ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)៖ សេដ្ឋកិច្ចកម្ពុជា​ស្ទុះ​ងើបឡើង​ខ្លាំង​នៅ​ឆ្នាំ​២០២១ រហូតដល់​…

សេដ្ឋកិច្ច
0
1065
[wai id="8"]

[wai id="7"]
​ថ្មីៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​ដំឡើង​តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០២១ ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន នៃ​ផលិតកម្ម វិស័យ​កសិកម្ម និង​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល​មិនមែន​សំលៀកបំពាក់ ដូចជា​កង់ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​។​
ពាណិជ្ជកម្ម

​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​មានប្រសាសន៍ថា កូ​វីដ​១៩ ជា​បញ្ហា​ប្រឈម​ពិភពលោក ដែល​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​ជា​សំណាងល្អ ប្រទេស​កម្ពុជា​មិនបាន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​នោះឡើយ​។ លោកស្រី​រំពឹងថា​កំណើនសេដ្ឋកិច្ច​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩% នៅក្នុង​ឆ្នាំ ២០២១ ដោយសារ​កំលាំង​ជំរុញ នៃ​គោលនយោបាយ​គាំទ្រ របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។
​លោកស្រី​បន្តថា វិធានការណ៍​ទាំងនេះ រួមជាមួយ​នឹង​ការកែទម្រង់​រចនាសម្ព័ន្ធ ដែល​ចាំបាច់ នឹង​កាត់បន្ថយ​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល នៃ​កូ​វីដ​១៩ ទៅលើ​គ្រួសារ និង​អាជីវកម្ម​នានា ហើយនឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា ងើបឡើង​ខ្លាំង​ជាង​មុន​ក្រោម​កូ​វីដ​១៩​។ ការធ្លាក់ចុះ​យ៉ាងខ្លាំង នៃ​ការបញ្ជាទិញ​ពី​អឺរ៉ុប និង​អាម៉េរិក​ខាងជើង បាន​នាំ​ដល់​ការបិទទ្វារ​នៃ រោងចក្រ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង (GTF) ប្រហែល ១​ភាគ​៣ ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ ២០២០ ។ ប៉ុន្តែ​កំណើន​នៃ​ការផលិត​កង់ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច បាន​ជំរុញ​ឱ្យ​ការនាំចេញ ផលិតផល​ក្រៅពី​ទំនិញ​កាត់ដេរ​របស់​កម្ពុជា​កើនឡើង ៣០.៣% ឆ្នាំ​លើ​ឆ្នាំ ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២០​។​

​លោកស្រី​បន្តថា កំណើន​សរុប​នៃ​ផលិតផល​ឧស្សាហកម្ម ត្រូវបាន​ព្យាករ​ថា​នឹង​កើន ៥.១% ក្នុង​ឆ្នាំ ២០២០ ប្រសិនបើ​ការនាំចេញ​នៃ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង​បន្ត​ងើបឡើង​។ កូ​វីដ​១៩ ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ វា​ត្រូវបាន​រំពឹងថា នឹងមាន ការបើក​ដំណើរការ​ជា​បណ្ដើរៗ​ឡើងវិញ នៅ​ឆមាស​ទី​២ នៃ​ឆ្នាំ ២០២០ ប៉ុន្តែ​វិស័យ​សេវាកម្ម​ត្រូវបាន ព្យាករ​ថា​នឹង​ធ្លាក់ចុះ ១៥.១% ក្នុង​ឆ្នាំ ២០២០ ។ ការមកដល់​នៃ​ទេសចរ​អន្តរជាតិ បាន​ធ្លាក់ចុះ ៩៨.១% ឆ្នាំ​លើ​ឆ្នាំ នៅក្នុង​ត្រីមាស​ទី ២ ដែល​បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ជាង ៣០០០ ត្រូវ​បិទទ្វារ ហើយ​កម្មករ​ប្រមាណ ៤៥០០០ នាក់​បាត់បង់​ការងារ​។ ហានិភ័យ​នៅតែមាន ដូចជា​ការបន្ត​ធ្លាក់ចុះ នៃ​ឧស្សាហកម្ម​កាត់ដេរ និង​សំណង់ និង​ការថយចុះ នៃ​កសិផល ដោយសារ​មាន​ភ្លៀង​ធ្លាក់​តិច ក្នុង​ខែមិថុនា​និង​ខែកក្កដា​។ តម្រូវការ​អ្នកប្រើប្រាស់ ក៏​អាច​បន្ត ធ្លាក់ចុះ​ដោយសារ​ជំងឺ​រាតត្បាត​នេះ​។​
​ធនាគារអភិវឌ្ឍន៍អាស៊ី កំពុង​គាំទ្រ​ដល់​ការឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ទៅនឹង​ជំងឺ​រាតត្បាត​នេះ និង​បានផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​២៥០ លាន​ដុល្លារ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ពង្រីក​ការ​គាំពារ​សង្គម និង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បាន​ធ្វើការ​ព្យាករណ៍ ពី​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែរ គឺថា​អាច​នឹង​ធ្លាក់ចុះ​មកដល់ ២,៣% ក្នុង​ឆ្នាំ​២០២០ ដោយសារតែ​ការរីក​រាល នៃ​មេរោគ​កូ​វីដ​១៩ នៅ​ជុំវិញ​សកលលោក ធ្វើ​ឲ្យ​មានការ​ថមថយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ធំៗ និង​ប៉ះពាល់ ដល់​ការនាំចេញ​របស់​កម្ពុជា​។​
​ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា រំពឹង​នឹង​កើនឡើង​វិញ​ដល់ ៥,៧% នៅក្នុង​ឆ្នាំ ២០២១ ក្នុងករណី​ដែល វិបត្តិ​មេរោគ​កូ​វីដ​១៩ ត្រូវបាន​បញ្ចប់ ហើយ​សកម្មភាព​សេដ្ឋកិច្ច វិល​មករក​ភាពប្រក្រតី​វិញ​៕