ថៃ រំពឹង​នឹង​កើប​លុយ​រាប់ពាន់​លាន​ដុល្លារ ពី​វិស័យ​ទេសចរណ៍ ខណៈ​មហាសេដ្ឋី​រុស្ស៊ី​មក​កម្សាន្ដ​

សេដ្ឋកិច្ច
0
198
រាជធានី​បាងកក​៖ ស្របពេល​ឃើញ​កប៉ាល់​ទេសចរណ៍​ដ៏​ទំនើប​របស់​មហាសេដ្ឋី​លំដាប់​លេខ​២​របស់​រុស្ស៊ី បាន​ដឹក​ក្រុម​អ្នកទេសចរ មានទ្រព្យ​សម្បត្ដិ​ស្ដុកស្ដម្ភ ចូលមក​ដើរ​កម្សាន្ដ​នោះ ធ្វើ​ឲ្យ​ប្រទេស​ថៃ មានសង្ឃឹម នឹង​កើប​ប្រាក់ចំណូល រាប់​ពាល់​លាន​ដុល្លារ​ឡើងវិញ ពី​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​។​

​សារព័ត៌មាន​The Thaiger បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែកក្កដា ថា ការមកដល់​របស់​ម​ហា​សេដ្ឋី​មួយចំនួន ទៅកាន់​កោះ​ទេសចរណ៍ កោះ​សាមុយ និង កោះ​នៅ​ជុំវិញ​នោះ កំពុងតែ​ជំរុញឱ្យមាន​ក្តីសង្ឃឹម​ឡើងវិញ​ថា ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​មើលឃើញ អំពី​កំណើន​អ្នកទេសចរ មានទ្រព្យ​សម្បត្តិ​។ កប៉ាល់​ទេសចរណ៍​ដ៏​ទំនើប​បំផុត​មួយ ប្រភេទ Cloudbreak របស់​មហាសេដ្ឋី​រុស្ស៊ី លោក អា​ឡែ​សាន់​ឌ័​រ អា​ឡែ​សាន់​ដ្រូ​វិច ស្វែត​កូវ (Alexander Alexandrovich Svetakov) កាលពី​ថ្ងៃ​សៅរ៍ បាន​ចូលមក​បោះ​យុថ្កា នៅ​ជិត​កោះ​សាមុយ (Koh Samui) ប្រទេស​ថៃ​។​


​មជ្ឈមណ្ឌល​បញ្ជាការ​អនុវត្ត​ន៍​ដែនសមុទ្រ​ថៃ បាន​ត្រួតពិនិត្យ​កប៉ាល់​ដ៏​ទំនើប មានតម្លៃ ៣,៩ ពាន់​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​ប្រហែល​ជាង ១០៧,៣៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ធានា​សន្ដិសុខ​ដល់​អ្នកទេសច​រទាំង​១៣​នាក់ និង នាវិក​៦​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​គ្រប់​ចំនួន​ដូ​ស ស្របតាម​លក្ខណៈវិនិច្ឆ័យ​របស់​ក្រសួង​សាធារណ​សុខាភិបាល​របស់​ថៃ​។​

​លោក វី​ចា​វុ​ត ជិន​តូ (Wichawut Jinto) អភិបាលខេត្ត​ស៊ូរ៉ាតថានី (Surat Thani) បាន​បញ្ជាក់ថា ការមកដល់​របស់​ម​ហា​សេដ្ឋី​កំពូល​លំដាប់​លេខ​២​របស់​រុស្ស៊ី លោក Svetakov វ័យ​៥៤​ឆ្នាំ រូបនេះ បង្ហាញថា កោះ​ជាច្រើន​របស់​ថៃ រួមមាន កោះ​សាមុយ (Samui) កោះ​តៅ (Tao) និង កោះ​ហ្វា​ង៉ាន​(Pha-ngan) កំពុង​តែមាន​សក្តានុពល នៅក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​។​


​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា «​មុន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​រាតត្បាត ចំនួន​នាវា​ទំនើបៗ មកពី​អឺរ៉ុប និង សិង្ហ​បុរី បាន​ចូលមក​កាន់​កោះ​សាមុយ ជា​រៀងរាល់ឆ្នាំ ចន្លោះ​ពី​៤៨​ដល់​៦៤​គ្រឿង ដោយបាន​នាំ​ភ្ញៀវទេសចរ​តាម​នាវា ជាង​២​សែន​នាក់​»​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់​ផ្សាយ​ថា វិស័យ​ទេសចរណ៍ ជា​ចំណុច​ដ៏​សំខាន់បំផុត​មួយ សម្រាប់​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ដែល​វា​ស្មើនឹង​ប្រហែល ចន្លោះ​ពី​១១​ទៅ​១២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​អាស៊ាន​មួយ​នេះ​។ មុន​ការផ្ទុះ​នូវ​ជំងឺ​រាតត្បាត វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ បានផ្ដល់​នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ថៃ ចំនួន ៤,៥​លាន​កន្លែង​។​

​អាជ្ញាធរ​ទេសចរណ៍​ថៃ ហៅ​កាត់ (TAT) បាន​អះអាងថា មុន​ការផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ ថៃ​ទទួលបាន​ភ្ញៀវទេសចរ ជិត​៤០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០១៩ ហើយ​វា​ជួយ​ឲ្យ​ប្រទេស​អាស៊ាន​មួយ​នេះ ទទួលបាន​ប្រាក់ចំណូល ចំនួន​១,៩១​ពាន់​ពាន់​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​៦១,២៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​