រដ្ឋាភិបាល​កែសម្រួល​បញ្ចុះតម្លៃ​ពន្ធ​នាំចូល​សម្រាប់​ប្រភេទ​រថយន្ត​មួយចំនួន​

សេដ្ឋកិច្ច
0
898


​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើសុំ​កែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​លើ​ការនាំ​ចូល​ទំនិញ​រថយន្ត ដើម្បី​ស្តារ​ទីផ្សារ និង​គាំទ្រ​ដល់​វិស័យ​ឡូ​ជី​ស្ទិ​ក បន្ទាប់ពី​ចំណូល​ពី​ការ​នាំចូល​រថយន្ត​ធ្លាក់ចុះ ៤០ ភាគរយ​ក្នុង​ឆ្នាំ ២០២០​។​
​តាម​លិខិត​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ផ្ញើជូន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាងថា ចំណូល​ពន្ធគយ​បាន​ពី​អាករ​ពិសេស​នៃ​ការ​នាំចូល​រថយន្ត​នឹង​អាច​បាត់បង់​ប្រមាណ ៣០,២៦ លាន​ដុល្លារ​ក្នុង ១ ឆ្នាំ ប៉ុន្តែ​ក្រសួង​រំពឹងថា​ការប្រែប្រួល​ការបញ្ចុះ​អត្រា​អាករ​ពិសេស​នេះ​អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើនឡើង​លើស​ឆ្នាំ ២០២០ ដែល​នាំទៅដល់​ការកើនឡើង​ចំណូល​ពន្ធគយ​វិញ​។​
​បើតាម​អនុក្រឹត្យ​រដ្ឋាភិបាល ប្រភេទ​រថយន្ត​នីមួយៗ​ដែល​បាន​បញ្ចុះ​អាត្រា​អាករ​ពិសេស រួមមាន រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​១០០០cc ដែល​ដំណើរការ​ដោយ​សាំង​សុទ្ធ ឬ​ប្រភេទ​Hybrid គឺ​បញ្ចុះ​អត្រា​អាករ​ពី​៣០​ភាគរយ មក​ត្រឹម​២០​ភាគរយ ខណៈ​រថយន្ត​គ្រួសារ​ដំណើរការ​ដោយ​ម៉ា​ស៊ូ​ត​សុទ្ធ ទម្លាក់​អត្រាពន្ធ​ពី​៦០​មក​ត្រឹម​៥០​ភាគរយ​វិញ​។ សម្រាប់ រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​១០០០cc​ដល់​២៥០០cc ទាំង​ដំណើរការ​ដោយ​សាំង​សុទ្ធ ម៉ា​ស៊ូ​ត​សុទ្ធ ឬ​ប្រភេទ​Hybrid បាន​ទម្លាក់​អត្រាពន្ធ​ពី​៦០ មក​៥០​ភាគរយ​។

​រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​៣០០០cc ដំណើរការ​ដោយ​សាំង​សុទ្ធ ឬ​ម៉ា​ស៊ូ​ត​សុទ្ធ រដ្ឋាភិបាល​បាន​បញ្ចុះ​អត្រា​អាករ​ពី​៧០​មក​៥៥​ភាគរយ​វិញ ស្រប​ពេលដែល​រថយន្ត​ប្រភេទ Hybrid បាន​បញ្ចុះ​ពី​៦៥​មក​ត្រឹម​៥០​វិញ ផងដែរ​។
​ប្រភេទ​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​អ្នកដំណើរ ដោយ​ថាមពល​អគ្គិសនី​សុទ្ធ​វិញ សម្តេច ហ៊ុន សែន បាន​ទម្លាក់​អត្រា​អាករ​ពិសេស​ពី​៣០​ភាគរយ នៅ​មក​ត្រឹមតែ​១០​ភាគរយ ប៉ុណ្ណោះ​។ ចំពោះ រថយន្ត​ដឹកទំនិញ ប្រភេទ​រថយន្ត​សណ្តោង​សម្រាប់​សឺ​មី​រ៉ឺម៉ក បាន​បញ្ចុះ​អត្រា​អាករ​ពី​៤០​មក​ត្រឹម​២៥​ភាគរយ ៕