សម្តេច​តេ​ជោ ៖ ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការចំណាយ​៥០​ភាគរយ ដូច្នេះ​រដ្ឋ​អាច​ប្រមូល​ថវិការ​បាន​ចំនួន​៤០០​លាន​ដុល្លារ​…

ព្រឹត្តិការណ៍ថ្មីៗ
0
1547
[wai id="5"]

[wai id="7"]
​កាលពីពេល​ថ្មីៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការចំណាយ​៥០​ភាគរយ​លើកលែងតែ​ក្រសួង​ចំនួន​បី គឺ​ក្រសួងការបរទេស ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងពាណិជ្ជកម្ម ដែល​ត្រូវ​កាត់បន្ថយ​ចំនួន​២៥​ភាគរយ​។ ការកាត់បន្ថយ​ការចំណាយ​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​នេះ នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​អាច​ប្រមូល​ថវិការ​បាន​ចំនួន​៤០០​លាន​ដុល្លារ ដើម្បី​ត្រៀម​ជួយ​ទៅលើ​ផ្នែក​សុខាភិបាល រោងចក្រ កម្មករ​កម្ម​ការ​នី ដែលជា​បញ្ហា​ប្រឈម​ដោយ​មេរោគ​កូ​វីដ​១៩​។
ពាណិជ្ជកម្ម

​ការប្រកាស​អំពី​ការសម្រេចចិត្ត​ដ៏​ម៉ឺង​មាត់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​នៅ​រសៀល​ទី​០៤ ខែមីនា ឆ្នាំ​២០២០ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត បូកសរុប​ការងារ​ឆ្នាំ​ចាស់ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​ឆ្នាំ ២០២០ របស់​ក្រសួងសុខាភិបាល នៅ​សណ្ឋាគារ​សុខា​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​មិញ​នេះ ខ្ញុំ​បានសម្រេច​ផ្តល់នូវ​ការគាំទ្រ​ទៅលើ​ការវិភាគ នោះ [​ការវិភាគ​របស់​គណៈ​កម្ម​ការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​] ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ ជម្រាបជូន​គ្រប់​ស្ថាប័ន ទាំងអស់​ឲ្យ​បាន​ជ្រាបថា ស្ថាប័ន​ទាំងអស់ ត្រូវ​កាត់បន្ថយ​ការចំណាយ​រហូត​ទៅដល់ ៥០​ភាគរយ នៃ​ការចំណាយ​សរុប លើកលែងតែ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង​ទីស្តីការគណៈរដ្ឋមន្ត្រី​ទេ ដែល​នឹងត្រូវ​កាត់បន្ថយ ការចំណាយ ចំនួន​២៥​ភាគរយ នេះ​ជាការ​ជម្រាប​ឲ្យ​បាន​ជ្រាប​ដើម្បី​ឲ្យ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បាន​ជ្រាបថា សូមកុំ បង្កើន​ការចំណាយ​អ្វី​ទាំងអស់ មិន​ត្រឹមតែ​មិន​ឲ្យ​បង្កើន​ការចំណាយ​ទេ យើង​ត្រូវ​កាត់បន្ថយ​ការ ចំណាយ​តែម្តង​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា ការចំណាយ​សម្រាប់​ប្រាក់បៀវត្ស​សម្រាប់​មន្ត្រីរាជការ មិនត្រូវ​បាន កាត់បន្ថយ​នោះទេ ដែល​ទាក់ទង​នឹង​ការចំណាយ​ចរន្ត​ក្នុង​១​ខែ កម្ពុជា​ត្រូវ​ចំណាយ ជាង​៤០០​លាន​ដុល្លារ​។​
​ឆ្លៀតឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​នោះ​មានដូចជា​៖
​ទី​១-​ក្រសួងសុខាភិបាល ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ អំពី​គោលនយោបាយ សុខាភិបាល​សំខាន់ៗ​។​
​ទី​២-​ចំពោះ​ការផ្ទេរ​មុខងារ គ្រប់គ្រង​ធនធាន និង​ផ្តល់​សេវា សុខាភិបាល​ពី​ក្រសួងសុខាភិបាល ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចាប់ពី​ដើមឆ្នាំ ២០២០ គឺជា​ការកែទម្រង់ ប្រកបដោយ តម្លាភាព​ក្នុង វិស័យ​សុខាភិបាល​ដែល​ឆ្លើយតប ទៅនឹង​តម្រូវ​ការអភិវឌ្ឍ​តាមបែប ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​។​
​ទី​៣-​រដ្ឋបាល​រាជធានី​-​ខេត្ត ទាំងអស់​ត្រូវ​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន និង​ភាគី​ញក់​ព័ន្ធ ដើម្បី​រៀបចំ​កែសម្រួល​ឡើងវិញ នូវ​រចនាសម្ព័ន្ធ​ស្ថាប័ន​តួនាទី និង​មុខងារ​នៃ​អង្គភាព​សុខាភិបាល នៅ​ថ្នាក់ក្រោម​ជាតិ ហើយ​ត្រូវ​រក្សា កិច្ចដំណើរការ​ងារ​អង្គភាព សុខាភិបាល​រាជធានី​-​ខេត្ត​ដូច​ធម្មតា​។​
​ទី​៤-​ក្រសួងសុខាភិបាល ត្រូវ​ពិនិត្យ​កែសម្រួល និង​កំណត់​តួនាទី និង​មុខងារ​របស់​ក្រសួង និង​អង្គភាព​សុខាភិបាល ក្រោម​ឱវាទ​នៅ​ថ្នាក់ជាតិ ដើម្បី​អនុវត្ត​ប្រកបដោយ​តម្លាភាព និង​មាន​គណនេយ្យភាព រវាង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាមួយនឹង​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​។ និង​ទី​៥-​រដ្ឋបាល រាជធានី​-​ខេត្ត ត្រូវខិតខំ​ផ្សព្វផ្សាយ កៀរគរ​ការគាំទ្រ​ថវិកា​សម្ភារ និង​បច្ចេកទេស​ពី​ស្ថាប័ន និង​ភាគី​ញក់​ព័ន្ធ​នានា ដោយ​ប្រើប្រាស់​ធនធាន ឆន្ទានុសិទ្ធិ​របស់​រដ្ឋ​បាល រាជធានី​-​ខេត្ត ដើម្បី​ផ្តល់​សេវា​សុខាភិបាល ជូន​ប្រជាជន​តាម​មូលដ្ឋាន ក្នុង​ដែន សមត្ថកិច្ច​រៀងៗ​ខ្លួន ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕
[wai id="6"]