ខណៈដែលទីក្រុងតូក្យូ និងទីក្រុងមូស្គូមានភាពតានតឹងនឹងគ្នាក្នុងសំណុំរឿងប្រជុំកោះគូរៀលមិនទាន់បាត់ផង ទីក្រុងតូក្យូបានទទួលយកនូវគ្រាប់មីស៊ីលការពារដែនអាកាស Aegis Ashore និងគ្រោងនឹងដាក់តម្លើងគ្រាប់មីស៊ីលទាំងនេះក្នុងរយៈពេល ៤ឆ្នាំខាងមុខ ចំពេលដែលស្ថានការរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងតែឡើងកម្តៅខ្លាំង។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនអំពីការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore នាពេលខាងមុខដោយនិយាយថា ខ្លួនមិនអាចចាត់ទុកថាជាការរំលោភបំពានលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីទេ ពីព្រោះកិច្ចព្រមព្រៀងនេះមិនអនុវត្តចំពោះក្រុងតូក្យូនោះទេ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសនេះ បានធ្វើឡើងក្នុងរយៈពេលជិត ២សប្តាហ៍ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា ជប៉ុននឹងណែនាំគ្រាប់មីស៊ីល អេជីស អាស្យ័រ ដើម្បីស្ទាក់ចាប់គ្រាប់មីស៊ីលប៉ាឡេស្ទីក ប៉ុន្តែនឹងមិនធ្វើទំនើបកម្មប្រព័ន្ធការពារមីស៊ីលនេះឲ្យមានសមត្ថភាពបាញ់មីស៊ីលប្រដែតនោះទេ។
ប្រទេសជប៉ុនបានអនុម័តការដាក់ពង្រាយប្រព័ន្ធមីស៊ីល Aegis Ashore ដែលមានមូលដ្ឋានលើដីចំនួនពីរគ្រឿង កាលពីខែធ្នូ ឆ្នាំ ២០១៧ ដែលទំនងជាដើម្បីបង្កើតការពារប្រឆាំងមីស៊ីលប្រឆាំងនឹងកូរ៉េខាងជើង។ រដ្ឋាភិបាលគ្រោងនឹងដំឡើងប្រព័ន្ធនេះនៅភាគខាងជើងខេត្ដ Akita និងភាគខាងត្បូងខេត្តយ៉ាម៉ាគូជី នៅឆ្នាំ ២០២៣ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ប្រព័ន្ធមីស៊ីល Aegis Ashore គឺដូចគ្នាទៅនឹងប្រព័ន្ធ Mk-41 ដែលផលិតនៅអាមេរិក ដែលត្រូវបានគេដាក់ពង្រាយរួចហើយនៅក្នុងប្រទេសរ៉ូម៉ានី និងប៉ូឡូញ។
លោកបានសម្តែងការព្រួយបារម្ភថា ប្រព័ន្ធទាំងនេះ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអះអាងថា មានគោលបំណងសម្រាប់ការពារតែប៉ុណ្ណោះ អាចត្រូវបានប្រើប្រាស់ដើម្បីបាញ់មីស៊ីល Tomahawk ដែលរំលោភលើសន្ធិសញ្ញានុយក្លេអ៊ែរចម្ងាយមធ្យម។
ការប្រកាសតម្លើងមីស៊ីលពីជប៉ុននេះ ធ្វើឡើងចំពេលស្ថានការណ៍រវាងរុស្ស៊ី និងអាមេរិកកំពុងឡើងកម្តៅ។ កាលពីថ្ងៃពុធទី២០ កុម្ភៈម្សិលមិញនេះ លោកពូទីនបានគម្រាមជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកនឹងប្រើមីស៊ីលល្បឿនលឿនជាងសម្លេងរបស់ខ្លួនវាយប្រហារទៅលើសហរដ្ឋអាមេរិក បើសិនជាមានគ្រាប់មីស៊ីលអាមេរិកណាមួយត្រូវបានដាក់ពង្រាយនៅអ៊ឺរ៉ុប ឬប្រទេសណាដែលអាចគម្រាមទៅលើរុស្ស៊ី។
Home ព្រឹត្តិការណ៍ថ្មីៗ ខណៈដែលរុស្ស៊ីគម្រាមកម្ទេចប្រទេសណាដែលហ៊ានតម្លើងមីស៊ីលអាមេរិក ជប៉ុនស្វាគមន៍វត្តមានមីស៊ីលអាមេរិក ចង់ដឹងថារុស្ស៊ីហ៊ានធ្វើអីមកលើខ្លួន