ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ធំៗ នៅលើ​ពិភពលោក ចំណេញ​ខ្លាំង ទើប​ប្រធាន UN ជំរុញ​ឲ្យ​បង្កើន​ពន្ធ

សេដ្ឋកិច្ច
0
168
រដ្ឋធានី​វ៉ាស៊ីនតោន​៖ រយៈពេល​ត្រឹមតែ​១​ត្រីមាស​ចុងក្រោយ​នេះ ក្រុមហ៊ុន​ធំៗ ចំនួន​៤ រកបាន​ប្រាក់ចំណូល ជិត​៥១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ប្រេង និង ឧស្ម័ន ដោយ​កើនឡើង​ស្ទើរ​ទ្វេដង ធ្វើ​ឲ្យ​ប្រធាន​អង្គការសហប្រជាជាតិ បាន​ស្ដីបន្ទោស ដល់​ក្រុមហ៊ុន​ទាំងនោះ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា នៅលើ​ពិភពលោក ត្រូវ​ប្រមូល​ពន្ធ ពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ចំពេល​មាន​វិបត្ដិ​ថាមពល កាន់តែខ្លាំង​ឡើង​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​៣ ខែសីហា ឆ្នាំ​២០២២ ថា លោក អេ​ន​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការ​សហរ​ប្រជាជាតិ បាន​ថ្កោលទោស ចំពោះ​«​ការ​លោភលន់​ហួសប្រមាណ​» របស់​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន ក៏ដូចជា​អ្នកគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ ហើយ​គាត់​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល នៅ​ទូទាំង​ពិភពលោក «​ត្រូវតែ​ប្រមូល​ពន្ធលើប្រាក់ចំណេញ ដែល​លើស​ទាំងនេះ​» ដើម្បី​គាំទ្រ និង ជួយ​ដល់​ប្រជាជន ងាយ​រងគ្រោះ​បំផុត​។​


​ប្រមុខ​អង្គការសហប្រជាជាតិ បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ថ្ងៃ​ពុធ ថា «​ការ​លោភលន់​ហួសប្រមាណ ជា​រឿង​អសីលធម៌ សម្រាប់​ក្រុមហ៊ុន​ប្រេង និង ឧស្ម័ន​នានា ដើម្បី​បង្កើន​កំណត់ត្រា​ប្រាក់ចំណេញ ពី​វិបត្ដិ​ថាមពល​នេះ ដោយ​កេង​ពី​នៅលើ​ខ្នង​របស់​ប្រជាជន និង សហគមន៍​ក្រីក្រ​បំផុត ដោយ​ការចំណាយ​ប្រាក់​យ៉ាងច្រើន ជុំវិញ​បញ្ហា​អាកាសធាតុ​»​។​

​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក ចំនួន​២ គឺ ក្រុមហ៊ុន​អែ​ក្សុ​ន​ម៉ូ​ប៊ី​ល (Exxon Mobil Corp) និង ឆែវ​រ៉ុ​ន (Chevron Corp) រួមជាមួយ​ក្រុមហ៊ុន​សែ​ល (Shell) មាន​មូលដ្ឋាន នៅ​ចក្រភព​អង់គ្លេស និង ក្រុមហ៊ុន​តូ​តា​ល់​អេ​ណឺ​ជី​s (TotalEnergies) របស់​បារាំង ទាំង​៤​នេះ រកបាន​ប្រាក់ចំណូល ជិត​៥១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ត្រីមាស​ចុងក្រោយ​នេះ​។ ប្រាក់ចំណូល​ទាំងនេះ កើនឡើង ជិត​ទ្វេដង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​


​លោក អេ​ន​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា «​ខ្ញុំ​សូម​ជំ​រុញឱ្យ​រដ្ឋាភិបាល​ទាំងអស់ នៅលើ​ពិភពលោក ត្រូវតែ​យក​ពន្ធលើប្រាក់ចំណេញ​លើស​ទាំងនេះ ហើយ​យកមកប្រើ​ប្រាស់​ជា​មូលនិធិ សម្រាប់​ជួយ​គាំទ្រ​ដល់​ប្រជាជន ងាយ​រងគ្រោះ​បំផុត នៅក្នុង​គ្រា​ដ៏​លំបាក​។ ជាមួយគ្នានេះដែរ ខ្ញុំ​ក៏​សូម​ជំរុញ​ដល់​មនុស្ស នៅ​គ្រប់​ទីកន្លែង ផ្ញើ​សារ​យ៉ាង​ច្បាស់លាស់ ទៅកាន់​ក្រុមហ៊ុន​ឧស្សាហកម្ម​ឥន្ធនៈ​ហ្វូ​ស៊ី​ល និង អ្នកផ្តល់​ហិរញ្ញប្បទាន​របស់​ពួកគេ ថា ការ​លោភលន់​ហួសប្រមាណ​នេះ កំពុង​ដាក់ទណ្ឌកម្ម មកលើ​ប្រជាជន​ក្រីក្រ​បំផុត និង ងាយ​រងគ្រោះ​បំផុត ខណៈ​កំពុងតែ​បំផ្លាញ​ពិភពលោក តែមួយគត់​របស់​យើង​»​។​

​អ្នកនយោបាយ និង អ្នកតស៊ូ​មតិ​អតិថិជន បាន​រិះគន់​ដល់​ក្រុមហ៊ុន​ប្រេង សម្រាប់​ការប្រមូល​ទុន លើ​ការខ្វះខាត​ការផ្គត់ផ្គង់ ជា​សាកល សម្រាប់​ការបង្កើន​ប្រាក់ចំណេញ និង ទាញយក​ផលប្រយោជន៍ ពី​អ្នកប្រើប្រាស់​។ ដោយឡែក ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បាន​ថ្លែង កាលពី​ខែមិថុនា ថា ក្រុមហ៊ុន Exxon និង ក្រុមហ៊ុន​ផ្សេងៗ​ទៀត កំពុងតែ​រកលុយ​ចំណេញ បាន​ច្រើនជាង​មុន ខណៈ​តម្លៃ​ប្រេងឥន្ធនៈ កំពុងតែ​កើនឡើង នៅក្នុង​កំណត់ត្រា​ថ្មី​មួយ​៕​