អ្នកវិភាគ​សេដ្ឋកិច្ច ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​ជិត​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី កាន់តែ​ហាក់​ស្ទុះ​ខ្លាំង

សេដ្ឋកិច្ច
0
684
​ បើតាម​ការគូសបញ្ជាក់​ពី​លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​កំពុងស្ថិត​នៅក្នុង​ការសាងសង់ ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី​ខេត្តតាកែវ​។ បើតាម​លោក ពុង ឃាវ​សែ គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ អាច​នឹង​រួចរាល់​នៅត្រឹម​ឆ្នាំ​២០២៣​ខាងមុខនេះ​។​ ​ថ្មីៗ​នេះ គណៈកម្មាធិការ​គម្រោង​នៃ​ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd របស់​ក្រុមហ៊ុន​វិនិយោគ OCIC លោក Yee Con Long បាន​មានប្រសាសន៍ ឱ្យដឹងថា ពេលនេះ​ការ​រចនា​ប្លង់​មេ​ដែលជា​គម្រោង​ស្ថាបត្យកម្ម​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ត្រូវបាន​ធ្វើឡើង​បាន​ប្រមាណ​ជាង​៦០%​ហើយ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែធ្វើការ​សម្រេចចិត្ត​ជ្រើសរើស រក​ក្រុមហ៊ុន​ជំនាញ​១ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​៣ ដែលជា​អ្នកម៉ៅការ​សាងសង់ គម្រោង តម្លៃ​ពាន់​លាន​ដុល្លារ​នេះ​។ ​លោក ច័ន្ទ សុផល អ្នកវិភាគ​សេដ្ឋកិច្ច​និង​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​កម្ពុជា​បាន​ថ្លែងថា តាមរយៈ​គម្រោង​ដ៏​ធំ​នេះ នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ខាងលើនេះ ឲ្យ​មាន​សកម្មភាព​សកម្ម​ឡើង ជាពិសេស​លើ​សកម្មភាព​ដីធ្លី​។ បន្ថែម​លើ​នេះ វា​នឹង​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់ ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ខាងលើនេះ​ផងដែរ​។​ ​គួរ​បញ្ជាក់ដែរថា ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង​២៦០០​ហិច​តា ក្នុង​ទឹកប្រាក់​ជាង​១៥០០​លាន​ដុល្លារ​។ ក្នុងនោះ រដ្ឋាភិបាល​កម្ពុ​ជាមាន​ភាគហ៊ុន​១០% ចំណែក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវ​សែ ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​មាន​ភាគហ៊ុន​ចំនួន​៩០%​។ ដើម្បី​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ រដ្ឋាភិបាល​និង​ក្រុមហ៊ុន OCIC ត្រូវបង្កើត​ក្រុមហ៊ុន​ថ្មី​មួយ ដែលមាន​ឈ្មោះថា «​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ី​ន​វេស​មិន ឬ Cambodia Airport Investment»៕ ​