រក​មូលហេតុ​ឃើញ​ហើយ ចំពោះ​ការធ្លាក់ចុះ ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅ​ឆ្នាំ​២០១៩

សេដ្ឋកិច្ច
0
325
​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា​រយៈពេល ១២​ខែ នៃ​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុងនោះ ចំនួន​ភ្ញៀវ​សរុប​មាន​ជាង ២,២​លាន​នាក់ (​ធ្លាក់ចុះ ១៤,៨៦​ភាគរយ​) និង​ចំណូល​សរុប​ជាង​៩៩​លាន​ដុល្លារ (​ធ្លាក់ចុះ ១៥,០៤​ភាគរយ​)​។ ​របាយការណ៍​ដដែលបានឲ្យុដឹងថា ភ្ញៀវទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរវត្ត បាន​ធ្លាក់ចុះ តាំងពី​ខែមិថុនា ឆ្នាំ​២០១៩​មក​ម្លេះ​។ ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ រហូតដល់​បច្ចុប្បន្ននេះ គឺ​ដោយសារ តែ​ក្រុមហ៊ុន​ដែល​លក់​កញ្ចប់ ទេសចរណ៍​មួយ ជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍ ព្រោះថា​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​យក​ភ្ញៀវ​មក​ក្នុងតម្លៃ​ទាប​ឬ​មិន​ចំណេញ​តែម្ដង តែ​ពួកគេ​រកស៊ី​នៅតាម​ហាង​វត្ថុ​អនុស្សាវរីយ៍ អាហា​រដ្ឋា​ន ឬ​សណ្ឋាគារ​ជាដើម​ដែល​លក់​ក្នុងតម្លៃ​ខ្ពស់​។ នេះ​ជាការ​លើកឡើង​របស់លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង ពិធី​បិទ​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១១ កក្កដា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ ។​   ​គួរ​បញ្ជាក់ដែរថា យោងតាម​របាយការណ៍​របស់ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក របស់​អាល្លឺម៉ង់ You Discover បានបង្ហាញ​ពី​សក្តានុពល​នៃ​ខេត្តសៀមរាប ដែលមាន​ប្រាសាទបុរាណ​ជាច្រើន ជាពិសេស​គឺ ប្រាសាទអង្គរវត្ត ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ គួបផ្សំ​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ដែល​បង្កើតបានជា បរិយាកាស​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​។ តាម​ការ​ព្យាករ ប្រទេស​កម្ពុជា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦​លាន ៦​សែន​នាក់ នៅ​ឆ្នាំ ២០២០ និង​ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ ២០៣០ ដោយ​រំពឹង​រកចំណូលបាន​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​ប្រមាណ ២​លាន​កន្លែង​៕