ កូរ៉េខាងជើង៖ អាមេរិកកំពុងតែរៀបចំផែនការបើកការចូលឈ្លានពានប្រទេសរបស់ខ្លួនហើយ!