សណ្ឋាគារ​ផ្កាយ​៥ ដែលមាន​អាយុ​ជាង​២០​ឆ្នាំ ប្រាប់​មូលហេតុ​នៃ​ការបិទទ្វារ​

សេដ្ឋកិច្ច
0
368
​ សណ្ឋាគារ​ផ្កាយ​៥​ដែលមាន​វ័យ​ចំណាស់​មួយ នៅ​រាជធានី​ភ្នំពេញ ដែលជា​អតីត​សណ្ឋាគារ Inter-Continental Hotel ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា The Great Duke Phnom Penh នៅ​ដើមឆ្នាំ​២០១៨ នៅពេលនេះ បានប្រកាស​បិទទ្វារ​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ កាលពីពេល​កន្លងទៅ ។ ​ស​ណ្ឋា​ការ​ដ៏​ល្បីល្បាញ​មួយ​នេះ ចាប់​បើក​ដំណើរការ​អាជីវកម្ម​តាំងពី​ឆ្នាំ ១៩៩៦ ក្នុងនាម​ជា​សណ្ឋាគារ Inter-Continental មុនពេល​ប្តូរ​ឈ្មោះ​មកជា The Greate Duke Hotel កាល​ដើមឆ្នាំ ២០១៨ ដោយមាន​ក្រុមហ៊ុន Regency Company Limited ជា​ម្ចាស់​កម្មសិទ្ធិ​។​ ​សណ្ឋាគារ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទទួល​មេដឹកនាំ​ប្រទេស​ជាច្រើន ដែល​ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើកដំបូង​កាលពី​ឆ្នាំ ២០០២​។​ ​យ៉ាងណាមិញ​នៅក្នុង សេចក្តីជូនដំណឹង​បាន​លើកឡើងថា «​ជូន​ចំពោះ​បុគ្គលិក​ទាំងអស់​។ អាស្រ័យ​ដោយ​មូលហេតុ​សេដ្ឋកិច្ច យើង​មានការ​សោកស្តាយ សូម​ជម្រាប​ជូនដំណឹង​ថា សណ្ឋាគារ​នឹង ត្រូវ​បិទ​ដំណើរការ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ តទៅ​បុគ្គលិក​ទាំងអស់ ត្រូវបាន​ស្នើ​ឲ្យ​សម្រាក​មិនបាច់​មក​ធ្វើការ​ទេ​។ ម្យ៉ាងវិញទៀត សណ្ឋាគារ​បាន​ចាត់តាំង​ការិយាល័យ​មេធាវី អេ​ច​ប៊ី​អេស (HBS) ឲ្យ​ទទួលដោះស្រាយ​នូវ​ដំណើរការ​នៃ​ការ បិទ​សណ្ឋាគារ​នេះ រួមទាំង​ការគិតគូរ​ដោះស្រាយ ពី​អត្ថប្រយោជន៍​របស់​បុគ្គ​លិ​ក​ទាំងអស់ ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​»​។ ​គួរ​រម្លឹក​ដែរ​ថា សណ្ឋាគារ ឌឹ ហ្គ្រេ​ត​ឌុ​ក ធ្លាប់មាន​បាតុភាព​បុគ្គល​ចេញ​តវ៉ា​រឿង​បើក​ប្រាក់ខែ​យឺតយ៉ាវ ដោយ​បុគ្គលិក​បានធ្វើ​ពហិការ​មិន​ធ្វើការ​និង​កាន់​បដា​តវ៉ា​នៅមុខ​សណ្ឋាគារ​នេះ​។ ក្រោយមកទៀត​ដោយមាន​ការសម្របសម្រួល​បុគ្គលិក​ក៏​ព្រម​ចូលធ្វើការ​វិញ ជាមួយនឹង​លក្ខខណ្ឌ​ដែល​អ្នកគ្រប់គ្រង​សណ្ឋាគារ​បានផ្ដល់​ជូន ។ តែ​លើក​នេះ​សណ្ឋាគារ​បានប្រកាស​បិទ​ដំណើរការ​និង​បានប្រកាស​ពី​មូល​ហេតុនេះ​ការបិទទ្វារ​ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច​។​ ​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ ២០១៩ នៅ​កម្ពុ​ជាមាន​សណ្ឋាគារ​កំពុង​ដំណើរ​ការសរុប ១៥២ ដែលមាន​បន្ទប់​ស្នាក់នៅ​សរុប ១៧ ៤៥០​។ សណ្ឋាគារ​លំដាប់​ផ្កាយ ៥ មាន​ចំនួន ៣៦ លំដាប់​ផ្កាយ ៤ មាន ៤១ លំដាប់​ផ្កាយ ៣ មាន ៣៣ លំដាប់​ផ្កាយ ២ មាន​ចំនួន ១៩ និង​លំដាប់​ផ្កាយ ១ មាន​ចំនួន ២១​។ ដោយឡែក​ក្នុង​រាជធានី​ភ្នំពេញ មាន​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ៧ ផ្កាយ ៤ ចំនួន ៨ ផ្កាយ ៣ ចំនួន ១៣ ផ្កាយ ២ ចំនួន ៧ និង​ផ្កាយ ១ ចំនួន ៥៕