ADB ផ្តល់​កម្ចី ២៩ លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​កំណែទម្រង់​វិស័យសំខាន់ៗ​ទាំងនេះ​

សេដ្ឋកិច្ច
0
1194
[wai id="8"]

[wai id="7"]
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន ជាង​២៩​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យ​ប្រសើរឡើង នូវ​ការផ្តល់សេវា​តាមរយៈ កំណែទម្រង់​សំខាន់ៗ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ ជាពិសេស​នៅតាម​តំបន់​ជនបទ ដែល​ភាគច្រើន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​។​
​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បញ្ជាក់ថា ក្នុងចំណោម​កម្ចី​ទាំង​ជិត​៣០​លាន​ដុល្លារ​នេះ មាន ២០​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​វិធីសាស្ត្រ ដើម្បី​ពង្រឹង​ផែនការ គោលនយោបាយ និង​ការគ្រប់គ្រង​សារពើពន្ធ​នៃ​រដ្ឋបាល​មូលដ្ឋាន ក៏ដូចជា​រដ្ឋបាល​សាធារណៈ ក្នុងការ​អភិវឌ្ឍ​ផ្នែក​សេវា និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​បានធ្វើ​វិមជ្ឈការ​រួម​។​
ពាណិជ្ជកម្ម

​រីឯ កម្ចី​៩,៣៥​លាន​ដុល្លារ​ទៀត​នោះ គឺ​សម្រាប់​អនុវត្ត​គម្រោង កសាង​សាលា​រដ្ឋបាល​មូលដ្ឋាន​ជាតិ ដែលជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​តំបន់​។ បើតាម​ធនាគារអភិវឌ្ឍន៍អាស៊ី ការអនុវត្ត​គម្រោង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ១,៧​លាន​ដុល្លារ ផងដែរ​។​

​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី លោកស្រី Jhelum Thomas បាន​លើកឡើងថា គម្រោង​នេះ មាន​គោលបំណង​ជួយ​ដល់​រដ្ឋបាល​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងការ​ផ្តល់នូវ​សេវាសាធារណៈ​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព ហើយក៏​ជាការ​បង្រួម​គម្លាត​តំបន់​ជនបទនិង​ទីប្រជុំជន​។ លោកស្រី Jhelum Thomas បន្តថា «​គម្រោង​នេះ​ចាំបាច់​ណាស់ ខណៈដែល​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ផ្លាស់​ទី​ពី​ទីក្រុង​ទៅ​ជនបទ​។ ប្រការនេះ​នឹង​នាំ​ដល់​សម្ពាធ​បន្ថែម​ដល់​រដ្ឋបាល​មូលដ្ឋាន​ក្នុងការ​ផ្តល់ជំនួយ​សង្គម និង​សេវាកម្ម​ចាំបាច់ ដូចជា ផ្លូវថ្នល់ ការផ្គត់ផ្គង់​ទឹក​និង​អនាម័យ ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​សមធម៌​»៕