អភិបាលខេត្ត​កំពង់ស្ពឺ ៖ … ទាក់ទង​រឿង​ស្ពាន​អាកាស​ថ្មើរជើង​តម្លៃ​ជិត ៤០​ម៉ឺន​ដុល្លារ ត្រូវបាន​ទម្លាយ​

សេដ្ឋកិច្ច
0
412
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បន្ទាប់ពី​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានរៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ថ្មើរជើង​ដែល​ឈ្មោះថា «​តេ​ជោ​សន្តិភាព​» ដំបូង​គេ​បង្អស់​បន្ទាប់ពី​រាជធានី​ភ្នំពេញ ក្នុងតម្លៃ​សាងសង់ ៣៤​ម៉ឺន​ដុល្លារ​អាមេរិក បានធ្វើ​ឲ្យ​មាន​ផ្ទុះ​ការរិះគន់​ពី​សំណាក់​មហាជន​មួយចំនួន ថា​មានតម្លៃ​ថ្លៃ​ហួសហេតុ ជាដើម ។​ ​ជុំវិញ​បញ្ហា​នេះ អភិបាលខេត្ត​កំពង់ស្ពឺ​លោក វី សំណាង បាន​សរសេរ​រៀបរាប់ថា​៖ "​គោរព​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​! កាលពី​ថ្ងៃទី ២៩ ខែធ្នូ​ឆ្នាំ ២០១៩ នេះ​រដ្ឋបាលខេត្ត បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​អាកាស​ដើរ​ឆ្លងថ្នល់​( ស្ពាន​តេ​ជោ​សន្តិភាព​កំពង់ស្ពឺ ) ក្រោម​ជំនួយ​សប្បុរសធម៌ របស់លោក​ជំទាវ​កិត្តិ បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ដោយ​ចំណាយ​ណាយ​ទឹកប្រាក់​អស់​ចំនួន 318.523,47$ ( តម្លៃ​ស្ពាន 285.390,83$ បូករួម​ទាំង​សាងសង់​ចិញ្ចើមផ្លូវ​សងខាង 33.132,64$ )​។​ ​សមិទ្ធផល​នេះ​ជា​គម្រោង​ថ្មី​មួយទៀត ដែល​ជួយឧបត្ថម្ភ​ដោយ​លោកជំទាវ​កិត្តិ​បណ្ឌិត​សៀង​ចាន់​ហេង​ទាំងស្រុង​។ ប៉ុន្តែ​ខ្ញុំ​ឃើញ​បងប្អូន​ដែលមាន​ចិត្តចង្អៀត​ចង្អល់​មួយ​មួយចំនួន​តូច ចូលមក​ខំ​មិន​ក្នុងន័យ​ធ្វើឱ្យ​បាត់​សទ្ធា​ជ្រះថ្លា​ពី​សំណាក់​ម្ចាស់​ទាន ដោយ​បញ្ចេញ​នូវ​គំនិត​អគតិ​ក្នុងន័យ​បន្តុះបង្អាប់ ឬ ប​ន្ទុ​ច បង្អាក់​នៅក្នុង​ការចូល​រួម​រួម​អភិវឌ្ឍន៍​ពី​សំណាក់​វិស័យ​ឯកជន ដូចជា​ប្រើពាក្យ​ថា *​ស្ពាន​យួន យួន ម៉េច​ណា​មិនដឹង​?​។​ ​ស្ពាន​ធ្វើ​អស់​លុយ​ច្រើន​មិន​សម​នឹង​តម្លៃ​!​ឡើង​គម្រោង​កិបកេង​លុយ​រដ្ឋ​! ប្រជាពលរដ្ឋ​ត្រូវ​ចំណាយលុយ​ច្រើន ក្នុងការ​បង់ពន្ធ​! ដើរ​ឆ្លងស្ពាន​គិតលុយ​ជាដើម​។ ល ។ ខ្ញុំ​សូម​បញ្ជាក់ជូន​ថា​នេះ​គឺជា​លុយ​ដែលជា​ញើស​ឈាម​របស់​លោកជំទាវ​កិត្តិ​បណ្ឌិត​សៀង​ចាន់​ហេង​ពិតប្រាកដ​! ដែល​លោក​មានការ​ពេញ​ចិត្តជា​មួយ​នឹង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ជាពិសេស​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​តេ​ជោ​នាយករដ្ឋមន្ត្រី​។​ ​មិនតែប៉ុណ្ណោះ​លោកជំទាវ មានការ​ស្រឡាញ់​ពេញចិត្ត​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ខេត្តកំពង់ស្ពឺ ដែលជា​ប្រជាពលរដ្ឋ​ល្អ យល់ដឹង​អំពី​តម្លៃ​នៃ​សន្តិភាព​!!!!! ពីព្រោះ​ពួកគាត់​បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូកទឹកភ្លូកដី ។​ ​សូម​គោរព​បញ្ជាក់ជូន​ថា​លោកជំទាវ​កិត្តិ បណ្ឌិត​សៀង ចាន់​ហេង លោក​មិន​ត្រឹមតែ​ចូលរួម​នៅក្នុង​ការកសាង​វិស័យ ពុទ្ធចក្រ​ទេ​ទាំង​វិស័យ អាណាចក្រ​ទាំង​ពុទ្ធចក្រ​គឺ​គាត់​បាន​ចូលរួម​កសាង​យ៉ាងច្រើន​នៅក្នុង​ខេត្តកំពង់ស្ពឺ​របស់​យើងខ្ញុំ​។​ ​ក្នុងខណៈ​នេះ ដែរ ខ្ញុំ​សូម អំពាវនាវ ពុក​ម៉ែ​បងប្អូន​មេត្តា​ចូលរួម​ថែរក្សា​នូវ​ទ្រព្យសម្បត្តិ​ដែល​យើង​អាចនិយាយបាន​ថា​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​ដែល​កាលពី​សម័យមុនៗ គេ​តែងតែ​យក​កំពង់ស្ពឺ​របស់​យើង​ធ្វើជា​សមរភូមិ​ប្រយុទ្ធ​ដោយ​ចុង​អាវុធ​។​ ​បច្ចុប្បន្ន កំពង់ស្ពឺ ជា​ខេត្ត​ដែល​ពោរពេញ​ទៅដោយ​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដែល​យើង​អាច​មើលឃើញ​ដោយ​ភ្នែក​! នៅពេលដែល​យើង​មើល​ដោយ​បើក​បេះដូង​។​បញ្ជាក់ជូន​ដែរ​ថា​ស្ពាន​នេះ​នៅពេលដែល​បងប្អូន​ដើរ​ឆ្លងកាត់​គឺ​មិនត្រូវ​បានគិត​លុយ​ឡើយ​។​ ​ការកសាង​នេះ​គឺមាន​បំណង​ចង់ឱ្យ​អ្នក​កំពង់ស្ពឺ​ដែល​គាត់​ត្រូវ​ដើរ​ឆ្លងថ្នល់​មិនឱ្យ​មាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​តែប៉ុណ្ណោះ​។ ​សូមបញ្ជាក់ថា​ស្ពាន​អាកាស​ថ្មើរជើង​នេះ​បាន​សាងសង់​រយះពេល ៦​ខែ​ជាង ដែលមាន​កម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុប​អស់​ថវិកា​ប្រមាណ ៣៤​ម៉ឺន​ដុល្លា ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់លោក​ស្រី សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ។​ ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​នឹងចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការ​លើកកម្ពស់​សោភ័ណភាព​មុខមាត់​ខេត្តកំពង់ស្ពឺ​ផងដែរ មិនតែប៉ុណ្ណោះ​ក៏បាន​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផងដែរ ។​